ក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិនបានវិនិយោគរួមគ្នាលើគម្រោងខុនដូមួយដែលមានឈ្មោះថា អេខេជេ ប្រាយផៀល ត្រូវបានបុកគ្រឹះសាងសង់ហើយ កាលពីព្រឹកថ្ងៃទី31 ខែធ្នូ ដំណាច់ឆ្នាំ2019 ដោយអគារខុនដូនេះមានកម្ពស់ 26ជាន់ ក្រោមទុនវិនិយោគប្រមាណជាង 10លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឧកញ៉ា គួច ផេង អគ្គនាយកក្រុមហ៊ុន AKJ អេខេជេ ធានលូ ប្រផឹធី ឌីវេឡុបមិន ឯ.ក បានថ្លែងថា៖«ខុនដូមួយនេះ ត្រូវបានសាងសង់លើផ្ទៃដី 1,200ម៉ែត្រការ៉េ ហើយមានទំហំវិនិយោគជាង10លានដុល្លារអាមេរិក។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ2021 ដែលមានបន្ទប់ទាំងអស់ចំនួន 286យូនីត ហើយមានបែងចែកចេញជា 6ប្រភេទផ្ទះ» ។
«ប្រភេទផ្ទះទាំង6 មានដូចជា៖ ប្រភេទA1 ស្ទូឌីយោ មានទំហំសរុប 36.36ម៉ែត្រការ៉េ, ប្រភេទA2 ស្ទូដីយោ មានទំហំសរុប 34.89ម៉ែត្រការ៉េ, ប្រភេទB1 បន្ទប់គេង1 មានទំហំសរុប 51.92ម៉ែត្រការ៉េ, ប្រភេទB2 បន្ទប់គេង1 មានទំហំសរុប 55.44ម៉ែត្រការ៉េ, ប្រភេទC1 បន្ទប់គេង2 មានទំហំសរុប 71.53ម៉ែត្រការ៉េ, ប្រភេទC2 បន្ទប់គេង2 មានទំហំសរុប 75.84ម៉ែត្រការ៉េ»។
លោកឧកញ៉ាបន្តថា មូលហេតុដែលត្រូវវិនិយោគនៅទីតាំងនេះ ដោយសារនៅខណ្ឌសែនសុខ ជាទីតាំងមួយដែលទៅថ្ងៃអនាគត នឹងអភិវឌ្ឍខ្លាំងក្លា ដែលគេជឿជាក់ថា ការអភិវឌ្ឍនៅតំបន់នេះនឹងប្រែមុខមាត់យ៉ាងខ្លាំង ពិសេសនៅតំបន់ក្រោយធនាគារជាតិ។ នៅថ្ងៃអនាគតនឹងមានគម្រោងផ្សេងទៀត នៅតំបន់ជុំវិញនេះដែររបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះ នឹងប្រែក្លាយតំបន់ភ្នំពេញថ្មី ទៅជាទីក្រុង និងទៅជាទីប្រជុំជនមួយ ដែលមានភាពទំនើបស៊ីវីល័យ។
ឧកញ៉ា គួច ផេង បានបន្ថែមទៀតថា អគារអេខេជេ ប្រាយផៀល ទទួលសាងសង់ ដោយក្រុមហ៊ុនសំណង់ចិនផ្ទាល់តែម្តង។ ក្រុមហ៊ុនចិន គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ទាំង 500លើពិភពលោក ហើយក្រុមហ៊ុននេះ គឺជាអ្នកសាងសង់ពហុកីឡដ្ឋានជាតិសម្តេចតេជោ នៅតំបន់ឧកញ៉ា លី យ៉ុងផាត់ ហើយក៏ជាអ្នកសាងសង់អគារថ្មីរបស់មន្ទីរពេទ្យលោកសង្ឃផងដែរ។
លោកឧកញ៉ា គួច ផេង បានអះអាងថា «ការដែលយើងសម្រេចចិត្តវិនយោគលើខុនដូនេះ គឺ យើងឃើញថា សក្តានុពល នៃសេដ្ឋកិច្ចកម្ពុជាយើង មានការរីកចម្រើន ដោយផ្អែកលើកត្តាជាច្រើន ធ្វើឱ្យយើងមានសង្ឃឹម និងមានជំនឿជាក់ថា ការលក់មិនមែនជាបញ្ហាទេ ជាពិសេសក្នុងចំណោមនោះ ដែលសំខាន់ជាងគេ គឺស្ថិរភាពនយោបាយ និងការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាយើង។ ហើយការលក់ទៀតសោត យើងផ្តោតលើអតិថិជន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារតែរចនាប័ទ្មនៃស្ថាបត្យកម្មរបស់យើង គឺយើងធ្វើលក្ខណៈបែបទំនើប»។
អគារខុនដូ អេខេជេ ប្រាយផៀល នេះ គឺជាអគារដំបូងគេនៅប្រទេសកម្ពុជាដែលត្រូវបានទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ចិនខូអិលធីឌី ជាគម្រោងវិស្វកម្ម លទ្ធកម្ម និងសំណង់ Engineering, Procurement and Construction (EPC)និងបានរចនាស្ថាបត្យកម្មដោយក្រុមជំនាញដែលមានបទពិសោធខ្ពស់ និងច្រើនឆ្នាំ ក្នុងការរចនាស្ថាបត្យកម្មសំណង់អគារខ្ពស់ៗជា ច្រើននៅទូទាំងពិភពលោកដែលដឹកនាំដោយស្ថាបត្យករ លោកប្រធាន លូ សឹង ដែលមានវត្តមាននៅទីនេះផ្ទាល់ដែរ។
លោកឧកញ៉ា គួច ផេងបានបញ្ជាក់បន្ថែមថា អគារនេះ ជាការចាប់ផ្តើមមួយជំហានខ្លី ក្នុង ការសហការគ្នារវាងក្រុមហ៊ុន អេខេជេធានលូ និងក្រុមហ៊ុនសំណង់ចិនខូអិលធីឌី ហើយយើងជឿជាក់ យ៉ាងមុតមាំថា គម្រោងបន្តបន្ទាប់ទៀត និងអាចប្រែក្លាយតំបន់ភ្នំពេញថ្មីនេះ ឱ្យទៅជាទីប្រជុំជនថ្មីមួយដ៏សម្បូរបែប និងស៊ីវីល័យ ហើយក្រុមហ៊ុន អេខេជធានលូ ប្រផឹធី ឌីវេឡុបមេន និងសម្ព័នក្រុមហ៊ុន សំណង់ចិនខូអិលធីឌី នឹងក្លាយជាក្រុមហ៊ុនសំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ៕