(កោះប៉ាងគ,ម៉ាឡេស៊ី)៖ ក្នុងពេលនាំអ្នកសារព័ត៌មានកម្ពុជា៤រូប មានអ្នកសារព័ត៌មានឡារ៉ែន និងអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍, Saby និង Freshnews រួមទាំងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ទៅទស្សនានៅទីក្រុងកូឡាឡាំពួររួចមក មគ្គុទេសក៏ម៉ាឡេស៊ី ក៏បាននាំអ្នកសារព័ត៌មានទៅទស្សនាតំបន់កោះប៉ាងគ Pulau Pangkor ដែលស្ថិតនៅក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី ផងដែរ។
Pangkor គឺរមណីយដ្ឋានដ៏ល្បីល្បាញមួយផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ កោះដែលមានប្រវែង១២គីឡូម៉ែត្រ និងទទឹង៤ គីឡូម៉ែត្រ មានទីតាំងនៅឆ្នេរសមុទ្រខាងលិចនៃឧបទ្វីបម៉ាឡេស៊ីទល់មុខកំពង់ផែ Lumut នៅក្នុងរដ្ឋ Perak។ សាឡាងល្បឿនលឿនរត់រវាង Pangkor និងដីគោក។
តំបន់កោះប៉ាងគ គឺជាទីកន្លែងដីកោះដែលមានទេសសភាពស្រស់ស្អាតគួរជាទីចេតនា ដែលជាទីកន្លែងមួយទាក់ទាញភ្ញៀវទេសចរមួយដ៏សំខាន់ នៅក្នុងរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី។ វត្ថុដែលត្រូវបានគេកត់សម្គាល់ថា ជារបស់ទាក់ទាញសំខាន់ជាងគេ នៃតំបន់ទេសចរណ៍រួមមាន វប្បធម៌ចម្រុះ ការជិះទូកមើលព្រះអាទិត្យរៀបអស់ស្តង្គគត់ ទស្សនាព្រះវិហារចម្រុះសាសនា រួមមាន៖ ព្រះវិហាសាសនាហិណ្ឌូ, ព្រះវិហារឥស្លាមសាសនា ព្រះវិហារចិន រួមទាំងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
បើតាមលោក RAVI ជាមគ្គុទេសក៏ម៉ាឡេស៊ី បានឱ្យដឹងថា កាលពីអតីតកាលតំបន់កោះប៉ាងគនេះ មិនសូវមានភ្លៀវទេសចរ អញ្ជើញមកទស្សនានោះទេ គឺមានតែកូនទូកនេសាទរបស់ប្រជាជនតែប៉ុណ្ណោះ ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់កោះនេះ ឱ្យមានសោភ័ណភាពតាមបែបធម្មជាតិ ដើម្បីធ្វើយ៉ាងណាទាក់ទាញអារម្មណ៍ភ្ញៀវទេចរជាតិ និងអន្តរជាតិមកទស្សនា ជាពិសេសគឺផ្តោតសំខាន់ទៅសេវាកម្ម និងគុណភាពផងដែរ។
មគ្គទេសក៏រូបនេះ បានបន្តថា ជាមួយគ្នានេះដែរ តំបន់កោះប៉ាងគនេះ មានពពួកមច្ចាធម្មជាតិ គឺកូនត្រីអាន់ឆយវី (Unchuvy) ដែលមានរសជាតិឈ្ងុងឆ្ងាញ់។
បើតាមលោក Datuk Musa HJ, Yusof អគ្គនាយកទេសចរណ៍ម៉ាឡេស៊ី ដែលបានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រនេះ បានឱ្យដឹងថា វិស័យទេសចរណ៍ ក៏មានកំណើនផងដែរ តាមរយៈភ្ញៀវទេសចរណ៍ម្នាក់ បានចំណាយប្រាក់ ៣,១២១.៦ ringgit ឬកើនឡើង១.៩ភាគរយ ខណៈអាត្រាស្នាក់នៅរយៈពេលវែងកើតឡើងពី០.៤យប់ ដល់៦.២យប់។
លោកបានបន្តថា ភ្ញៀវទេសចរណ៍អន្តរជាតិឈរនៅលំដាប់កំពូលទាំង១០ ដែលមកទេសចរ នៅឆមាសទី១ នៃឆ្នាំ២០១៩ មានសិង្ហបុរី (៥,៣៨១,៥៦៦នាក់), ឥណ្ឌូណេស៊ី (១,៨៥៧,៨៦៤នាក់), ចិន (១,៥៥៨,៧៨២នាក់), ថៃ (៩៩០,៥៦៥នាក់), ប្រ៊ុយណេ (៦២៧,១២២នាក់), ឥណ្ឌា (៣៥៤,៤៨៦នាក់), កូរ៉េខាងត្បូង (៣២៣,៩៥២នាក់), ហ្វីលីពីន (២១០,៩៧៤នាក់), វៀតណាម (២០០,២១៤នាក់) និងជប៉ុន (១៩៦,៥៦១នាក់)ផងដែរ។
បន្ថែមពីនេះ ភ្ញៀវទេសចរមកកាន់តំបន់អាស៊ាន នៅតែបន្តក្ដោបក្ដាប់ការចែករំលែក នៃការមកដល់របស់ភ្ញៀវទេសចរមកកាន់ម៉ាឡេស៊ី ជាមួយអាត្រា៧០ភាគរយ។
ភ្ញៀវទេសចរណ៍មកពីប្រទេសចំនួន៥ ដែលចំណាយខ្ពស់ធ្វើទេសចរណ៍នៅម៉ាឡេស៊ី មានអារ៉ាប៊ីសាអូឌីត (១១,៣៧៦.៩០ ringgit), អង់គ្លេស (៥,២៤១.៥ ringgit), កាណាដា (៤,៥៩៣.១ ringgit), ចិន (៤,៥៤៦ ringgit) និងសហរដ្ឋអាមេរិក (៤,៥៣៧.៩០ ringgit)៕
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៊ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Mega Fam «It’s Summertime in Malasysia-Let’s go to the beach visit Malaysia 2020» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។ ដូច្នេះ តាមរយៈលិខិតអញ្ជើញនេះ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបែងចែកក្រុមអ្នកសារព័ត៌មានជា៣ក្រុម ដើម្បីបន្តដំណើរទស្សនកិច្ច នៅតាមគោលដៅទេសចរណ៍ធម្មជាតិ, តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ៕