កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ2019 កន្លងទៅនេះ ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដែលជាធនាគារយកចិត្តទុកដាក់ខ្ពស់លើការទទួលខុសត្រូវសង្គម បានផ្តល់ឱកាសឱ្យក្រុមគ្រួសារខ្មែរដែលមានបងប្អូនកូនចៅចាកចេញពីក្រុមគ្រួសារទៅធ្វើជាពលករដ៏យូរនៅប្រទេសកូរ៉េ។
លោក Shin Chang Moo អគ្គនាយកនៃធនាគារភ្នំពេញពាណិជ្ជ (PPCBank) បានបញ្ជាក់ថា ធនាគារ PPCBank ជាធនាគារដែលផ្តល់ការយកចិត្តទុកដាក់ និងតែងតែមានកម្មវិធីសំខាន់ៗជាច្រើនលើផ្នែកទទួលខុសត្រូវសង្គម ដូចជាការផ្តល់ជូននូវកម្មវិធីផ្តល់សេវាព្យាបាលភ្នែកដោយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃ ការជួយឧបត្ថម្ភក្រុមគ្រួសាររបស់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យមានឱកាសបានទៅជួបជុំគ្នាដោយផ្ទាល់នៅប្រទេសកូរ៉េ និងកម្មវិធីសង្គមជាច្រើនផ្សេងទៀត។ ការជួយឧបត្ថម្ភដល់ក្រុមគ្រួសារពលករទាំងនេះ ធ្វើឡើងដោយសារការមើលឃើញថា ពលករទាំងនោះបានចាកចេញពីផ្ទះសំបែងអស់រយៈពេលយូរមកហើយ ដែលជានិច្ចកាលតែងតែមានការនឹករឭកដល់ក្រុមគ្រួសារដែលនៅប្រទេសកម្ពុជា និងម្យ៉ាងទៀតធនាគារ PPCBank អាចរីកចម្រើនបានរហូតមកដល់បច្ចុប្បន្ននេះ ក៏ដោយសារតែការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់រូបដែរ ហេតុនេះការឧបត្ថម្ភនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជាការតបស្នងចំពោះប្រជាជននៅកម្ពុជាវិញ។
លោក Shin Chang Moo បានមានប្រសាសន៍ថា៖ «ការផ្តល់ជូននូវការឧបត្ថម្ភសម្រាប់ឱ្យក្រុមគ្រួសាររបស់ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េបានទៅជួបជុំគ្នានេះ មិនផ្តោតសំខាន់តែលើអតិថិជនរបស់ធនាគារនោះទេ តែយើងផ្តោតលើចំណុចសំខាន់ៗចំនួន3 ៖ គឺទី1 យើងសិក្សាពីប្រវត្តិក្រុមគ្រួសាររបស់គាត់។ ទី2 យើងពិនិត្យមើលពីស្ថានភាពគ្រួសាររបស់គាត់។ ប្រសិនបើគ្រួសាររបស់គាត់លំបាកខ្លាំង យើងនឹងផ្តល់អាទិភាពដល់ពួកគាត់ដើម្បីមានលទ្ធភាពបានទៅលេងជួបជុំគ្នា និងទី3 គឺពិនិត្យមើលប្រវត្តិរបស់សាមីពលករនៅប្រទេសកូរ៉េផ្ទាល់តែម្តងថា តើគាត់ជាមនុស្សល្អ បានអនុវត្តល្អ និងជួយសង្គមបានល្អ ឬយ៉ាងណាដែរ?»។
លោកអគ្គនាយកបានបន្ថែមទៀតថា នេះជាលើកទី3 ហើយដែលធនាគារ PPCBank បានសហការជាមួយធនាគារ ឈុនប៊ុក (JeonBuk Bank) ផ្តល់ជូននូវការជួយឧបត្ថម្ភបែបនេះ ដោយការចំណាយទាំងអស់ គឺជាការរ៉ាប់រងរបស់ធនាគារទាំង2។ ដំណើរទៅជួបជុំគ្រួសារលើកនេះមានរយៈពេលប្រមាណ 5ថ្ងៃ ដោយគាត់ចាប់ផ្តើមចេញទៅកូរ៉េនៅថ្ងៃទី23 ហើយត្រឡប់មកវិញនៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ2019។ លោកបានបញ្ជាក់ផងដែរថា ការស្នើសុំទិដ្ឋាការទៅប្រទេសកូរ៉េមានស្ថានភាពលំបាកបន្តិច ដោយសារតែក្រុមគ្រួសាររបស់ពលករមិនសូវអំណោយផល តែទោះយ៉ាងណាខាងធនាគារ PPCBank បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីជួយដល់ពួកគាត់ឱ្យទទួលបានឱកាសធ្វើដំណើរទៅប្រទេសកូរ៉េដោយជោគជ័យ។ ក្នុងការធ្វើដំណើរលើកនេះ អ្នកដែលទទួលបានការឧបត្ថម្ភមានចំនួនប្រមាណ 6នាក់ 2គ្រួសារ។
លោក Shin Chang Moo បានបញ្ជាក់ផងដែរថា ធនាគារ PPCBank នឹងបន្តជួយដល់ប្រជាជនខ្មែរលើសកម្មភាពជាច្រើនផ្សេងទៀត ដោយក្នុងនោះកម្មវិធីផ្តល់ការឧបត្ថម្ភដល់ក្រុមគ្រួសារពលករនៅប្រទេសកូរ៉េនេះ នឹងមានរៀបចំសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្តល់ឱកាសឱ្យបានកាន់តែច្រើនទៅដល់គ្រួសារពលករខ្មែរដែលមានក្តីនឹករឭកដល់សាច់ញាតិរបស់ពួកគេដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េ៕