ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ បុគ្គលិកក្រុមហ៊ុន CBL បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃសាលាវិទ្យាល័យព្រែកឯកតាមរយៈការលាបថ្នាំនិងជួសជុលកែលម្អអគារសិក្សា ឡើងវិញ និងការដាក់ប្រព័ន្ធបណ្តាញលូរំដោះទឹកលិចក្នុងរដូវរស្សា ក្រោមការដឹកនាំដោយលោក Roland Bala នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកនៃក្រុមហ៊ុន CBL និងមានការចូលរួមជាអធិបតីភាពពីលោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក អ៊ុំ សារី ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯកជាច្រើន។
ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់វិទ្យាល័យព្រែកឯក តាមរយៈ ការធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយ ខ្នង មាន ៤បន្ទប់ ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់ និងជួយដាក់ប្រព័ន្ធបណ្តាញលូទឹកសំរាប់ជួយកាត់បន្ថយទឹកជន់ក្នុងបរិវេណសាលា នៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា ។
ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBL បានមានប្រសាសន៍រំលឹកឡើងថា កាលពី២០ឆ្នាំមុន ក្រុមហ៊ុន CBL បានកសាងអគារមួយខ្នងនេះ ជូនសិស្សានុសិស្សវិទ្យាល័យព្រែកឯក ហើយគិតមកដល់បច្ចុប្បន្នមានសិស្សានុសិស្សរាប់ពាន់នាក់ធ្លាប់បានសិក្សាក្នុងអគារនេះ ជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់បានសិក្សានៅទីនេះ ផងដែរ។ តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាពទ្រុឌទ្រោម ស្ទើរតែត្រូវបោះបង់ ហើយចាំបាច់ត្រូវការជួសជុលកែលំអឡើងវិញ ដូច្នេះហើយថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់មកសាលានេះ ជាថ្មី ម្តងទៀត ធ្វើការកែលំអអគារ និងធ្វើឲ្យថ្នាក់រៀននិមួយៗមានសោរភ័ណ្ឌភាពស្រស់ស្អាតគួរ ឲ្យចង់ចូលសិក្សាឡើងវិញ។
លោកក៏បានសំដែងនូវភាពសប្បាយរីករាយដោយបានឃើញបុគ្គលិកក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីលាបថ្នាំឆ្នាំនេះមានការកើនឡើង១៣៤នាក់ ហើយក៏បានថ្លែងអំណរគុណដល់បុគ្គលិកស្ម័គ្រចិត្តទាំងអស់ ដែលចំណាយពេលវេលាចុងសបា្តហ៏ដើម្បីចូលរួមចំណែកក្នុងការ ជួយសង្គមរបស់យើងនៅថ្ងៃនេះ។
លោកសង្ឃឹមផងដែរថា សកម្មភាពសង្គមរបស់យើង នឹងជួយកាត់បន្ថយការលំបាករបស់ សិស្សានុសិស្ស ហើយនឹងពួកគេឲ្យផ្តោតលើការសិក្សា ដើម្បីអនាគតដ៏ល្អរបស់ខ្លួន។
គួររម្លឹកផងដែរថា ក្រុមហ៊ុន CBL តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