ក្រុមអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាចំនួន6ស្ថាប័ន កាលពីថ្ងៃទី10-13 ខែកក្កដា ឆ្នាំ2017 កន្លងទៅត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងដំណើរកម្សាន្តជាផ្លូវការមួយដែលរៀបចំឡើងដោយអាជ្ញាធរនៃទីក្រុងកៅហ្សុង (Kaohsiung) និងស្រុកកិនទីង (Kenting) របស់កោះតៃវ៉ាន់។
នៅក្នុងដំណើរទេសចរណ៍នេះមានការចូលរួមសហការយ៉ាងពេញទំហឹងពីសំណាក់សមាគមទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងរមណីយដ្ឋានល្បីៗនៅក្នុងទីក្រុងកៅហ្សុង និងស្រុកកិនទីងផងដែរ។
85 Sky Tower ដែលជាសណ្ឋាគារខ្ពស់បំផុតលំដាប់ទី2 នៅលើកោះតៃវ៉ាន់ និងសណ្ឋាគារ Amenda ដែលជាសណ្ឋាគារដ៏ទំនើបបែបប្រទេសអារ៉ាប់ បានទទួលការស្វាគមន៍ និងទទួលរាក់ទាក់អ្នកសារព័ត៌មានកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុត។ រយៈពេល4ថ្ងៃ3យប់នៃដំណើរកម្សាន្តនេះ អ្នកសារព័ត៌មានពីស្ថាប័ន ឡារ៉ែន មេឌារ (កាសែត ទស្សនាវដ្តី និងអនឡាញ ឡារ៉ែន) ទូរទស្សន៍ហង្សមាស កាសែតភ្នំពេញប៉ុស្តិ៍ កាសែតកោះសន្តិភាព ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ9 ព្រមទាំងស្ថាប័នព័ត៌មានដើមអម្ពិល បានទៅទស្សនា និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅលើទឹកដីនៃកោះតៃវ៉ាន់ ក្នុងទីក្រុងកៅហ្សុង និងស្រុកកិនទីងជាច្រើនកន្លែងដូចជា ឃ្លាំងផ្ទុកទំនិញសម័យមុនសង្គ្រាមលោកលើកទី2 ដែលបានកែច្នៃមកជាឃ្លាំងប្រមូលផ្តុំដោយសិល្បៈចម្រុះ និងកំពង់ផែនៃទីក្រុងកៅហ្សុង (Art Center & Kao Port) សាលាបង្រៀនវៃស្គរធំ (Ten Drums of the Culture of the Park) ដែលជាប់ពាន់រង្វាន់ពិភពលោក ជិះទូកលេងមើលទេសភាពនៅក្នុងទន្លេនៃក្តីស្រឡាញ់ (Love River) ប៉មពណ៌សនៃប្រវត្តិសាស្ត្រក្នុងស្រុកកិនទីង និងថ្មផុសដ៏ស្រស់ស្អាតពីសមុទ្រប៉ាស៊ីហ្វិក (Goose Lute Nose Lighthouse & Sail Stone) សារមន្ទីរជាតិជីវវិទ្យាសមុទ្រ និងអាងចិញ្ចឹមត្រីដ៏ធំ Water of The World (National Museum of Marine Biology & Aquarium) ដែលមានត្រីសមុទ្រគ្រប់ប្រភេទ និងការទស្សនាបាតសមុទ្រដ៏ស្រស់ស្អាតតាមផ្លូវកញ្ចក់ ព្រះវិហារព្រះពុទ្ធដ៏ធំសម្បើម (Buddha Memorial Center) ស្រះឈូក ឬប្រាសាទភ្លោះ និងការទស្សនាចម្ការម្នាស់ និងរោងចក្រផលិតនំម្នាស់ដ៏ធំ និងល្បីជាងគេនៅក្នុងទីក្រុងកៅហ្សុង និងស្រុកកិនទីង (Pineapple Cake)។
ទីក្រុងកៅហ្សុង និងស្រុកកិនទីង ពិតជាសម្បូរតំបន់ទេសចរណ៍បែបធម្មជាតិ និងបែបកែច្នៃដ៏ទាក់ទាញជាច្រើន ព្រមជាមួយនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅកោះតៃវ៉ាន់ក៏ល្អថែមទៀតនោះគឺពិតទីកន្លែងទេសចរណ៍ដ៏ល្អ និងគួរឱ្យចង់ទៅទស្សនាខ្លាំងណាស់ ចំណែកឯប្រជាជនតៃវ៉ាន់ក៏មានភាពរួសរាយរាក់ទាក់ ចេះជួយគ្នាគួរឱ្យស្រឡាញ់រាប់អានថែមទៀតផង។
នៅក្នុងដំណើរទេសចរណ៍ជាផ្លូវការរបស់អ្នកសារព័ត៌មានកម្ពុជាត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់លោកស្រី Tseng Tzu-Wen ប្រធានការិយាល័យទេសចរណ៍នៃទីក្រុងកៅហ្សុង ព្រមទាំងអាជ្ញាធរនៃទីក្រុងកៅហ្សុង និងស្រុកកិនទីង ផងដែរ។
សូមបញ្ជាក់ផងដែរថា ដំណើរកម្សាន្តរយៈពេល4ថ្ងៃ3យប់នេះ ដឹកនាំដោយក្រុមហ៊ុនទេសចរណ៍ Xing Fuwah Travel សហការដោយក្រុមហ៊ុនទេសចរណ៍ Sky King និងក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ីនធីណេសិនណល អ៊ែរឡាញ ដែលបានសម្ពោធបើកជើងហោះហើរដោយផ្ទាល់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងកៅហ្សុង ប្រទេសតៃវ៉ាន់ និងពីទីក្រុងកៅហ្សុង មកកាន់រាជធានីភ្នំពេញ៕