រាជធានីភ្នំពេញ៖ រថយន្តគឺជាយានជំនិះដ៏ចាំបាច់មួយ ដែលមិនត្រឹមតែផ្តល់នូវសុវត្ថភាព និងផាសុកភាពប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ជីវិតរបស់លោកអ្នក ឲ្យកាន់តែស៊ីវីល័យ និងទាន់សម័យផងដែរ។ ប៉ុន្តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលបានរថយន្ត ដែលខ្លួនពេញចិត្តនោះឡើយ ហើយថវិកាអាចជាបញ្ហាចម្បងមួយផងដែរ។ ឥឡូវនេះ លោកអ្នកមិនចាំបាច់សន្សំប្រាក់យូរអង្វែង ដើម្បីទិញរថយន្តទៀតឡើយ។ ឥណទានរថយន្ត របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់លោកអ្នក ក្នុងការទទួលបានរថយន្តភ្លាមៗ ជាមួយនឹងលក្ខខណ្ឌល្អ និងការអនុម័តឥណទានរហ័ស។
ធនាគារ CIMB ផ្តល់ជូនឥណទានទាំងទៅលើរថយន្តថ្មី និងមួយទឹក ទៅដល់អតិថិជនទាំងជាបុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម តាមរយៈដៃគូក្រុមហ៊ុន និងយានដ្ឋានលក់រថយន្តធំៗ និងមានកេរ្តិ៍ឈ្មោះ នៅទូទាំងប្រទេស។ ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនពិសេសនូវការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។ ក្នុងនោះ ឥណទានមានរយៈពេល 5ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្តច្រើនបំផុត គឺដក15ឆ្នាំ គិតចាប់ពីឆ្នាំដែលស្នើសុំឥណទាន។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់ 70%នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ ប្រសិនបើអតិថិជនមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
ឥណទានរថយន្តរបស់ធនាគារ CIMB ដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ លើការប្រើប្រាស់រថយន្ត នាពេលបច្ចុប្បន្ន។ យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការចុះបញ្ជីរថយន្តឆ្នាំ2016កន្លងទៅនេះ មានចំនួនជាង 6ម៉ឺនគ្រឿង ដែលកើនឡើង 7ភាគរយ បើធៀបនឹងឆ្នាំ2015។ ហើយតាមការរំពឹងទុក ចំនួននៃការចុះបញ្ជីរថយន្តក្នុងឆ្នាំ2017នេះ នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «យើងទើបតែសម្ពោធឥណទានរថយន្ត ក្នុងឆ្នាំ2017នេះប៉ុណ្ណោះ ដោយសារយើងមើលឃើញកំណើនយ៉ាងរហ័សនៃតម្រូវការប្រើប្រាស់រថយន្តរបស់អតិថិជន។ ការនាំយកផលិតផលឥណទានថ្មីនេះ គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការរថយន្តផ្ទាល់ខ្លួន ទៅតាមគោលបំណងប្រើប្រាស់ផ្សេងៗ»។
ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់ផងដែរថា៖ យើងបានកំណត់លក្ខខណ្ឌជាក់លាក់ មុននឹងចាប់ដៃគូជាមួយយានដ្ឋានលក់រថយន្តណាមួយ ដើម្បីប្រាកដថា អតិថិជនទទួលបានទាំងរថយន្ត ដែលមានគុណភាពខ្ពស់ និងលក្ខណៈសម្បត្តិឥណទាន ដែលផ្តល់ផលចំណេញច្រើនផងដែរ៕