ជីវិតជានិស្សិតសាកលវិទ្យាល័យ ក្នុងថ្នាក់ឧត្តមសិក្សា រមែងតែងតែជួបបញ្ហាជាច្រើន ដែលត្រូវឆ្លងកាត់។ ក្រោយពីការធ្វើការសិក្សាលើមុខជំនាញ ដែលខ្លួនបានសម្រេចជ្រើសរើសយ៉ាងលំបាករួចមក និស្សិតម្នាក់ៗនៅត្រូវឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើនទៀតក្នុងឆ្នាំសិក្សានីមួយៗ ដែលសុទ្ធសឹងតែអាចជារនាំងបញ្ហាដ៏ធំសម្រាប់យុវនិស្សិត។ បញ្ហាទាំងនោះ អាចជា (1) ផែនការនៃការរៀបចំការសិក្សាតាមឆ្នាំនីមួយៗ (2) បញ្ហាដែលខ្លួននឹងជួបប្រទះក្នុងឆាកជីវិតជានិស្សិត (3) ការស្វែងរកទេព្យកោសល្យដើម្បីបំផុសសក្តានុពលរបស់ខ្លួន ឬ(4) ការបង្កើតទំនាក់ទំនងដើម្បីផែនការអនាគតដ៍គាប់ប្រសើររបស់ខ្លួន។
វិមិកហ្ស នឹងធ្វើការរៀបចំវេទិកាសាធារណៈមួយស្តីអំពី «បេសកកម្មនិស្សិតសាកលវិទ្យាល័យ» ក្នុងគោលបំណងចែករំលែក និងជួយដោះស្រាយបញ្ហានានារបស់យុវជន ជាពិសេសយុវនិស្សិតទូទាំងរាជធានីភ្នំពេញ។ នេះជាប្រធានបទសំខាន់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញឲ្យនិស្សិតទទួលបាននូវទស្សនៈ និងគោលគំនិតសំខាន់ៗ ដើម្បីជាមាគ៌ាតម្រង់ខ្លួនយើងឆ្ពោះទៅរកភាពជោគជ័យ ពោរពេញ ដោយគោលការណ៍ ផែនការជាក់លាក់ មុតមាំ និងក្តីសង្ឃឹមខ្ពស់។ ជាមួយគ្នានេះ ចង់បង្ហាញពីការចាប់ យកមុខវិជ្ជាសិក្សា ដែលស្របនឹងទេពកោលសល្យពិតរបស់ខ្លួន ការបំពេញការងារដែលស្របនឹងជំនាញ ត្រូវទៅតាមផែនការរបស់ជីវិត ក៍ដូចជាការបំបែងរនាំងបញ្ហាក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ។
កម្មវិធីនេះនឹងប្រារព្ធទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃទី16 ខែកក្កដា ឆ្នាំ2017 ចាប់ពីម៉ោង 7:30នាទីព្រឹក ដល់ម៉ោង 12:00ថ្ងៃត្រង់។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 093 422 862 / 092 41 31 55