គំនូរតាំងពិព័រណ៍របស់សិល្បករដែលមានទេពកោសល្យខ្ពស់ គឺលោក Morrison POLKINGHORNE នឹងត្រូវដាក់បង្ហាញជូននៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីខែកុម្ភៈដល់ខែមេសាឆ្នាំ ២០២០ ដែលជាទម្រង់សិល្បៈគំនូរមួយប្លែក គូរឡើងពីសរសៃសូត្រឈូក។
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកការតាំងពិព័រណ៍ថ្មីមួយទៀតក្រោមចំណងជើងថា «Khmer Impressions» ដោយវិចិត្រករជនជាតិអូស្ត្រាលីរូបនេះ ដែលលោកសព្វថ្ងៃកំពុងស្នាក់នៅខេត្តបាត់ដំបង។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរយៈពេល ៣ ខែ ចាប់ផ្តើមពីខែកុម្ភៈដល់ខែមេសា ២០២០ នៅក្នុងវិចិត្រសាលសណ្ឋាគារ។
លោក Morrison POLKINGHORNE វិចិត្រករជនជាតិអូស្ត្រាលីមានទេពកោសល្យសិល្បៈប្លែកដោយលោកយកដើមឈូកជាជក់ ហើយចុចម្តងមួយៗទៅលើផ្ទាំងគំនូរ និង ប្រើប្រាស់ជ័រឈូកជាថ្នាំ។ សិល្បៈគំនូរប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា Monochrome ដែលជាប្រភេទសិល្បៈដ៏កំរមួយ មានដើមកំណើតយូយារណាស់មកហើយនៅ នៅប្រទេសចិន និង ជប៉ុន។
ដោយផ្កាឈូកជានិមិត្តរូបនៃភាពស្រស់ស្អាត និង ភាពបរិសុទ្ធ ផ្កាឈូកត្រូវបានគេបូជាថ្វាយព្រះក្នុងព្រះពុទ្ធសាសនា។ ដោយក្តីស្រឡាញ់ផ្កាឈូកខ្លាំងលោក Morrison បានរៀបរាប់ដូចខាងក្រោមនេះថា៖ «ដោយមានការរជំរុញទឹកចិត្តពីធម្មជាតិដ៏ស្រស់បំព្រងនៃផ្កាឈូក ខ្ញុំបានយកដើមឈូកធ្វើជាជក់ ចំណែកឯផ្កា ខ្ញុំយកធ្វើជាពណ៌។ ស្រដៀងគ្នាដែរនឹង ការប្រើប្រាស់ជក់ និង ទឺកថ្នាំខ្មៅដែលជាសិល្បៈរបស់ជនជាតិចិនបុរាណ ការគូសវាសមួយៗតម្រូវឱ្យមានការផ្ចិតផ្ចង់ និង ស្អាត ដោយការប្រើពណ៌ស្រាល ឬ ធ្ងន់ ត្រូវធ្វើទៅតាមរូបភាពនិមួយៗ ផ្សេងៗគ្នា។ ស្នាដៃនេះឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជាជាច្រើន ដូចជាប្រព័ន្ធផ្លូវទឹកដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ សសរនៃប្រាសាទអង្គរវត្តតំណាងឱ្យសម្បត្តិវប្បធម៌ និង ទេសភាពនៃជួរភ្នំ ដែលបង្ហាញអំពីទេសភាពដ៏ស្រស់បំព្រង»។
សូមជម្រាបថា គ្រប់ផ្ទាំងគំនូរទាំងអស់របស់លោក Morrison POLKINGHORNE សុទ្ធតែបានចុះហត្ថលេខាផ្ទាល់ពីលោក ដោយអមជាមួយនឹងចំនួនចុចៗនៃដើមឈូកដែលបានផ្តិតនៅលើផ្ទាំងគំនូរទាំងនោះផងដែរ។ សរុបមកដល់ពេលនេះ លោកបានផ្តិលស្នាមដើមឈូកនោះរហូតដល់ 132,383 រួចមកហើយ។ ប្លែកនិងពិសេសសម្រាប់ការតាំងពិព័រណ៍លោកនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោក Morrison បានបង្កើតស៊ុមដែកស្រោបលើបន្ទះក្តារ ដោយធ្វើឡើងដោយលោក សូត្រ រតនា៕