ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE ) បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយនឹង International Cultural Exchange Services (ICES) នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងផ្លាស់ប្ដូរនូវបទពិសោធន៍ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ និងទៅកាន់ពិភពលោក។
បើតាមលោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឱ្យដឹងថា International Cultural Exchange Services (ICES) មានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ព្រមទាំងកំពុងទទួលបានការគាំទ្រ និងល្បីល្បាញ ពីបណ្ដាសិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សជាច្រើនក្នុងបណ្ដាទ្វីបមួយចំនួនដូចជា ទ្វីបអ៊ឺរ៉ុប ទ្វីអាស៊ី ទ្វីបអាព្រិចឡាទីន ទ្វីបអូសេអានី ទ្វីបអង់តាកទិច សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាដើម។
ប្រធានមជ្ឈមណ្ឌលដដែលបានបញ្ជាក់ថា ម៉េងលី ជេ.គួច អេឌ្យូខេសិន ចុះអនុស្សារណៈយោគយល់ (MOU) និង (ICES) ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ សំខាន់ជាងនេះទៅទៀត គោលដៅរបស់ MJQE និង ICES គឺផ្ដល់ឱកាសដល់សិស្សានុសិស្សកម្ពុជាពីថ្នាក់ទី ១០ និងទី១១ មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ការរស់នៅ និងប្រពន្ធសិក្សានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ញូហ្សេឡេន និងបណ្ដាញប្រទេសជាច្រើនទៀតនៅទ្វីបខាងលើ។
លោក ឡាយ សុភា បញ្ជាក់ថា សិស្សានុសិស្សកម្ពុជា និងត្រូវបញ្ជូនទៅកាន់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ។ល។ ក្នុងកម្មវិធី ផ្លាស់ប្ដូរបទពិសោធន៍ការសិក្សានេះ។
ម៉្យាងវិញទៀត លោក ឡាយ សុភា បានបញ្ជាក់ថា គោលដៅជាចម្បងចុះអនុស្សារណៈយោគយល់ (MOU) នេះគឺដើម្បីឱកាសដល់សិស្សានុសិស្សកម្ពុជាបានទៅសិក្សាក្រៅប្រទស ក្នុងការឈ្វេងយល់អំពីវប្បធម៌ និងការរស់នៅក្រៅប្រទេសដូចជា នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជាដើម មុននឹងពួកគាត់ធ្វើការសម្រេចចិត្តដ៏ធំមួយនៅបន្ដរការសិក្សានៅមហាវិទ្យាល័យ នៅបណ្ដាប្រទេសទាំងអស់នោះ។
រីឯ International Cultural Exchange Services (ICES) ជាក្រុមហ៊ុនលំដាប់អន្ដរជាតិមួយ ដែលរៀបចំ និងផ្ដល់ឱកាសដល់សិស្សានុសិស្សនៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក បានផ្លាស់ប្ដូរបទពិសោធន៍ការសិក្សា ឈ្វេងយល់ពីវប្បធម៌ និងការរស់នៅក្នុងបណ្ដាប្រទេសទាំងអស់នោះ៕