ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសចូលរួមសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតយុទ្ធសាស្ត្រផ្សេងៗ ព្រមទាំងជំរុញព្រឹត្តិការណ៍ ឆ្នាំទស្សនា ម៉ាឡេស៊ី ២០២០ ត្រូវបានអនុវត្តដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ដើម្បីជំរុញការធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងដើម្បីជំរុញកំណើន និងចំណូលពីភ្ញៀវទេសចរ។
ឯកអគ្គរដ្ឋទូទម៉ាឡេស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតយុទ្ធសាស្ត្រផ្សេងៗ និងការខិតខំប្រឹងប្រែង ដើម្បីជំរុញការធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងដើម្បីជំរុញ កំណើនចំណូលពីទេសចរណ៍ ដោយបង្កើតព្រមទាំងជំរុញព្រឹត្តិការណ៍ ឆ្នាំទស្សនា ម៉ាឡេស៊ី ២០២០ ត្រូវបានអនុវត្តដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌»។
លោកបានឱ្យដឹងថា វិស័យទេសចរណ៍បានបង្ហាញពីលទ្ធផលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ។ ចន្លោះពីខែមករាដល់ខែមិថុនាឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរណ៍សរុបបានកើនឡើង ៤.៩ភាគរយ ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ១២.៧៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលពីវិស័យទេសចរណ៍បានឈានដល់ ៤១.៦ ពាន់លានរីងហ្គីតពោលគឺកើនឡើង ៦.៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់តំបន់អាស៊ានក្នុងរយៈពេលដូចគ្នាមានកំណើន ៤.៧ ភាគរយជាមួយចំនួនភ្ញៀវទេសចរណ៍ ៩.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ៨.៩៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារកម្ពុជាសម្រាប់យើងបានបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់គឺ ១៨.១% ជាមួយនឹងចំនួនភ្ញៀវទេសចរ ៥១,០០៥ នាក់បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរណ៍ ៤៣,២០៦ នាក់កាលពីឆ្នាំមុន។ នៅឆ្នាំ ២០១៨ ដោយមានភ្ញៀវទេសចរ ២៥.៨ លាននាក់បានមកទស្សនាឆ្នេរសមុទ្ររបស់យើង ដែលប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរណ៍ ៨៤,១ ពាន់លានរីងហ្គីតក្នុងឆ្នាំ ២០១៨ ។
ទន្ទឹមនឹងនេះ ដើម្បីឱ្យយុទ្ធនាការទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ ទទួលបានភាពជោគជ័យនោះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ដោយកំពុងផ្តោតលើបច្ចេកវិទ្យាចុងក្រោយ ក៏ដូចជាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់ប្រទេសម៉ាឡេស៊ី ដោយប្រើសញ្ញាសម្រាប់ដំណើរទស្សនកិច្ចប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ គឺ #vm2020, #VisitMalaysia2020 និង #MalaysiaTrulyAsia។
យ៉ាងណាមិញលោក NOR SHAZLY AZMI ជំនួយការនាយកទីផ្សារជាន់ខ្ពស់ប្រចាំទីផ្សារអាសុី នៃក្រុមព្រឹក្សាទេសចរណ៍ម៉ាឡេសុី បានបញ្ជាក់ផងដែរថានៅក្នុងស្តង់ក្រុមព្រឹក្សាទេសចរណម៉ាឡេសុីក៏មាន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសុីអ៊ែរឡាញ និង ៣ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមានដូចជា ក្រុមហ៊ុនទេសចរណ៍ វើលផបត្រាវែល, ធូរវើលត្រាវែល ខេមូឌា, អ៊ែ-តេ-អ៊ែ ធួរ ក៏បានចូលរួមលក់កញ្ចប់សេវាកម្មទេសចរណ៍ទៅប្រទេសម៉ាឡេសុីនូវទីកន្លែងថ្មីៗដល់អតិថិជិនខ្មែរដើម្បីទស្សនាផងដែរ។