Skip to content

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ “សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជយលាភី និងសូមឈប់បញ្ជាទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោកអ្នកទៀតទៅ”

រាជធានីភ្នំពេញ ថ្ងៃទី30 ខែមករា ឆ្នាំ2020 – ឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការមិនមែនរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមនាំគ្នាគាំទ្រគោរពច្បាប់ ហើយឈប់បរិភោគសាច់សត្វព្រៃ។

មេរោគវីរុសកូរ៉ូណានេះត្រូវបានគេតាមដានរកឃើញប្រភពចេញពីការបរិភោគសាច់សត្វព្រៃ និងត្រូវបានគេជឿជាក់ច្បាស់ថា ពិតជាមានប្រភពចេញពីផ្សារលក់សាច់សត្វព្រៃស្រស់ នៅទីក្រុងវូហាន ប្រទេសចិនមែន។ វីរុសនេះបានឆ្លងទៅមនុស្សជាង 7,700នាក់ ក្នុង 18ប្រទេស ទូទាំងពិភពលោក ហើយឥឡូវបានឆ្លងមកដល់ប្រទេសកម្ពុជាហើយ​នៅ​សប្តាហ៍នេះ។

ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងកាន់បំណែកសាច់សត្វព្រៃដែលរឹបអូសបានក្នុងពេលចុះបង្ក្រាប នៅភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង ក្នុងខែនេះ។

ការបរិភោគសាច់សត្វព្រៃ ត្រូវបានគេកំណត់អត្ដសញ្ញាណបានថា ជាមូលហេតុនៃការឆ្លងមេរោគវីរុសកូរ៉ូណា ហើយការបរិភោគសាច់សត្វព្រៃ ក៏ជាដើមហេតុនៃជំងឺសារស៍(SARS) និងជំងឺអ៊ីបូឡា (Ebola) ដ៏កាចសាហាវផងដែរ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាឈប់បរិភោគ និងឈប់ជួញដូរសត្វព្រៃ។ ទោះជាសត្វព្រៃនោះស្លាប់ ឬរស់ក៏ដោយ សត្វព្រៃអាចបង្កើនជាហានិភ័យនៃការឆ្លងជំងឺថ្មីៗបាន។

ដើម្បីជាប្រយោជន៍នៃសុខភាពសាធារណៈ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមអំពាវនាវដល់អ្នកនិយមបរិភោគសាច់សត្វព្រៃកម្ពុជាលំដាប់ខ្ពស់ “សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជយលាភី និងសូមឈប់បញ្ជាទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោកអ្នកទៀតទៅ។ សូមកុំឈប់បរិភោគតែសាច់ជ្រូកព្រៃ និងសាច់ក្តាន់ ប៉ុន្តែសូមឈប់បរិភោគសាច់សត្វពង្រូលផងដែរ។ គ្រប់ប្រភេទសាច់សត្វព្រៃទាំងអស់នេះ គឺជាសញ្ញាភ្លើងក្រហម ដែលជាសញ្ញាគ្រោះថ្នាក់មួយ ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ដរាបណាការជួញដូរសត្វព្រៃនៅកម្ពុជានៅតែបន្ត ហានិភ័យចំពោះសុខភាពប្រជាជនកម្ពុជានៅតែមានបន្តដូចគ្នា”។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ជាក្រុមប៉ូលិសសត្វព្រៃ ដែលតែងតែចុះត្រួតពិនិត្យគ្រប់ហាង និងភោជនីយដ្ឋាននានា ព្រមទាំងធ្វើការឃាត់ខ្លួនអ្នករត់ពន្ធជួញដូរសត្វព្រៃទៅប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ត្រូវបានគេទទួលស្គាល់ថា ជាអង្គភាពអនុវត្តច្បាប់សត្វព្រៃដ៏ល្អជាងគេបំផុតនៅអាស៊ី។

