មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ ក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិបានរៀបចំពិធីជប់លៀងជូនបុគ្គលិករបស់ខ្លួន ដោយមានតុបតែងរោងពិធីតាមរបៀបប្រពៃណីខ្មែរបុរាណពិតៗ ដើម្បីជាការថ្លែងអំណរគុណដល់ពួកគេដែលបានខិតខំបំពេញការងារជូនក្រុមហ៊ុនកន្លងមក។
លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិ មានប្រសាសន៍ថា នេះជាលើកទី13 ហើយដែលក្រុមហ៊ុនបានប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ដើម្បីឱ្យពួកគាត់បានទទួលទានអាហារសាមគ្គី សប្បាយរីករាយជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មីចូលមកដល់។
លោកប្រាប់ថា នេះមិនមែនជាការលើកទឹកចិត្តបុគ្គលិកនោះទេ ដោយក្រុមហ៊ុនបានផ្តល់ប្រាក់លើកទឹកចិត្ត និងផ្តល់រង្វាន់ការងារទៅតាមផ្នែកនីមួយៗរួចហើយ ការរៀបចំពិធីជប់លៀងនេះគឺគ្រាន់តែឱ្យពួកគេបានជួបជុំគ្នា ទទួលទានអាហារសាមគ្គីជាមួយគ្នា រាំច្រៀងលេងសប្បាយជាមួយគ្នា និងចាប់រង្វាន់យកកាដូរអនុស្សាវរីយជាមួយគ្នាប៉ុណ្ណោះ។
គួរបញ្ជាក់ថាក្នុងចំណោមបុគ្គលិកចំនួន180នាក់ ក្រុមហ៊ុនបានផ្តល់រង្វាន់គ្រប់ៗគ្នាមិនខ្វះម្នាក់នោះឡើយ គ្រាន់តែរង្វាន់តិច ឬច្រើនប៉ុណ្ណោះ៕