ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 គ្រោងនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2017 នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រសម្រាប់ប្រចាំឆ្នាំ 2017 នេះផ្ទាល់តែម្ដង ដែលមានបង្ហាញជូននូវពិព័រណ៍សម្លៀកបំពាក់កូនកំលោះ កូនក្រមុំនៅក្នុងថ្ងៃរៀបពិធីមង្គលការ បង្កក់សិរីសួស្ដី ព្រមទាំងពិធីភ្ជាប់ពាក្យផងដែរ។ លើសពីនេះទៅទៀតក៏មានបង្ហាញជូននូវបែបផែនរចនាបទពិធីការ និងការរៀបចំកម្មវិធីពិធីមង្គលការទាំងមូលដូចជា ពិធីចូលម្លប់ ពិធីកាត់សក់ របាំជូនពរ របាំសហសម័យ និងកាន់តែពិសេសនោះគឺការប្រគំតន្ត្រីភ្លេងបុរាណខ្មែរយើងជូនដល់ទស្សនិកជនដែលមកចូលរួមបានកម្សាន្ដសប្បាយផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍អាពាហ័ពិពាហ៍លើកទី2 នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អនុស្សា ដែលមានលោក សេង ពិសិដ្ឋ ជានាយកប្រតិបត្តិ។ នាឱកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី11 ខែកក្កដា ឆ្នាំ 2017 នៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ លោក ពិសិដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “មនុស្សគ្រប់រូបចៀសមិនផុតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលជាថ្ងៃសំខាន់របស់ខ្លួននោះទេ ហើយពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 2 នេះបានផ្ដល់ភាពងាយស្រួលដល់គូសេ្នហ៍ដែលមានបំណងរៀបមង្គលការ ក្នុងការជ្រើសរើសសម្ភារដូចជា សម្លៀកបំពាក់ សម្អាងការ ការតុបតែង ថតរូប និងពិធីការផ្សេងៗ ដែលពួកគេអាចចំណាយពេលវេលា និងថវិកាទាបផងដែរ”។
ជាចុងក្រោយលោកនាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា បានថ្លែងបន្ថែមថា “ដៃគូស្វាមី និងភរិយាទាំងអស់គួរតែរៀបចំថវិកាដ៏វៃឆ្លាតមួយសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ជាជាងចំណាយថវិកាខ្ជះខ្ជាយមិនដឹងមុខ និងដូចជាការសន្សំលុយទុករៀបចំកសាងគ្រួសារក្រោយពេលរៀបការហើយឱ្យបានច្រើនដើម្បីធ្វើការវិនិយោគទៅលើផ្ទះ ដី និងការបង្កើនចំណូលផ្សេងៗទៀតដែលនឹងនាំគ្រួសារថ្មីឆ្ពោះទៅរកសុភមង្គលល្អដ៏យូរអង្វែង”៕