តាំងពីឆ្នាំ2001 មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសង្គ្រោះសត្វព្រៃរស់បានជាង 72,000ក្បាលពីការជួញដូរខុសច្បាប់ក្នុងប្រទេសកម្ពុជា សត្វនីមួយៗដែលត្រូវបានសង្គ្រោះ គឺជាការបញ្ចៀសហានិភ័យមួយនៃការឆ្លងជំងឺមកមនុស្ស។

កន្ធាយអាស៊ីដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ 1ក្បាលនេះ ត្រូវបានក្រុមសង្គ្រោះសត្វព្រៃបន្ទាន់រឹបអូស នៅភោជនីយដ្ឋានមួយ ។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត បានថ្លែងឱ្យដឹងថា ការពង្រឹងអនុវត្តច្បាប់តែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ក្នុងការកាត់បន្ថយការជួញដូរសត្វព្រៃខុសច្បាប់ឱ្យបានច្រើននៅប្រទេសកម្ពុជា។ “តម្រូវការរបស់អ្នកបរិភោគសាច់សត្វព្រៃចាំបាច់ត្រូវតែបញ្ឈប់។ ប្រសិនបើយើងអាចកាត់បន្ថយតម្រូវការបាន នោះយើងក៏អាចកាត់បន្ថយការផ្គត់ផ្គង់បានដែរ។ ការកាត់បន្ថយតម្រូវការ គឺមានន័យថា ជាការកាត់បន្ថយហានិភ័យចំពោះសុខភាពសាធារណៈ”។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានទំនុកចិត្តទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្ដរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលបានរីករាលដាលនៅកម្ពុជា ដើម្បីធានាបាននូវការការពារបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ប្រសិនបើលោកអ្នកបានឃើញសត្វព្រៃដែលកំពុងជាប់នៅក្នុងទ្រុង ឬបាវ ឬក៏លោកអ្នកបានដឹងពីការដឹកជញ្ជូនរត់ពន្ធសត្វព្រៃខុសច្បាប់ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 012 500 094 ឬតាមរយៈទំព័រហ្វេសប៊ុក (https://www.facebook.com/WCHCambodia/) ។

អំពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានបង្កើតឡើងដោយកញ្ញ ស៊ូវណ្ណា ហ្គោនឡែត ដើម្បីផ្តល់ការការពារដោយផ្ទាល់ដល់ព្រៃឈើ និងសត្វព្រៃតាមរយៈកម្មវិធីអភិរក្សឈានមុខមួយចំនួន។ សម្ព័ន្ធមិត្តសត្វព្រៃក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយត្រិះរិះពិចារណាជូនរដ្ឋាភិបាល ព្រមទាំងខិតខំបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធក្នុងការសម្រេចបាននូវដំណោះស្រាយចំពោះការគំរាមគំហែងនានាដល់បរិស្ថាន មានដូចជា ការជួញដូររត់ពន្ធសត្វព្រៃ សម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការដំណាំកសិ-ឧស្សាហកម្ម និងរ៉ែ ព្រមទាំងការរំលោភលើដីព្រៃសហគមន៍។ អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ គឺជាស្ថានប័នឈានមុខក្នុងការអនុវត្តសកម្មភាពដោយផ្ទាល់ក្នុងខ្សែក្រវាត់តំបន់ត្រូពិកអាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

Andy Ball
ផ្នែកបណ្តាញសង្គម និងការទំនាក់ទំនងសហការីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ទូរស័ព្ទការិយាល័យ +885 23 211 604
ទូរស័ព្ទដៃ +855 96 258 76 31
អ៊ីមែលៈ [email protected]

Ollie Roberts
ជំនួយការជាន់ខ្ពស់របស់ប្រធាន
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ទូរស័ព្ទការិយាល័យ +885 23 211 604
ទូរស័ព្ទដៃ +855 99 766 615
អ៊ីមែលៈ [email protected]

Leave a Reply

Your email address will not be published. Required fields are marked *