សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2019 កន្លងទៅបានបើកពិធីតាំងពិព័រណ៍គ្រឿងសម្ភារសំណង់ និងគ្រឿងសង្ហារិមនៅក្នុង «មហាសន្និសីទលើកទី2 នៃលទ្ធកម្មវិស្វកម្មក្នុងប្រទេសកម្ពុជា»។ ពិព័រណ៍នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ពិធីនេះបានអញ្ជើញសមាជិកនៃសមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជាទាំង អស់មកចូលរួមដែលសុទ្ធតែជាក្រុមហ៊ុនពាក់ព័ន្ធ និងការរចនាបឋមលទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារសំណង់។ល។
ក្នុងពិធីតាំងពិព័រណ៍លើកនេះ សមាគមសម្ព័ន្ធនេះ បានបង្កើតវេទិកាអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិតសម្ភារសំណង់នៅអាស៊ាន និងវិនិយោគិនលើវិស័យអចលនទ្រព្យ ដើម្បីបន្តភាពជោគជ័យក្នុងការតភ្ជាប់ពាណិជ្ជកម្មក្នុងពិធីលើកទី1 និងបញ្ចូលសរសៃឈាមសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យកម្ពុជា ដើម្បីជាការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក និងការពិភាក្សាអំពីឱកាសអាជីវកម្ម។
ពិធីនេះបានធ្វើឡើងដោយសមាគមសម្ព័នសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា ដោយផ្អែកលើគោលបំណងបង្កើនការកត់សម្គាល់ឈ្មោះក្រុមហ៊ុន ដែលចូលរួមបង្កើតឱកាសមួយដ៏ល្អក្នុងការផ្សព្វផ្សាយគម្រោង និងផលិតផលរបស់សមាជិកផងដែរ។
បន្ថែមពីនេះ សមាគមសម្ព័ន្ធបានសហការជាមួយនឹងវេទិកាធនធានផ្សេងៗទៀត តាមរយៈ ការចែករំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និងការផ្គត់ផ្គង់ដ៏ច្រើនសម្បូរបែប និងមានគុណភាពខ្ពស់ ដើម្បីផ្តល់សេវាកម្មក្នុងការផ្គត់ផ្គង់សម្ភារសំណង់ដល់វិនិយោគិនលើវិស័យអចលនទ្រព្យ និងផ្តល់បណ្តាញទីផ្សារដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់។
ពិធីនេះក៏បានរៀបចំកន្លែងតាំងបង្ហាញនូវផលិតផលដ៏ល្អប្រណីត ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនឹងគ្នារវាងក្រុមហ៊ុនចូលរួម និងវិនិយោគិនលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំកម្មវិធីបានជ្រើសរើសវិនិយោគិនក្នុងវិស័យអចលនទ្រព្យល្បីៗ នៅកម្ពុជាដើម្បីភ្ជាប់នឹងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ល្បីៗ ដោយមានប្រសិទ្ធភាព និងវិជ្ជាជីវៈ ជំរុញ វេទិកាឱ្យមានកិច្ចសហប្រតិបត្តិការបើកចំហ និងទទួលជោគជ័យរួមគ្នា។
លោកស្រី លីវ អ៊ីឈឹន នាយិកាប្រតិបត្តិបានបញ្ជាក់ប្រាប់ថា៖«គោលបំណងនៃវេទិកានេះ គឺអ្នកអភិវឌ្ឍន៍ដែលមកផ្សព្វផ្សាយវិស័យអចលនទ្រព្យ ចង់បង្ហាញនូវអ្វីដែលជាអចលនទ្រព្យទាន់សម័យបចេ្ចកវិទ្យាទំនើប មានតម្លៃសមរម្យ និងមានគុណភាព។ នៅក្នុងវិស័យសំណង់ផ្ទាល់វានឹងផ្តល់ប្រយោជន៍ជាសំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសផង និងជាការចូលរួមចំណែករបស់អ្នកវិនិយោគិនបរទេសផងដែរ»។
លោកស្រី លីវ អ៊ីឈឹន បានបញ្ជាក់ដែរថា៖«វេទិកានេះមានការចូលរួម ពីក្រុមហ៊ុនចំនួន14 ជាក្រុមហ៊ុនមកពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក។ បន្ថែមពីនេះ វេទិកាដ៏សំខាន់នេះនឹងធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និងកម្រិតទីផ្សារក្នុងតំបន់ ហើយនិងព្យាយាមធ្វើឱ្យក្លាយជាសមាគមសម្ព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាពខ្ពស់ មានឥទ្ធិពលសម្រាប់វិស័យសម្ភារសំណង់ និងគ្រឿងសង្ហារិម និងមានការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អាស៊ីអាគ្នេយ៍»។
វេទិកានេះ ជាវេទិកាមួយដ៏សំខាន់ផងដែរសម្រាប់វិស័យសម្ភារសំណង់ក្នុងប្រទេស និងជាសេវាកម្មមួយដែលមានភាពច្នៃប្រឌិត និងមានគុណភាពល្អ ហើយក៏ជាបណ្តាញភ្ជាប់ដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យសេវាកម្ម វិស្វកម្មនៅក្នុងបណ្តាប្រទេសផ្សេងៗទៀតផងដែរ៕