ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ ថ្ងៃទី13នេះ ចូលមកដល់កម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 ថ្ងៃទី3ហើយ សម្រាប់កម្មវិធីដែលខាងក្រសួងទេសចរណ៍ប្រទេសម៉ាឡាស៊ី បានរៀបចំសម្រាប់អ្នកសារព័ត៌មានទាំង12ប្រទេសគឺមានជាបន្តបន្ទាប់ និងប្លែកៗជានិច្ច សម្រាប់ថ្ងៃទី3នៃកម្មវិធីនេះ គឺជាកម្មវិធីសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅសាលប៉ាស៊ីហ្វិក នៃសណ្ឋាគារ Pacific Sutera រយៈពេលមួយព្រឹកពេញ ក្រោមអធិបតីភាព ឯកឧត្តម YB Datuk Mohamaddin bin Ketapi រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) ប្រទេសម៉ាឡេស៊ី និងលោកបណ្ឌិត Mario Hardy, នាយកប្រតិបត្តិនៃ PATA ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀតមានដូចជា លោក Raj Gyawali, ស្ថាបនិកក្រុមហ៊ុន Socialtours និងលោកស្រី Natasha Martin អ្នកជំនាញផ្នែកទេសចរបែបផ្សងព្រេង ក្រោមប្រធានបទ “ទេសចរណ៍បែបផ្សងព្រេង”, លោក Irshad Mubarak ម្ចាស់ Junglewalla Tours ក្រោមប្រធានបទ “តើអ្នកណាជាភ្ញៀវទេសចរបែបផ្សងព្រេងរបស់យើង?”, លោកស្រី Jessica Yew សហស្ថាបនិក និងជានាយកក្រុមហ៊ុន Sticky Rice Travel ក្រោមប្រធានបទ “ការបង្កើតដំណើរផ្សងព្រេងដែលមានអត្ថន័យ”, Graham Harper នាយកក្រុមហ៊ុន Sustainability & Social Responsibility, PATA ក្រោមប្រធានបទ “បទពិសោធន៍ជាមួយសត្វដំរី ប្រកបដោយនិរន្តរភាព” និងលោក Paul Pruangkarn នាយកទំនាក់ទំនង និងកិច្ចការខាងក្រៅរបស់PATA ក្រោមប្រធានបទ “សេចក្តីផ្តើមនៃការសម្របសម្រួលគ្នា” ព្រមទាំងវាគ្មិនជាច្រើនទៀត។
បន្ទាប់មកនៅពេលថ្ងៃ ក្រុមអ្នកសារព័ត៌មានទាំងអស់ក៏ត្រូវបាននាំទៅទស្សនានៅភូមិវប្បធម៌ ដែលមានឈ្មោះថា Mari Mari មានន័យថា “មក មក!”។ នៅក្នុងភូមិវប្បធម៌ Mari Mari អ្នកនឹងត្រូវបានគេណែនាំឱ្យស្គាល់ផ្ទះប្រពៃណីផ្សេងៗរបស់សហគមន៍ជនជាតិដើមសាបាហាន គឺមានចំនួន5ផ្ទះខុសៗគ្នា មានផ្ទះ Bajau, ផ្ទះLundayeh, ផ្ទះ Murut, ផ្ទះ Rungus និងផ្ទះ Dusun ដែលត្រូវបានសាងសង់ឡើងដោយកូនចៅនៃកុលសម្ពន្ធទាំង5នេះ។ ដើម្បីទទួលបានបទពិសោធនៃវប្បធម៌រស់នៅរបស់ជនជាតិដើមទាំង5 គឺត្រូវពិនិត្យមើលផ្ទះរបស់ពួកគេនៅក្នុងភូមិ ដែលពួកគេមានទម្លាប់រស់នៅប្រចាំថ្ងៃបែបជនជាតិដើមសាបាហាន មានលក្ខណៈធម្មតា និងស្និតស្នាលជាមួយនឹងធម្មជាតិ។ ការផ្លុំបាញ់ដោយប្រើឫស្សី ដើម្បីបរបាញ់សត្វ ការបង្កាត់ឱ្យភ្លើងឆេះបែបធម្មជាតិ ដោយប្រើដើមឫស្សី ការធ្វើរូបសាក់ និងស្វែងយល់ពីភាពអាថ៌កំបាំងរបស់ពួកគេ។ អ្នកទស្សនាក៏អាចមានឱកាស ដើម្បីរៀនធ្វើម្ហូបបែបប្រពៃណីរបស់ Sabahan ពីក្រុមជនជាតិនីមួយៗផងដែរ។
ដំណើរទស្សនកិច្ចទៅកាន់ភូមិវប្បធម៌ម៉ារី ម៉ារី បានក្លាយជាដំណើរកម្សាន្តស្វែងយល់ពីវប្បធម៌ថ្មីៗពេញមួយជីវិត! សូមមើល ភ្លក់ និងទទួលយកអារម្មណ៍ពីជីវិតអ្នកភូមិរបស់សាបា ម៉ារីម៉ារី! មកមក ទៅភូមិវប្បធម៌ម៉ារី ម៉ារី ទាំងអស់គ្នា!
ចំណែកនៅពេលល្ងាច អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ក៏ទទួលបាននូវកិត្តិយសយ៉ាងធំធេងក្នុងការទទួលទានអាហារពេលល្ងាចជួបជុំគ្នាជាមួយថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) របស់ប្រទេសម៉ាឡេស៊ី ថ្នាក់ដឹកនាំរបស់ PATA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ នៅឯសណ្ឋាគារ Marriot, Kota Kinabalu៕