ជាមោទនភាពបំផុតសម្រាប់ប្រទេសម៉ាឡេស៊ី ដែលបានរៀបចំកម្មវិធីដំណើរទេសចរណ៍មកកាន់ម៉ាឡេស៊ីក្នុងរដូវកាលទី 2 នៃឆ្នាំ2017 ក្រោមការចូលរួមពីសំណាក់បណ្តាអ្នកសារព័ត៌មានសរុបចំនួន 50នាក់ មកពីប្រទេសទាំង10 នៃអាស៊ាន ដើម្បីបានស្វែងយល់កាន់តែច្បាស់ពីវិស័យទេសចរណ៍នានាប្រចាំប្រទេសរបស់ខ្លួនរយៈពេល 4 យប់ 5 ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2017 ។
នៅក្នុងកម្មវិធីដំណើរទេសចរណ៍របស់អ្នកសារព័ត៌មានប្រចាំឆ្នាំ 2017 ខាងលើនេះ មានគោលបំណងចង់ឱ្យអ្នកសារព័ត៌មានទាំងអស់បានដឹង និងស្គាល់ រួមជាមួយនឹងការជួយផ្សព្វផ្សាយបន្តពីវប្បធម៌ អរិយ្យធម៌ដែលមានវ័យចំណាស់របស់ប្រទេសម៉ាឡេស៊ី សិល្បៈនៃការធ្វើម្ហូប ក៏ដូចជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលជាច្រើនទៀត ដើម្បីបង្ហាញជួយឱ្យវិស័យទេសចរណ៍នៃប្រទេសមួយនេះកាន់តែមានឈ្មោះប៉សំឡេងតាមរយៈការបង្ហាញរូបភាពបែបសប្បាយៗ និងស្រស់ស្អាតនៅលើបណ្តាញទំនាក់ទំនងសង្គម រួមជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងទៀត ដូចជា Instagram និង Facebook ជាដើម។
ចំពោះការធ្វើដំណើរកម្សាន្តខាងលើនេះ អ្នកចូលរួមទាំងអស់ចាំបាច់ត្រូវតែចេះបើកបររថយន្តនៅលើផ្លូវថ្នល់ទីសាធារណៈ ដើម្បីងាយស្រួលក្នុងការបញ្ជារថយន្តទៅកាន់តំបន់នានានៅជុំវិញប្រទេសម៉ាឡេស៊ី ដោយការចាប់ផ្តើមចេញដំណើរពីភាគខាងជើងទៅភាគខាងត្បូង (ចេញពីក្រុងកូឡាឡាំពួរ) តាមបណ្តាញផ្លូវសំខាន់ៗប្រចាំប្រទេស។ អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅ រួមជាមួយនឹងការស្នាក់នៅក្នុងផ្ទះបុរាណ ហើយអ្នកចូលរួមទាំងនោះក៏អាចរៀននេសាទ ទទួលយកបទពិសោធន៍ល្អៗជាច្រើនទៀតពីប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ផងដែរថា ចំពោះតំបន់កម្សាន្តសំខាន់ៗដែលបណ្តាអ្នកសារព័ត៌មានទាំង10ប្រទេសបានទៅទស្សនារួមមានដូចជា ៖ ទីក្រុង កូឡាឡាំពួរ , តំបន់ទេចរណ៍វប្បធម៌ Merdeka Square , តំបន់កម្សាន្ត Putrajaya , ទីរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំបាទូ , រួមជាមួយនឹងបណ្តាតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទីតាំងទៀត។ បន្ថែមពីនេះ អ្នកទាំងអស់ក៏មានឱកាសបានលេងល្បែងកម្សាន្តជាច្រើនទៀតដែលសុទ្ធតែបង្កភាពសប្បាយរីករាយ រួមជាមួយការទស្សនាខ្សែភាពនៅក្នុងរោងភាពយន្តដ៏ទំនើបប្រចាំប្រទេសផងដែរ ៕