គ្រាន់តែនិយាយពិការរកស៊ីអ្នកណាក៏អាចនិយាយបានដែរ តែការធ្វើអាជីវកម្មពិតប្រាកដមិនងាយស្រួលដូចយើងគិតនោះទេ។ ទម្រាំបង្កើតបានអាជីវកម្មត្រូវ និងឈរជើងយូរអង្វែងក្នុងទីផ្សារ ម្ចាស់អាជីវកម្មនានាត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ដែលអ្នកខ្លះស្ទើរតែចំណាយពេលវេលា និងថាមពលរាប់ឆ្នាំដើម្បីទប់តុល្យភាពនៃក្រុមហ៊ុនបាន។
នៅកម្ពុជា មានស្ត្រីមិនច្រើនពេកទេដែលអាចអភិវឌ្ឍខ្លួនពីបុគ្គលិក ឬអ្នករកស៊ីខ្នាតតូចទៅជាម្ចាស់ក្រុមហ៊ុនស្តង់ដា និងលេចធ្លោក្នុងវិស័យពាណិជ្ជកម្ម ព្រោះស្ត្រីត្រូវស្ថិតក្នុងប្រពៃណី និងទំនៀមទម្លាប់ដ៏តឹងតែងនៃសង្គម បូកផ្សំជាមួយនឹងបញ្ហាជាច្រើនផ្សេងទៀតដែលរាំងស្ទះដល់ការអភិវឌ្ឍខ្លួនក្នុងអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ក៏មិនមែនមានន័យថាគ្មានស្ត្រីរឹងមាំដែលបានតស៊ូជំនះឧបសគ្គជីវិតដើម្បីសម្រេចជោគជ័យក្នុងអាជីវកម្មនោះទេ។ ជាក់ស្តែង សហស្ថាបនិកក្រុមហ៊ុន B Nature Import-Export Co., Ltd សុទ្ធតែជាស្ត្រីដែលចាប់ផ្តើមអភិវឌ្ឍជីវិតក្នុងគ្រួសារសាមញ្ញ មកក្លាយជាម្ចាស់ក្រុមហ៊ុនចែកចាយគ្រឿងសម្អាងដែលមានសមាជិករហូតដល់ប្រមាណ 5,000នាក់នាពេលបច្ចុប្បន្ននេះ។
អ្នកនាង រស់ សុភ័ក្រ សហស្ថាបនិកក្រុមហ៊ុន B Nature Import-Export Co., Ltd បានលើកឡើងថា ក្រុមហ៊ុន B Nature Import-Export Co., Ltd ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហស្ថាបនិកពីររូប គឺអ្នកនាងផ្ទាល់ និងកញ្ញា សុខ ចន្ថា ដែលបានចាប់ផ្តើមអាជីវម្មរួមគ្នាតាំងពីឆ្នាំ 2013 រហូតមកដល់បច្ចុប្បន្ននេះ។ ដំបូងឡើយ សហស្ថាបនិកទាំងពីរគ្រាន់តែជាអ្នកទទួលផលិតផលពីគេមកលក់ធម្មតាតែប៉ុណ្ណោះ តែក្រោយពេលទំនាក់ទំនងស្គាល់គ្នា និងមានឆន្ទៈក្នុងការអភិវឌ្ឍអាជីវកម្មលើវិស័យសម្ផស្សដូចគ្នា ក៏បានចាប់ដៃគ្នាហើយចេញទៅបរទេសដើម្បីទទួលយកផលិតផលដោយផ្ទាល់មកលក់មុននឹងបង្កើតម៉ាកសញ្ញា (brand) ដោយខ្លួនឯង។
អ្នកនាង រស់ សុភ័ក្រ បាននិយាយថា៖ «ការចាប់ផ្តើមអាជីវកម្មដំបូងមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ពួកយើងទាំងពីរនាក់ ព្រោះយើងសុទ្ធតែជាអ្នកដែលមានកម្រិតជីវភាពមធ្យម ហើយត្រូវចំណាយលុយសន្សំពីការលក់ផលិតផល និងខ្ចីគេបន្ថែមទៀតដើម្បីបង្កើតក្រុមហ៊ុនរួមគ្នា។ ការវិនិយោគនេះ ជាការដាក់ទុនដ៏ធំមួយដែលគ្មានផ្លូវក្រោយ មានន័យថាយើងត្រូវតែខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាចាំបាច់ត្រូវតែអភិវឌ្ឍទៅមុខ បើមិនដូច្នោះទេយើងនឹងត្រូវជួបបញ្ហាជាច្រើនជាពិសេសរឿងហិរញ្ញវត្ថុនេះតែម្តង»។
សហគ្រិនស្ត្រីខាងលើបានលើកឡើងផងដែរថា សម្រាប់ស្ត្រី និងអ្នកគ្រប់គ្នាប្រសិនបើស្ថិតក្នុងស្ថានភាពមិនទាន់ល្អប្រសើរ សូមកុំអាលអស់សង្ឃឹម ព្រោះយើងម្នាក់ៗសុទ្ធតែមានសមត្ថភាពអស្ចារ្យពីកំណើត គ្រាន់តែយើងមិនទាន់ប្រើប្រាស់វាអស់លទ្ធភាពតែប៉ុណ្ណោះ។ អ្នកនាងណែនាំថា ដើម្បីអភិវឌ្ឍកម្រិតជីវភាព ឬដោះខ្លួនចេញពីបញ្ហាបានលុះត្រាតែយើងមានគោលបំណងនៃជីវិតច្បាស់លាស់។ នៅពេលយើងមានគោលដៅច្បាស់លាស់ យើងប្រាកដជាមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង ដែលវាជាកម្លាំងជំរុញឱ្យយើងកាន់តែមានថាមពលដើម្បីខិតខំប្រឹងប្រែង។ រាល់ការអភិវឌ្ឍខ្លួន ឬបង្កើតអាជីវកម្មសុទ្ធតែត្រូវឆ្លងឧបសគ្គ តែអ្វីដែលសំខាន់គឺយើងព្យាយាមរក្សាទឹកចិត្តឱ្យវិជ្ជមាន ដោយមើលពីគំរូនៃការខិតខំប្រឹងប្រែងរបស់មនុស្សពូកែៗជុំវិញខ្លួន។ នៅពេលនោះយើងនឹងគិតថា មិនមែនមានតែយើងម្នាក់ឯងនោះទេដែលត្រូវជំនះការលំបាក គេផ្សេងក៏ត្រូវជំនះឧបសគ្គពីដៃទទេដូចគ្នា។ ចុងបញ្ចប់នៃការតស៊ូ គឺគេទទួលបានរង្វាន់ជាទីគាប់ចិត្ត ហេតុនេះបើគេធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន B Nature Import-Export Co., Ltd ជាក្រុមហ៊ុនចែកចាយផលិតផល S.T White ផ្សំចេញពីកំទិចមាស 24 K ដំបូងគេបំផុត ដែលផ្តោតសំខាន់លើគុណភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ ដោយសារតែការខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផល និងសេវាកម្មឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនដ៏មានសក្តានុពលមួយនេះបានទទួលពានរង្វាន់ SME of The Year Awards 2019 ពីប្រទេសថៃ និងថ្មីៗនេះក៏ទទួលបានពានរង្វាន់សហគ្រិនឆ្នើម Success CEO Award 2019 កាលពីពេលថ្មីៗនេះ៕