ការជំរុញ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសឱ្យមានភាពរឹងមាំ ជាគន្លឹះដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងឯករាជភាពនៃវិស័យសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងសំដៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050។
ដោយមើលឃើញពីចំណុចប្រកបដោយភាពវិជ្ជមាននេះក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនផលិត និងនាំចូលគ្រឿងថែបំប៉នសម្ផស្សធំជាងគេតែមួយគត់នៅកម្ពុជា បានព្យាយាមគ្រប់លទ្ធភាពដើម្បីជំរុញការអភិវឌ្ឍម៉ាកសញ្ញាខ្លួនឯង ដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group Co., LTD បានលើកឡើងថា ការផ្តល់ឱកាស និងជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យម ឱ្យមានការអភិវឌ្ឍជាវិជ្ជមានជាចំណុចសំខាន់ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះកាលណាអាជីវកម្មខ្នាតតូច និងមធ្យមមានលទ្ធភាពពង្រីកខ្លួនបានល្អ ពួកគេនឹងអាចបង្កើតការងារជាច្រើនដល់ប្រជាជន ទាញយកផលប្រយោជន៍ទីផ្សារសម្រាប់ដោះស្រាយបញ្ហាមនុស្សក្នុងសង្គម និងធ្វើឱ្យចរន្តលុយមានសកម្មភាពជាវិជ្ជមាននៅក្នុងប្រទេស។ ស្របពេលជាមួយគ្នានេះដែរ យើងឃើញហើយថា នៅក្នុងចំណោមអាជីវកម្មដែលកំពុងមានសកម្មភាពរស់រវើកទាំងឡាយនៅកម្ពុជា វិស័យថែបំប៉នសម្ផស្សជាផ្នែកយ៉ាងសំខាន់មួយដែលកំពុងមានសម្ទុះខ្លាំង ព្រោះកំណើនសេដ្ឋកិច្ចខ្ពស់បាននាំមកនូវប្រភពចំណូលកាន់តែច្រើនសម្រាប់ប្រជាជននៅគ្រប់ទីកន្លែង។ ហេតុនេះទាំងនៅពេលបច្ចុប្បន្ន និងអនាគត មនុស្សនឹងចាប់ផ្តើមគិតគូរពីរូបសម្រស់ និងការថែរក្សាសោភណភាព ដែលធ្វើឱ្យអាជីវកម្មលើវិស័យនេះអាចរីកចម្រើនប្រកបដោយនិរន្តរភាព និងសក្តានុពលខ្ពស់ជាប់ជាប្រចាំ។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីសក្តានុពលនៃវិស័យថែបំប៉នសម្ផស្ស និងចង់ចូលរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចតាមរយៈការលើកស្ទួយសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងនាមយើងជាក្រុមហ៊ុនដែលមានរោងចក្រផលិតគ្រឿងថែបំប៉នសម្ផស្សប្រកបដោយគុណភាព និងស្តង់ដាខ្ពស់នៅប្រទេសថៃ យើងបានផ្តល់ឱកាសដល់អ្នករកស៊ីទាំងអស់ដែលមានបំណងចង់ពង្រីកអាជីវកម្ម និងបង្កើតម៉ាកសញ្ញាដោយខ្លួនឯងតាមរយៈការជួយផលិត និងផ្តល់សិទ្ធិសម្រាប់ការចែកចាយយ៉ាងទូលំទូលាយនៅកម្ពុជា»។
សហគ្រិនវ័យក្មេងប្រកបដោយសក្តានុពលខាងលើបានលើកឡើងផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD មិនត្រឹមតែអាចសម្រេចក្តីស្រមៃដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការទទួលបានផលិតផលដែលមានម៉ាកសញ្ញារបស់ខ្លួនឯងប្រកដោយគុណភាពប៉ុណ្ណោះទេ តែក្រុមហ៊ុនក៏ជួយដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្សទាំងអស់ឱ្យយល់ដឹងពីផ្លូវច្បាប់យ៉ាងលម្អិតតាមរយៈការផ្តល់សេវាពិគ្រោះពិភាក្សាផ្តល់យោបល់ផ្លូវច្បាប់ថែមទៀតផង។ ការធ្វើបែបនេះ គឺបង្ហាញពីការគិតគូរគ្រប់ជ្រុងជ្រោយដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្សទាំងអស់ ឱ្យមានសមត្ថភាពក្នុងការអភិវឌ្ឍមុខរបរប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ជាក្រុមហ៊ុនផ្តល់សិទ្ធិអាជីវកម្មដ៏ធំមួយដែលមានរោងចក្រផលិតគ្រឿងសម្អាងនៅប្រទេសថៃ និងជាក្រុមហ៊ុននាំចូលផលិតផលល្បីៗប្រកបដោយគុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា ហើយក៏ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលទទួលផលិតរាល់ ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ និងផលិតផលប្រើប្រាស់ទូទៅជាច្រើនប្រភេទទៀត ដែលមានបទពិសោធខ្ពស់ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយពីអាជីវករ និងពាណិជ្ជករកម្ពុជា និងថៃជាច្រើនស្ថាប័ន៕