ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយផលិតផលគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ប្រចាំឆ្នាំ2019 ដំបូងបំផុតសម្រាប់ម្ចាស់អាជីវកម្មឆ្នើមផ្នែកសម្ផស្ស។
កម្មវិធីដ៏មានសារៈសំខាន់នេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ក្រុមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 9យប់ នៅផ្សារទំនើប AOEN II សែនសុខ។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងដើម្បីលើកស្ទួយដល់វិស័យសុខាភិបាល ជាពិសេសផ្នែកសម្ផស្សដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របពេលដែលកំណើនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងលឿន ប្រជាជនចាប់ផ្តើមមានកម្រិតជីវភាពល្អប្រសើរ ធ្វើឱ្យសាធារណជនចាប់ផ្តើមគិតគូរកាន់តែខ្លាំងពីគុណភាពនៃជីវិត និងសម្រស់។ ហេតុនេះហើយទើបតម្រូវការផ្នែកគ្រឿងសម្អាង និងផលិតផលថែរក្សាសម្ផស្សបានកើនឡើងយ៉ាងខ្លាំង។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីចរន្តនៃភាពរីកចម្រើនផ្នែកសម្ផស្សនេះ យើងបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ប្រចាំឆ្នាំ2019 ដ៏ធំ និងដំបូងបំផុតនេះឡើង ដើម្បីជួយដល់វិស័យសម្ផស្សទាំងមូលក៏ដូចជាលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់អាជីវកម្មផ្នែកសម្ផស្សទាំងអស់មានទឹកចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាព និងស្វែងយល់បន្ថែមពីចំណេះដឹងជុំវិញអាជីវកម្មដ៏មានសារៈសំខាន់នេះ»។
លោកឧកញ៉ា បានបន្ថែមទៀតថា កម្មវិធីនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់កាន់តែមានទំនុកចិត្តខ្ពស់ពីសាធារណជនទាំងអស់ ព្រោះអ្នកដែលប្រគល់ពានរង្វាន់ជារដ្ឋលេខាធិការក្រសួងសុខាភិបាលផ្ទាល់ ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ ស្ថានទូតនានា និងម្ចាស់អាជីវកម្មធំៗជាច្រើនផ្សេងទៀតទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ អ្នកចូលរួមទាំងអស់ក៏នឹងទទួលបានចំណេះដឹងបន្ថែមផ្នែកផ្លូវច្បាប់លើការបង្កើតម៉ាកសញ្ញា និងគន្លឹះសំខាន់ៗក្នុងការជំរុញអាជីវកម្មឱ្យជោគជ័យលើវិស័យសម្ផស្ស។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Grop Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រផលិតដ៏ធំនៅប្រទេសថៃ ជាក្រុមហ៊ុនដែលបានផ្តល់សិទ្ធិចែកចាយគ្រឿងសម្អាងប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ៕