ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃបញ្ចប់នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 អ្នកសារព័ត៌មានទាំង12ប្រទេស បានបន្តដំណើរទស្សនកិច្ចទៅកាន់កន្លែងជិះទូកលេងនៅតាមទន្លេ Kiulu (ថ្នាក់ល្បាក់ទឹកសម្រាប់ជិះទូក Rafting កម្រិតទី1 និងទី2) ដែលមានឈ្មោះថា Riverbug ជាកន្លែងលេងជិះទូកបណ្តែតតាមកម្លាំងទឹកហូរដ៏ល្បីនៅសាបា ប្រទេសម៉ាឡេស៊ី ហើយកីឡាជិះទូកបណ្តែកទឹកនេះ គឺជាកីឡាលេងជាក្រុមដ៏ល្អសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និងកំពុងទទួលការពេញនិយមជាខ្លាំង។
កន្លែងលេងបណ្តែតទូក និងជិះទូកតាមបណ្តោយទន្លេ ដែលមានល្បាប់ទឹកកម្រិតទី1 និងទី2 នៅ Riverbug គឺស័ក្តិសមសម្រាប់អ្នកដែលចាប់ផ្តើមលេងកីឡានេះជាលើកដំបូង ឬអ្នកមកជាលក្ខលៈគ្រួសារ មានក្មេង មានចាស់។ កន្លែងនេះពិតជាល្អសម្រាប់អ្នកស្វែងរកភាពរំភើបចិត្តក្នុងការផ្សងព្រេង ដោយជិះទូកខ្យល់បណ្តែតទឹក បានទាំងគយគន់ទេសភាពផង បានទាំងបញ្ចេញកម្លាំងកម្តៅសាច់ដុំផង ព្រមទាំងបានស្គាល់ និងស្វែងយល់ពីការប្រឈមនឹងឧបសគ្គនានាដែលមាននៅចំពោះមុខផងដែរ។ ការជិះទូក Rafting នៅ Riverbug មានរយៈចម្ងាយរហូតដល់ទៅ15គីឡូម៉ែត្រ ដោយអ៊ុំទូករយៈពេលប្រហែល 1ម៉ោង 30នាទី (ជាពិសេសនៅពេលកម្ពស់ទឹកឡើងខ្ពស់) ដែលកន្លែងនេះបានផ្តល់នូវបទពិសោធជិះទូកខ្យល់លើទឹកថ្លាឆ្វេងដ៏វែងជាងគេនៅទីក្រុងសាបា។ អ្នកអាចមានពេលវេលារីករាយជាមួយនឹងធម្មជាតិ និងបានបន្ធូរអារម្មណ៍របស់អ្នកជាមួយនឹងទេសភាពដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ ដែលអ្នកបានឃើញនៅតាមដងទន្លេ Kiulu។
បន្ទាប់ពីស្រស់ស្រូបអាហារពេលថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាបែបអាហារតាមតំបន់នៅកន្លែងជិះទូក Riverbug រួច អ្នកសារព័ត៌មានទាំងអស់ក៏បានទៅដើរផ្សារសិប្បកម្មធ្វើដោយដៃមួយកន្លែងនៅក្នុងទីក្រុងសាបា ដែលប្រជាជននៅទីនេះឱ្យឈ្មោះថា “ផ្សារជនជាតិហ្វីលីពីន” (Filipinos’ Market / Handicraft Market) ដើម្បីដើរទស្សនា និងទិញរបស់អនុស្សាវរីយ៍ធ្វើដោយដៃរបស់ប្រជាជននៅទីនោះ ផលិតផលនៅទីនេះមានដូចជា ខោអាវ កាបូបស្ពាយ កាបូបយួរ កាបូបកាន់ដៃ គ្រឿងអលង្ការ គ្រឿងធ្វើពីគុជខ្យង និងរបស់អនុស្សាវរីយ៍ជាច្រើនទៀត។
ចំណែកនាពេលល្ងាចក៏មានកម្មវិធីជប់លៀងជូនដំណើរអ្នកសារព័ត៌មានពីតាមបណ្តាប្រទេសផ្សេងៗផងដែរ បន្ទាប់ពីចប់កម្មវិធី Mega Fam ឆ្នាំ2020 ប្រកបដោយភាពជោគជ័យ ពេញដោយភាពសប្បាយរីករាយ និងការចងចាំដ៏ល្អមិនអាចបំភ្លេចបាន ដែលកម្មវិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍នៃប្រទេសម៉ាឡាស៊ី សហការជាមួយនឹង “បាតាដំណើរកម្សាន្តបែបផ្សងពេញ (PATA ADVENTURE TRAVEL)” ដោយមានការចូលរួម និងឡើងថ្លែងសន្ទរកថាបើកកម្មវិធី ដោយលោកជំទាវ YB Datuk Christina Liew ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងបរិស្ថាន ប្រចាំសាបាផងដែរ៕
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសាបា ប្រទេសម៉ាឡាស៊ី រយៈពេល4ថ្ងៃត្រូវបានបញ្ចប់ទៅដោយការចងចាំដ៏ល្អ និងភាពសប្បាយរីករាយក្រៃលែង ក្នុងការមកស្គាល់ពីវប្បធម៌ ភាពរីកចម្រើន និងទីកន្លែងដើរលេងកម្សាន្តបែបផ្សងព្រងនៅតំបន់ដ៏ល្បីឈ្មោះរបស់ប្រទេសម៉ាឡាស៊ី ព្រមទាំងបានដោះដូរចំណេះដឹង និងការប្រាស្រ័យទាក់ទងរវាងអ្នកសារព័ត៌មាននៃប្រទេសផ្សេងៗដែលបានមកចូលរួមនៅក្នុងកម្មវិធី Mega Fam ឆ្នាំ2020 នេះផងដែរ។
អរគុណ! ក្រសួងទេសចរណ៍នៃប្រទេសម៉ាឡេស៊ី (Tourism Malaysia) ដែលបានអញ្ជើញអ្នកសារព័ត៌មានពី La Reine Media ទៅចូលរួមនៅក្នុងកម្មវិធី Mega Fam ជារៀងរាល់ឆ្នាំ៕