កាលពីថ្ងៃទី16 ខែកុម្ភៈកន្លងទៅ នៅក្នុងទីលានបាល់ទាត់ដែលស្ថិតនៅក្នុងសាលាអនុវិទ្យាល័យកូនត្រីដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងជាអតីតចម្ការមីន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រារព្ធកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី(ម្ចាស់ផ្ទះ) នឹងសិស្សនៃសាលាអនុវិទ្យាល័យទួលពង្រ ក្រោមការឧបត្ថម្ភពីអង្គការ CMC ប្រចាំកម្ពុជា និងសប្បុរសជនជាច្រើនទៀត។
នៅក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុន លោក សូវ៉ាក តំណាងអង្គការ YOUME School 2008 ជាភ្ញៀវកិត្តិយស លោកនាយកសាលាអនុវិទ្យាល័យកូនត្រី លោកនាយកសាលាអនុវិទ្យាល័យទួលពង្រ តំណាងអាជ្ញាធរស្រុកអូជ្រៅ តំណាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ តំណាងក្រុមហ៊ុន MT Sport សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើន។
មុននឹងបើកកម្មវិធីប្រកួត លោក ខេនជិ អូតានី បានថ្លែងថា៖ “សាលាអនុវិទ្យាល័យកូនត្រីនេះ សាងសង់ឡើងនៅឆ្នាំ2008 កាលពីមុនជាតំបន់ដែលដាច់ស្រយាល មានការខ្វះខាត និងជាអតីតចម្ការមីនទៀតផង ហើយជាពិសេសមិនដែលមានរៀបចំកម្មវិធីប្រកួតកីឡាអ្វីឡើយ តែក្រោយមកក្រោមការឧបត្ថម្ភរបស់សប្បុរសជននៃអង្គការ CMC ប្រទេសជប៉ុន តំបន់នេះបានក្លាយជាតំបន់ដែលមានសុវត្ថិភាព និងតែងមានរៀបចំកម្មវិធីមិត្តភាពជាបន្តបន្ទាប់ដើម្បីរឹតចំណងសាមគ្គីភាពរវាងសិស្ស និងសិស្ស” សម្រាប់លទ្ធផលនៃការប្រកួតទាំង 2ប្រកួត រវាងសិស្សប្រុសនៃសាលាទាំង2 និង 1ប្រកួតទៀតរវាងសិស្សស្រីនៃសាលាទាំង2ដែរនោះ ជ័យជម្នះខាងសិស្សប្រុស បានទៅលើក្រុមសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី ខាងផ្នែកសិស្សស្រី ជ័យជម្នះបានទៅលើក្រុមសិស្សមកពីសាលាអនុវិទ្យល័យទួលពង្រ។
គួរជម្រាបដែរថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះ បានទទួលការសហការបង្ហាត់ និងឧបត្ថម្ភបាល់ និងស្បែកជើងដោយតំណាងក្រុមបាល់ទាត់អាជីព អង្គរថាយហ្គឺរ ចំណែកឯសម្លៀកបំពាក់កីឡា ឧបត្ថម្ភដោយក្រុមហ៊ុន MT Sport។
ក្រោយពីការប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ និងក្រុមកីឡាការិនីហើយ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ បានចូលរួមពិសាភោជនាហារសាមគ្គីជុំគ្នាយ៉ាងរីករាយ។
ជាការលាគ្នា លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុនបានថ្លែង លោកមិនដែលភ្លេចសិស្សានុសិស្ស និងប្រជាជននៅទីនេះឡើយ លោកនឹងមករៀបចំកម្មវិធីថ្មីៗទៀត ដូចដែលលោកធ្លាប់បានធ្វើកន្លងមករហូត។
កម្មវិធីនេះបានចប់សព្វគ្រប់នៅវេលាម៉ោង15 និង30នាទី ក្រោមបរិយាកាសរីករាយបំផុត៕