សក្តានុពលទីផ្សារដែលមានទំហំកាន់តែធំបានជំរុញឱ្យក្រុមហ៊ុនដែលមានជំនាញផ្នែកផលិតស្ប៉តពាណិជ្ជកម្មធំ និងល្អជាងគេចំនួន2 នៅកម្ពុជាសម្រេចចាប់ដៃគូគ្នាដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែខ្លាំងឡើងបន្ថែមទៀត។
លោក Bernard Anthony អគ្គនាយកនៃក្រុមហ៊ុនខេមបូឌា ប្រូឃែសស្ទីង សឺវីស (CBS)ដែលកំពុងប្រតិបត្តិការគ្រប់គ្រងលើទូរទស្សន៍ CTN, MyTv និង CNC បាននិយាយថា កំណើនសេដ្ឋកិច្ចដែលមានភាពរឹងមាំនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនចូលមកវិនិយោគ និងបើកសាខានៅកម្ពុជា ហើយស្របពេលនេះគេក៏ឃើញមានក្រុមហ៊ុនក្នុងស្រុកលេចរូបរាងឡើងច្រើនផងដែរ។
លោកបានបន្តថា ក្រុមហ៊ុនទាំងនោះសុទ្ធតែត្រូវការផលិតស្ប៉តពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួន។
លោកបានអះអាងថា៖“ដោយមើលឃើញពីចន្លោះប្រហោងនៃតម្រូវការ និងការផ្គត់ផ្គង់នេះ ទើបក្រុមហ៊ុន CBS សម្រេចចាប់ដៃគូជាមួយក្រុមហ៊ុន Legend Tiger Investment Co., Ltd ដើម្បីរួមគ្នាបង្កើតក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មទូរទស្សន៍ (TV Ad) ដ៏ធំមួយដែលបំពាក់នូវឧបករណ៍មានបទដ្ឋានកម្រិតខ្ពស់សម្រាប់ផលិតស្ប៉តពាណិជ្ជកម្មដែលមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ។
ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនដែលមានជំនាញទាំង2 នឹងធ្វើឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកតម្លៃ គុណភាព និងការផ្សព្វផ្សាយ។
ស្ថាបនិកក្រុមហ៊ុន CBS អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ជាមួយនឹងធនធានមនុស្សប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ CBS TVC Production និង Legend Tiger ការវិនិយោគរួមគ្នានេះនឹងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មក្នុងប្រទេសជិតខាងដូចជា ថៃ និងវៀតណម បាន។
អ្នកឧកញ៉ាបានថា៖“យើងនឹងធ្វើការអភិវឌ្ឍក្រុមហ៊ុនថ្មីនេះបន្ថែមទៀត ដើម្បីបង្កើតបានទាំងគុណភាពផលិតកម្ម និងសេវាកម្មជូនអតិថិជន។
បើតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន Legend Tiger នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន CBS។
លោក ប៊ូ បញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Legend Tiger Investment Co., Ltd បានប្រាប់ថា ការរួមសហការគ្នារវាងក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្ម CBS និងក្រុមហ៊ុន Legend Tiger Investment Co., Ltd គឺជារឿងមួយដែលល្អបំផុត ព្រោះការសហការនេះនឹងផ្ដល់នូវភាពងាយស្រួលទាំងគុណភាពផ្សព្វផ្សាយព័ត៌មាន និងគុណភាពផលិតស្ប៉តដែលប្រកបដោយភាពជឿជាក់ជូនដល់អតិថិជន។ លោកប្រាប់ទៀតថា នាពេលកន្លងមកមានប្រាក់ដ៏ច្រើនត្រូវបានហូរចេញពីកម្ពុជា តាមរយៈការទៅរកក្រុមហ៊ុននៅបរទេសឱ្យជួយផលិតស្ប៉តណិជ្ជកម្មសម្រាប់យកមកចាក់ផ្សាយនៅកម្ពុជា។ ដូច្នេះបន្ទាប់ពីក្រុមហ៊ុនទាំង2 សហការគ្នា លោកសង្ឃឹមថានឹងអាចទាក់ទាញឱ្យក្រុមហ៊ុនដែលធ្លាប់ទៅផលិតស្ប៉តពាណិជ្ជកម្មនៅក្រៅប្រទេសឱ្យងាយមកជ្រើសរើសយកក្រុមហ៊ុនក្នុងស្រុកវិញ។
បើតាមលោក បញ្ញា ការមកដល់របស់ CBS នឹងផ្តល់ឱ្យអតិថិជនរបស់ Legend Tiger ទទួលបាននូវកញ្ចប់ល្អជាច្រើនទាំងការបម្រើសេវាកម្ម និងការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម។
Legend Tiger Investment Co., Ltd ត្រូវបានគេដឹងថាជាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មមួយដ៏ល្បីនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2010។ ក្នុងរយៈពេល7ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលផលិតស្ប៉តពាណិជ្ជកម្មឱ្យក្រុមហ៊ុនជាច្រើនដូចជា Cellcard, Wing, Ganzberg beer និង Cambodia Beer ជាដើម៕