កម្មវិធីដាំដើមឈើ និងដាក់ធុងសំរាមនេះត្រូវបានក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស ចាប់ផ្តើមធ្វើតាំងពីឆ្នាំ2005មកម្ល៉េះ ដោយសរុបមកដល់ពេលនេះ ក្រុមហ៊ុនបានដាំកូនឈើគ្រប់ប្រភេទ សរុបជាង1ពាន់ដើម និងដាក់ធុងសំរាមជាង800ធុងនៅតាមសាលារៀន តាមទីវត្តអារ៉ាម តាមទីផ្សារ និងនៅតាមកន្លែងទេសចរណ៍នានាទូទាំងប្រទេស ហើយនៅចុងឆ្នាំ2019នេះ គឺជាឆ្នាំគម្រប់ខួប20ឆ្នាំរបស់ក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស។
បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្រុមហ៊ុនទេសចរណ៍នេះឡើង ហើយក្រុមហ៊ុនក៏បានផ្តោតសំខាន់ទៅលើការជួយសង្គម តាមរយៈសកម្មភាពចុះរើសសំរាម ការចុះចែកធុងសំរាម និងការចុះដាំកូនឈើចម្រុះប្រភេទនៅតាមសហគមន៍ឆ្ងាយៗ ដាច់ស្រយាល ដើម្បីជាការចូលរួមបណ្តុះគំនិតដល់សិស្សនិស្សិត និងក្មេងៗជំនាន់ក្រោយឱ្យស្រឡាញ់ និងការពារបរិស្ថាន ចេះការពារសហគមន៍របស់ពួកគេពីសំរាម ចេះជួយសម្អាត និងបោះសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីភាពស្រស់ស្អាត និងមានអនាម័យល្អនៅក្នុងសហគមន៍រស់នៅរបស់ពួកគេ។
ដោយសង្កេតឃើញថា សង្គមខ្មែរនាពេលបច្ចុប្បន្នកំពុងជួបនូវបញ្ហាសំរាម និងធាតុអាកាសកាន់តែក្តៅឡើងជាលំដាប់ ដោយសារតែការខ្សត់ខ្សោយព្រៃឈើ ដូច្នេះហើយបានជាការចុះចែកធុងសំរាមតាមទីតាំងសំខាន់ៗនៅក្នុងសហគមន៍ ការចូលរួមសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងការដាំដើមឈើឡើងវិញ គឺជារឿងដ៏សំខាន់ ដែលកូនខ្មែរគ្រប់រូបគួរតែនាំគ្នាក្រោកឈរឡើង និងចូលរួមឱ្យបានសស្រាក់សស្រាំទាំងអស់គ្នា ហើយការងារទាំងនេះក៏ទាមទារឱ្យមានការចូលរួម និងគាំទ្រពីសំណាក់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ដើម្បីជួយឱ្យប្រទេសកម្ពុជាពេញដោយសោភ័ណ្ឌភាព មានពណ៌បៃតងស្រស់គ្រប់ទីកន្លែង មានអនាម័យ បរិស្ថានស្អាត គ្មានសំរាម និងមានកំណើនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាជាលំដាប់។
ដូច្នេះសូមយុវជន យុវតីខ្មែរទាំងអស់ជួយគ្នាថែរក្សាបរិស្ថាន ការពារព្រៃឈើ និងជួយលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាឱ្យឆាកអន្តរជាតិបានស្គាល់ និងមកលេងនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ សូមចូលរួមសកម្មភាពចុះរើសសំរាម ចុះចែកធុងសំរាម និងដាំកូនឈើឡើងវិញជាមួយនឹងក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស៕