ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ ចូលមកដល់កម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 នាថ្ងៃទី2នេះ គឺមានកម្មវិធីដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់ឧទ្យាន TAGAL Tinopikon និងទៅព្រៃកោងកាង Klias Wildlife Safari River ដើម្បីជិះទូកមើលសត្វស្វាច្រមុះធំ (Proboscis Monkey) និងទៅមើលសត្វអំពិលអំពែកនាពេលរាត្រី។
ឧទ្យាន TAGAL Tinopikon គឺជាភូមិជនជាតិមួយកន្លែង ដែលស្ថិតនៅតំបន់ Kg. Notoruss, Penampang នៃទីក្រុងសាបា។ នៅទីនោះ អ្នកអាចទទួលបាននូវបទពិសោធនៃជីវិតអ្នកភូមិធម្មជាតិពិតៗ មានភាពស្ងប់ស្ងាត់ មានខ្យល់អាកាសល្អបរិសុទ្ធ និងបាននៅជិតស្និតជាមួយនឹងធម្មជាតិ។ ចំណុចសំខាន់នៃកន្លែងនេះគឺ Tagal ដែលមានន័យថា “មិនមានតំបន់នេសាទ” ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន ហើយការនេសាទនៅជុំវិញតំបន់នេះគឺត្រូវបានហាមឃាត់ជាដាច់ខាត។ នៅទីនេះមានត្រី Pelian ដែលមានភាពរាក់ទាក់ស្វាគមន៍អ្នកទេសចរគ្រប់រូប ដោយអ្នកអាចដាក់ជើងឱ្យវាចឹកខាំសម្អាតជើង ឬថតរូប និងដាក់ចំណីឱ្យពួកវាយ៉ាងសប្បាយរីករាយ ហើយសូមប្រាប់ថា ត្រីនៅក្នុងទឹកអូមួយនេះគឺមានច្រើនមែនទែន និងធំៗថែមទៀតផង ព្រោះនៅទីនេះពួកវាត្រូវបានគេការពារបានយ៉ាងល្អ ហើយក្នុងមួយឆ្នាំអ្នកភូមិអាចធ្វើការនេសាទត្រីបានតែម្តងប៉ុណ្ណោះ ដោយគោរពទៅតាមទំនៀមទម្លាប់របស់អ្នកភូមិនៅទីនេះ។ នៅ ឧទ្យាន TAGAL Tinopikon អ្នកក៏អាចរីករាយជាមួយនឹងអាហារក្នុងស្រុក ដែលរៀបចំដោយសហគមន៍មូលដ្ឋាន និងបន្តដំណើរឆ្ពោះទៅកាន់ទឹកជ្រោះនៅលើភ្នំ និងស្វែងយល់ពីការរស់នៅ និងការដាំដុះរបស់អ្នកភូមិនៅទីនោះ។
ព្រៃកោងកាង Klias Wildlife Safari River គឺភ្ញៀវទេសចរទាំងអស់តែងតែទៅទីនោះដើម្បីជិះទូកមើលសត្វស្វាច្រមុះធំ (Proboscis Monkey) មើលពីជីវិតបែបអ្នកនេសាទ មើលព្រៃកោងកាង និងព្រៃលិចទឹក ព្រមទាំងស្តាប់សត្វចាប់ សត្វបក្សាបក្សីច្រៀងលេងឭរំពងព្រៃយ៉ាងពីរោះរណ្តំ ហើយនៅពេលរាត្រីចូលមកដល់អ្នកក៏ជិះទូកទៅមើលសត្វអំពិលអំពែកភ្លឺភ្លេតប្រៀបដូចជាហ្វូងផ្កាយដ៏ច្រើនឥតគណនានៅតាមដើមកោងកាង និងតាមដើមឈើនានាផងដែរ។ ព្រៃកោងកាង Klias Wildlife Safari River មានចម្ងាយប្រមាណ112គីឡូម៉ែត្រពីទីក្រុងកូតា គីណាបាលូ (Kota Kinabalu)។ នៅទីនោះទទួលបានការពេញនិយមក្នុងការជិះទូកលើផ្ទៃទឹកទន្លេ Klias ដើម្បីស្វែងរកសត្វស្វា Proboscis ដែលជាសត្វស្វាកន្ទុយវែង និងមានច្រមុះធំ ជាប្រភេទសត្វដ៏កម្រ និងទៅមើលសត្វព្រៃដទៃទៀតនៅតាមបណ្តោយច្រាំងទន្លេ។ សូមដាក់កាមេរ៉ា និងកែវយឹតរបស់អ្នកនៅជាប់ខ្លួនជានិច្ច ដើម្បីជិះទូកមើលទេសភាពដ៏ស្រស់ត្រកាលទាំងនៅពេលថ្ងៃបាក់រសៀល រហូតដល់ថ្ងៃអស្តង្គត់ និងនាពេលរាត្រី។
នៅទីក្រុងសាបា ប្រទេសម៉ាឡេស៊ី គឺពិតជាទីកន្លែងដ៏ល្អបំផុតសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងមែន គ្រប់ទីកន្លែងគឺមានភាពទាក់ទាញ និងពោរពេញដោយធម្មជាតិដ៏ស្រស់ស្អាត គួរជាទីពេញចិត្តតែម្តង៕