ការអភិវឌ្ឍទីក្រុងរណបសំខាន់ចំនួន6 នៅរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យសាងសង់នាពេលកន្លងមក ត្រូវបានអ្នកវិនិយោគវិស័យអចលនទ្រព្យកត់សម្គាល់ថា នឹងក្លាយជាទីក្រុងរណបបែបវៃឆ្លាតនាពេលអនាគត ដោយទីតាំងនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវនឹងទទួលបានការលេចមុខមាត់ខ្លាំងជាងគេក្នុងគម្រោងដែលបានចាប់ផ្តើមមានសកម្មភាពនាពេលថ្មីៗនេះ របស់ OCIC ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនCPL ក្នុងការលក់អគារ The Legacy ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ខេមបូឌា បានមានប្រសាសន៍ឱ្យដឹងថា៖«គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលនេះ មានសកម្មភាពវិនិយោគក៏ល្អ ដំណើរការទិញ-លក់ក៏ល្អ ដែលផ្តោតលើតម្រូវការអតិថិជនខុសៗគ្នា។ ប៉ុន្តែគម្រោង The Legacy បានលេចចេញជារូបរាងឡើងហើយ និងសាងសង់បានរួចរាល់ប្រមាណ 90% នៅលើទឹកដីទីក្រុងរណបជ្រោយចង្វារ ហើយគ្រោងនឹងបញ្ចប់នៅខែមេសាខាងមុខ»។
នៅក្នុងដំណើរទស្សនកិច្ចនាំអតិថិជនទៅកាន់អគារ The Legacy ដើម្បីមើលអំពីដំណើរការនៃការសាងសង់អគារនេះកាលពីថ្ងៃទី9-2-2020 រួមមានPartner លោក លោកស្រី លោកឧកញ៉ា លោកជំទាវ និងអតិថិជនជាច្រើននាក់ បានចូលរួមពិនិត្យអគារកម្ពស់ 21ជាន់នេះ និងបានស្វែងយល់ពីអគារដំបូងរបស់ OCIC ក្នុងតំបន់នេះដែលនឹងមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត រួមទាំងការស្ថិតនៅក្នុងទីតាំងល្អ និងក្នុងតំបន់ដែលមានអាកាសធាតុល្អបរិសុទ្ធ ដោយមានទន្លេ មេគង្គ និងទន្លេបាសាក់ អមសងខាង ធ្វើឱ្យបរិយាកាសជុំវិញមានផាសុកភាព។
លោកឧកញ៉ា ចេង ខេង បានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោងអគារ The Legacyនេះ ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CPL ឱ្យធ្វើការលក់ផ្តាច់មុខ ហើយលោកឧកញ៉ាបានប្តេជ្ញាថា នឹងធ្វើឱ្យគម្រោងនេះជោគជ័យនៅក្នុងរយៈពេលខ្លី ដោយសារតែវាស្ថិតនៅក្នុងប្លង់ទីក្រុងរណបជ្រោយចង្វារ ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ដូច្នេះ លោកជឿជាក់ថា មិនដល់ 3ខែទេ ក្រុមហ៊ុនអចលនទ្រព្យ CPL របស់លោក អាចនឹងលក់ដាច់ចំនួន 11ជាន់នៃអគារកម្ពស់ 21ជាន់នេះ ជាមិនខាន»។
លោកឧកញ៉ាបានបន្តថា៖«ហេតុដែលខ្ញុំមានការជឿជាក់ខ្លាំង ចំពោះការលក់អគារ The Legacy យ៉ាងដូច្នេះ គឺព្រោះតែទីតាំងនៃអគារនេះល្អ ដែលអំណោយផលដល់ការរស់នៅ និងធ្វើអាជីវកម្មខ្លាំងណាស់ ហើយខ្ញុំក៏ចង់ឱ្យលោកអ្នកមករស់នៅក្នុងអគារដែលមានការចាប់អារម្មណ៍លំដាប់ស្តង់ដាពិភពលោកនេះដែរ ដោយសារតែអគារនេះមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត ជាការសម្រិតសម្រាំងរបស់ក្រុមហ៊ុន OCIC និងមានអ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលចូលរួមផ្តល់គម្រោងនៃការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អគារទាំងមូលផងដែរ»។
លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ថា អគារពាណិជ្ជកម្ម The Legacy មានលក្ខណៈល្អច្រើនសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដំបូង ដែលវាមិនខុសពីអគារពាណិជ្ជកម្មដទៃទៀតទេ ដែលរួមមានការគ្រប់គ្រងអចលនវត្ថុ សេវាកម្មកក់សំបុត្រផ្សេងៗ សេវាកម្មបដិសណ្ឋារកិច្ច សេវាកម្មរដ្ឋបាល សេវាកម្មរត់ការផ្ទេរសិទ្ធិ និងបង់ពន្ធអចលនវត្ថុ សេវាកម្មបោះពុម្ព រួមនឹងការផ្សាភ្ជាប់ទំនាក់ទំនងអ្នកជំនាញលើវិស័យផ្សេងៗ ដូចជាជំនាញផ្នែកបច្ចេកវិទ្យា លើវិស័យកសិកម្ម អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាដើម ដែលអាចផ្តល់ប្រឹក្សា ដើម្បីជួយដល់អាជីវកម្មអាចឱ្យដំណើរការទៅបាន។
សូមបញ្ជាក់ដែរថា ដោយមានចក្ខុវិស័យច្បាស់លាស់ក្រុមហ៊ុន CPLបានកំណត់គោលដៅ ជាក់លាក់មួយថា សម្រាប់ជាន់ទី19 នៃអគារពាណិជ្ជកម្ម The Legacy នៅពេលសាងសង់រួចរាល់ 100% នៅខែមេសា ឆ្នាំ2020 ខាងមុខនេះ ក្នុងនាមជាអគារខ្ពស់ដែលបានសាងសង់រួចរាល់មុនគេលើទឹកដីក្រុងរណបជ្រោយចង្វារ និងទុកសម្រាប់ធ្វើជាការិយាល័យពាណិជ្ជកម្មអ៊ីស្រាអែល-កម្ពុជាក្នុងកិច្ចការពាណិជ្ជកម្ម៕