សន្និសីទសារព័ត៌មានស្ដីអំពីព្រឹត្តិការណ៍ «ឌីជីថលកម្ពុជា 2020 ឬ Digital Cambodia 2020» បានធ្វើឡើងកាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2019 នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី1 នៃក្រុមប្រឹក្សាមូលនិធិស.អ. ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. និងលោក ជី សីលា នាយកក្រុមហ៊ុន Sabay ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍។
ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី2 របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី៖
1-បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
2-បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
3-បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារ និងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។
4- កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិ និងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ 5-ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ និង6-អភិវឌ្ឍបណ្តាញអាជីវកម្ម រវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា៖« ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី2 ហើយ ដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថល និងជំនាញដល់យុវជន ឯកឧត្តមជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី1 នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានឆ្នាំ2019 និង2020 ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិស.អ. ពោលគឺដើម្បី៖ 1-ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។ 2-ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នវានុវត្តន៍ ខាងផ្នែកប.គ.ព. និង3-ជំរុញការអភិវឌ្ឍ Tech Startup Ecosystem។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 នាពេលខាងមុខថា៖«Digital Cambodia 2020 គឺជាសរសរស្តម្ភមួយដើម្បីសម្រេចបានគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោលគឺគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល»។ ឯកឧត្តមជឿជាក់ថា ការអភិវឌ្ឍយុវជនប្រកបដោយទេពកោសល្យ នឹងចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី6 ជាពិសេសដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី4»។
ព្រឹត្តិការណ៍ «ឌីជីថលកម្ពុជា 2020» (Digital Cambodia 2020) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី22 ខែមីនា ឆ្នាំ2020 នៅសាលពិព័រណ៍កោះពេជ្រ៕