ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី31 ខែសីហា ឆ្នាំ2019នេះ បានរៀបចំពិធីអបអរសាទរទិវាបុណ្យជាតិគម្រប់ខួបលើកទី ៦២។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ELDEEN HASAAINI MOHD HASHIM និងមានការចូលរួមពីធុរកិច្ចជនម៉ាឡេស៊ី និងមន្ត្រីសំខាន់ៗជាច្រើនរូបទៀតផងដែរ។
កិច្ចសា្វគមន៍ជាមួយពាក្យពេចន៍មួយឃ្លាដ៏សែនមានអត្ថន័យរបស់ឯកឧត្តមឯកអគ្គរាជទូតបានមានប្រសាសន៍ថា «ស្រឡាញ់ប្រទេសម៉ាឡេស៊ីរបស់ខ្ញុំ ប្រទេសម៉ាឡេស៊ីដ៏ស្អាតស្អំ» បានដក់ជាប់នៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនម៉ាឡេទាំងអស់គ្នាដែលរស់នៅកម្ពុជានេះ។ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងទៀតថា លោកចង់ឱ្យពលរដ្ឋម៉ាឡេស៊ីទាំងអស់នៅទីនេះបានចងចាំនូវរូបភាពល្អ និងរួមសុខទុក្ខជាមួយគ្នានៅក្នុងស្ថានទូតនេះ ព្រោះថា នៅពេលដែលបងប្អូនទាំងអស់គ្នាមានអារម្មណ៍ឯកា នឹកផ្ទះ នឹកប្រទេសម៉ាឡេស៊ី បងប្អូនអាចមកកាន់ស្ថានទូតបានគ្រប់ពេលវេលា ពោលគឺ ស្ថានទូតជាផ្ទះរបស់បងប្អូនម៉ាឡេស៊ីយើង។
ឯកឧត្តម ELDEEN HASAAINI MOHD HASHIM បានបញ្ជាក់ទៀតថា យើងសូមរម្លឹកគុណដល់ការលះបង់របស់បុព្វបុរសដែលបានធានាថាយើងអាចរៀបចំផ្លូវដើរផ្ទាល់ខ្លួន ដោយឯកភាព វិបុលភាព និងការអភិវឌ្ឍដែលគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ យើងមិនអាចអរគុណពួកគាត់គ្រប់គ្រាន់នោះទេ។ ដូច្នេះយើងជំពាក់វីរបុរសរបស់យើង ដើម្បីធានាថាសេរីភាព ស្ថិរភាព និងវឌ្ឍនភាពនៅតែបន្តមានជានិច្ច។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប្រជាជនម៉ាឡេស៊ីគ្រប់រូប។ ដូច្នេះហើយនៅពេលដែលប្រទេសរបស់យើងស្វាគមន៍យុគអភិបាលកិច្ចថ្មី ប្រធានបទសម្រាប់ការប្រារព្ធ ទិវាបុណ្យជាតិនៅក្នុងឆ្នាំនេះគឺ Sayangi Malaysiaku: Malaysia Bersih (ស្រឡាញ់ប្រទេសម៉ាឡេស៊ីរបស់ខ្ញុំ, ប្រទេសម៉ាឡេស៊ីដ៏ស្អាតស្អំ) គឺមានអត្ថន័យដ៏វិសេសវិសាលបំផុត។
ចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីបានប្រកាសថា ខ្ញុំជូនពរជនរួមជាតិជាទីស្រឡាញ់របស់ខ្ញុំ សូមជួបតែសេចក្តីសុខ និងរីកចម្រើនគ្រប់ភារកិច្ច។ យើងទាំងអស់គ្នាគឺជាកូនប្រុសស្រីរបស់ប្រទេសម៉ាឡេស៊ី។ នេះគឺជាចំណងរួបរួមដ៏រឹងមាំរបស់យើង។ សូមឲ្យយើងទាំងអស់គ្នាចងចាំជានិច្ចថា សាមគ្គីភាពគឺជាកម្លាំងមូលដ្ឋានដ៏សំខាន់របស់យើងក្នុងនាមជាប្រជាជន និងជាប្រជាជាតិមួយ។ សូមឱ្យយើងបន្តធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងភាពស្មោះត្រង់គឺជាភក្តីភាពដែលមិនអាចបំបែកបំបាក់បាន សម្រាប់ភាពរុងរឿងនៃប្រជាជាតិដ៏ជាទីស្រឡាញ់របស់យើង៕