នៅលើលោកនេះ ថ្វីដ្បិតតែមនុស្សទាំងអស់គ្នាស្ថិតនៅក្រោមមេឃតែមួយ មានពេលវេលា 24ម៉ោងដូចគ្នា និងមានជីវិតរស់រានដូចគ្នាក៏ពិតមែន តែស្ថានភាព និងវាសនានៃដំណើរជីវិតមិនដូចគ្នាឡើយ។ មានអ្នកខ្លះកើតមកលើគំនរមាសប្រាក់ អ្នកខ្លះទៀតកើតមកក្នុងត្រកូលមធ្យម ខណៈមនុស្សមួយចំនួនទៀតកើតមកក្នុងស្ថានភាពកំព្រា ក្រលំបាក ដែលទាមទារឱ្យមានការតស៊ូជម្នះក្នុងដំណើរជីវិតយ៉ាងស្វិតស្វាញ។
ទោះជាយ៉ាងនេះក្តី វាសនាអាក្រក់មិនអាចយកឈ្នះសម្ទុះចិត្តតស៊ូដ៏ស្វិតស្វាញបានឡើយ។ ហេតុនេះហើយទើបគេតែងនិយាយថា មនុស្សមិនអាចជ្រើសរើសស្ថានភាពនៅពេលកើតបានទេ តែគេអាចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរវាសនាពីអាក្រក់ទៅល្អបាន។ ជាក់ស្តែង លោកស្រី ទេព សក្តិលីនដា ដែលជាម្ចាស់ក្រុមហ៊ុន NKY trading Co., Ltd បានចាប់ផ្តើមដំណើរជីវិតប្រកបដោយភាពតស៊ូ និងឧបសគ្គជាច្រើន រហូតក្លាយជាសហគ្រិនឆ្នើមមួយរូបនៅកម្ពុជា។
ថ្វីដ្បិតតែចាប់ផ្តើមដំណើរជីវិតជាក្មេងកំព្រា និងត្រូវតស៊ូធ្វើការងារតាមហាងតូចៗក្ដី តែលោកស្រី លីនដា នៅតែចិញ្ចឹមចិត្ត ខាំមាត់សង្កត់ចិត្ត ប្រឹងប្រែងជម្នះឧបសគ្គ តស៊ូជាមួយដំណើរជីវិត ដោយមិនរស់ដេកចាំសំណាងនោះទេ។ សហគ្រិនដែលពោរពេញដោយគំនិតសុទិដ្ឋិនិយមរូបនេះ បើទោះបីជាមានអតីតកាលដ៏ជូរចត់ ស្ថិតក្នុងស្ថានភាពលំបាក និងមើលស្ទើរមិនឃើញកោះត្រើយនៃជីវិតក្នុងភាពមានបានក៏ដោយ ក៏លោកស្រីមិនបោះបង់ចោលការតស៊ូដែរ។ លោកស្រីចាប់ផ្តើមចិញ្ចឹមចិត្តរកស៊ីដោយប្រើប្រាស់លុយសន្សំផ្ទាល់ខ្លួន តាមរយៈការចេញធ្វើការដើម្បីដោះស្រាយការលំបាកផង និងជម្នះឧបសគ្គហិរញ្ញវត្ថុផង រហូតក្លាយជាសហគ្រិនស្ត្រីប្រកបដោយភាពរឹងមាំ ជាមួយនឹងចំណូលខ្ទង់សែនដុល្លារនាពេលបច្ចុប្បន្ននេះ។
លោកស្រី ទេព សក្តិលីដា បាននិយាយថា៖ «មិនមានអ្នកណាកើតមកជោគជ័យនោះឡើយ គឺមានតែខ្លួនឯងជាអ្នកបង្កើតឱកាស និងចាប់យកឱកាសដោយខ្លួនឯង ហេតុនេះសូមអ្នកទាំងអស់គ្នាកុំបាក់ទឹកចិត្ត បើទោះបីជាជួបរឿងលំបាកក្នុងជីវិតក៏ដោយ។ អ្វីដែលយើងអាចធ្វើបាន គឺដួលហើយហ៊ានក្រោកតស៊ូឡើងវិញ ដើម្បីបង្កើត និងក្តោបក្តាប់ឱកាសដើម្បីជំរុញភាពរុងរឿងសម្រាប់ជីវិត»។
ដោយភាពអត់ធ្មត់ និងរឹងមាំ លោកស្រី លីនដា បានទទួលពានរង្វាន់សហគ្រិន3 ក្នុងពេលតែមួយនៅប្រទេសថៃ ពីឯកឧត្តមឧត្តមសេនីយ ជិកសាក់ ចេរិនសម្បត្តិ ដោយក្នុងនោះមានដូចជា ពានរង្វាន់ Outstanding Organization 2019 ពានរង្វាន់ Achievement Award 2019 និងពានរង្វាន់ Standardization Products Awards។ ហើយថ្មីៗនេះលោកស្រីក៏បានទទួលពានរង្វាន់សហគ្រិនឆ្នើមឆ្នាំ2019 កាលពីខែវិច្ឆិកា ឆ្នាំ2019 នេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រីជាម្ចាស់ក្រុមហ៊ុន NKY trading Co.,Ltd ដោយក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ2016 ដែលមាននាំចូលគ្រឿងទេស និងគ្រឿងសម្អាងប្រ៊េនដ៍ល្បីៗពីប្រទេសជិតខាង ដូចជា MIZ, NACECA, CHERISTA, CHUBUGAH ហើយកាន់តែពិសេស អាជីវកម្មរបស់លោកស្រីមានឈ្មោះល្បីនៅលើវិស័យគ្រឿងសម្អាងក្នុងចុងឆ្នាំ2019 នេះយ៉ាងខ្លាំង។ ប្រ៊េនដ៍ ដែលល្បីជាងគេគឺ ប្រ៊េនដ៍ MIZ ដែលមានការគាំទ្រយ៉ាងខ្លាំងពីតំណាងចែកចាយទូទាំងប្រទេស ហើយថ្មីៗនេះ ប្រ៊េនដ៍ថ្មីមួយរបស់លោកស្រី គឺ ប្រ៊េនដ៍ BABYFACE ផលិតផលម៉ាសសន្លឹក មកពីកូរ៉េ ក៏ល្បីខ្លាំងដែរ ព្រោះតែគុណភាពដ៏ល្អគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឱ្យបងប្អូនស្ត្រីយើងរាប់ពាន់នាក់បានប្រើប្រាស់ និងរកចំណូលដោយខ្លួនឯងបាន ក្នុងនោះផងដែរលោកស្រីក៏ជាម្ចាស់ហាងបោះដុំគ្រឿងក្រអូបដ៏ធំ ឈ្មោះថា ONESKIN CAMBODIA និងត្រៀមបើកសណ្ឋាគារ នៅមាត់ទន្លេក្នុងឆ្នាំ2020 ខាងមុខនេះទៀតផង៕