ក្រុមហ៊ុន So Sreyni Co., Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្អាង D.X.L (De’Xing Li) ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា បានផ្តល់រង្វាន់ជារថយន្តដល់តំណាងចែកចាយផ្តាច់មុខប្រចាំតំបន់របស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងបង្កើនសក្តានុពលកាន់តែខ្លាំងសម្រាប់អ្នកតំណាងរបស់ខ្លួនក្នុងការធ្វើអាជីវកម្មក្នុងទីផ្សារកម្ពុជា។
កញ្ញា សូ ស្រីនិ អគ្គនាយិកា ក្រុមហ៊ុន So Sreyni Co., Ltd បានលើកឡើងថា ក្រុមហ៊ុន So Sreyni Co., Ltd បានចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវក្នុងការនាំចូល និងចែកចាយផលិតផលប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងមានតម្លៃល្អបំផុតសម្រាប់ប្រជាជនខ្មែរ។ ផលិតផលនីមួយៗសុទ្ធតែជាផលិតផលដែលមានការទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម រួមទាំងភាគីពាក់ព័ន្ធនានានៅកម្ពុជា និងមានការទទួលស្គាល់ផងដែរពីស្ថាប័នជាច្រើននៅប្រទេសថៃ។ ហេតុនេះហើយ ទើបធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុន So Sreyni Co., Ltd ទទួលបានការគាំទ្រ និងមានទីផ្សារល្អនាពេលបច្ចុប្បន្ន។
កញ្ញា សូ ស្រីនិ បាននិយាយថា៖ «ដើម្បីជំរុញឱ្យផលិតផលប្រកបដោយសក្តានុពលទាំងអស់នេះចែកចាយកាន់តែទូលំទូលាយនៅកម្ពុជា និងដើម្បីជួយលើកកម្លាំងចិត្តដល់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មផ្នែកគ្រឿងសម្អាងនានាផងនោះ ក្រុមហ៊ុន So Sreyni Co., Ltd បានសម្រេចប្រគល់រង្វាន់ជារថយន្តដល់តំណាងចែកចាយផ្តាច់មុខសម្រាប់តំបន់នីមួយៗ»។
សហគ្រិនវ័យក្មេងខាងលើបានលើកឡើងផងដែរថា ផលិតផលរបស់ក្រុមហ៊ុន So Sreyni Co., Ltd គឺជាជម្រើសដ៏ល្អមួយ សម្រាប់អ្នកចង់វិនិយោគយូរអង្វែង ព្រោះក្រុមហ៊ុនមានគោលដៅដំណើរការយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា មិនមែនបើកត្រឹម 1ខែ ឬ 2ខែនោះទេ។ ហេតុនេះហើយទើបក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះតំណាងចែកចាយ រួមទាំងអតិថិជននៅទូទាំងប្រទេសផងដែរ។
សម្រាប់អ្នកដែលចង់ធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានសិទ្ធិក្នុងការចែកចាយផ្តាច់មុខក្នុងតំបន់របស់ខ្លួន ស្របពេលដែលក្រុមហ៊ុនក៏ជួយជ្រោមជ្រែងដោយរៀបចំជាសេវាកម្ម និងយុទ្ធសាស្រ្តលក់ជូន ដើម្បីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម។ ក្រៅពីនេះក្រុមហ៊ុននឹងធានាទីផ្សារជូនដោយផ្តល់នូវអតិថិជន រួមទាំងផ្សព្វផ្សាយឱ្យតំណាងចែកចាយបន្ត នៅក្នុងតំបន់របស់គាត់បានស្គាល់ និងមានទំនាក់ទំនងល្អជាមួយនឹងតំណាងចែកចាយផ្តាច់មុខនោះ។ បន្ថែមពីលើនេះ សម្រាប់អ្នកចង់ធ្វើទីផ្សារ ឬចង់ថតផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនក៏មានជាកន្លែងសម្រាប់ថត(ស្ទូឌីយោ) ឬរៀបចំជាផ្ទាំង Background សម្រាប់ថតពាណិជ្ជកម្មជូនផងដែរ។
កញ្ញាអគ្គនាយិកាក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមានការគាំទ្រកាន់តែខ្លាំង កញ្ញានឹងបន្ថែមរង្វាន់ជាច្រើនទៀត ដូចជាគ្រាន់តែចុះឈ្មោះក្លាយជាតំណាងចែកចាយភ្លាម នឹងទទួលបានរថយន្ត 1គ្រឿងភ្លាម និងអាចជារង្វាន់សំខាន់ៗជាច្រើនផ្សេងទៀតផង។ កន្លងមកក្រុមហ៊ុនក៏ធ្លាប់ផ្តល់ជូនកាដូជាច្រើនផងដែរសម្រាប់អតិថិជននានា ដូចជាកាផ្តល់ជាកម្រៃជើងសាប្រចាំខែ (commission) ចិញ្ចៀន និងគ្រឿងអលង្ការជាច្រើនទៀតផង។
លក្ខខណ្ឌដែលអាចក្លាយជាតំណាងចែកចាយផ្តាច់មុខប្រចាំតំបន់របស់ក្រុមហ៊ុន So Sreyni Co., Ltd គឺត្រូវមានថវិកាប្រមាណ 2ម៉ឺនដុល្លារ ហើយចុះកិច្ចសន្យាដោយលក់ផលិតផលទាំងអស់តាមតម្លៃត្រឹមត្រូវដែលក្រុមហ៊ុនកំណត់ជូនដល់អតិថិជននៅក្នុងតំបន់របស់ខ្លួន។ បន្ថែមពីលើនេះ តំណាងចែកចាយត្រូវតែរក្សាការសម្ងាត់ចំពោះតម្លៃបោះដុំសម្រាប់អ្នកចែកចាយបន្ត និងគោរពលក្ខខណ្ឌសុចរិតភាព ដូចជា មិនអនុញ្ញាតឱ្យក្លែងបន្លំផលិតផល និងមិនអនុញ្ញាតឱ្យលក់ផលិតផលផ្សេងឡើយ។
គួរបញ្ជាក់ផងដែរថា កញ្ញា សូ ស្រីនិ ជាសហគ្រិនឆ្នើមមួយរូបដែលបានទទួលពានរង្វាន់ Icon Brand ASEAN award 2019 នៅប្រទេសថៃ កាលពីថ្ងៃទី29 ខែកញ្ញា ឆ្នាំ2019 កន្លងទៅ និងទទួលបានពានរង្វាន់ Success CEO award 2019 កាលពីថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ថ្មីៗនេះទៀតផង៕