Skip to content

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​ ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​

​(​ភ្នំពេញ​)​៖​ ​កាលពី​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​សាល​ប្រជុំ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​មានការ​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២១​ ​ដល់​ថ្ងៃទី២២​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​សហការ​ជាមួយ​អង្គការ​ខេម​សេ​ហ្វ​ ​(​CaMSafe​)​ ​ក្រោម​ជំនួយ​បច្ចេកទេស​និង​ថវិកា​ពី​ស្ថាប័ន​ ​APIWSA​ ​និង​សមាជិក​ដៃ​គូរ​ស្ថាប័ន​។​ ​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​ផ្ទាល់​សរុប​ចំនួន៥០រូប​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​ក្រៅពីនោះ​ក៏​មានការ​ចូលរួម​ចែករំលែក​បទពិសោធន៍​ពីសំណាក់​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ ​និង​បណ្តុះបណ្តាល​ដែល​ ​មានបទពិសោធន៍​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ឆ្នាំ​ផង​ដែរ​។​

​ក្នុង​ពិធី​បើក​វគ្គ​មាន​វត្តមាន​របស់​ ​លោក​ឧត្ដមសេនីយ៍​ទោ​ ​ទិត្យ​ ​ណា​រ៉ុង​ ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ​លោក​វរសេនីយ៍ឯក​ថី​ ​វិសាល​ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​លោក​កែវ​ ​ម៉ា​និ​ត​ ​តំណាង​របស់​អង្គការ​ ​CaMSafe​ ​និង​អ្នកនាង​ ​អូ​លីវ្​យែរ​ ​វាយ​ឌែន​ ​តំណាង​របស់APIWSA​ ​ព្រមទាំង​មន្ត្រី​ជាច្រើន​រូប​ទៀត​។​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ ​លោកស្នងការ​ខេត្ត​ ​ក៏បាន​អំណរ​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ជាពិសេស​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ពេលនេះ​ ​ស្របតាម​តម្រូវការ​ជាក់ស្តែង​ ​និង​ភាព​ចាំបាច់​របស់​ខេត្ត​។​

​វគ្គ​បណ្តុះបណ្តាល​រយៈពេល២ថ្ងៃនេះ​មាន​គោលបំណង​៖​
​១​-​ ​បង្កើន​ចំណេះដឹង​អំពី​ទិដ្ឋភាព​ទូទៅ​ ​នៃ​ស្ថានភាព​ចរាចរណ៍​ផ្លូវ​ ​និង​ឥរិយាប​ថ​ហនិ​ភ័យ​ ​និង​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​
​២​-​ ​បង្កើន​ចំណេះដឹង​អំពី​ការ​ធ្វើ​ផែនការ​ប្រតិបត្តិ​ការ​ ​និង​វិធាន​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​លើ​ការ​រឹត​បន្តឹង​ចំពោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​
​៣​-​ ​ពង្រឹង​សមត្ថភាព​ជំនាញ​ដាក់​គោលដៅ​រឹត​បន្តឹង​ ​និង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល​ ​ប្រកប​ ​ដោយ​ប្រសិទ្ធភាព​ ​គុណភាព​ ​និង​សុវត្ថិភាព​។​
​៤​-​ ​បង្កើន​សមត្ថភាព​ដោះស្រាយ​ ​គ្រប់គ្រង​ ​និង​ធានា​សុវត្ថិភាព​គោលដៅ​ ​រឹត​បន្តឹង​ច្បាប់​ ​ក៏ដូចជា​ការអង្កេត​ ​កត់ត្រា​ ​ប្រមូល​ភស្តុតាង​ ​និង​ធ្វើ​របាយការណ៍​។​
​៥​-​ ​ផ្ដល់ឲ្យ​នគរបាល​ចរាចរណ៍​ទទួល​បាន​នូវ​ចំណេះដឹង​ ​ជំនាញ​ ​និង​សម្ភារៈ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​នៅនឹង​កន្លែង​កើតហេតុ​មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។​ ​ព្រមទាំង​
​៦​-​ ​បង្កើន​សមត្ថភាព​ជំនាញ​ដើម្បី​បណ្តុះបណ្តាល​បន្ត​ ​រួម​ជាមួយនឹង​សមត្ថភាព​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​អោយ​យល់ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​

​សូម​បញ្ជាក់​ថា​ ​អង្គការ​ ​CaMSafe​ ​ក្រោម​កិច្ច​គាំទ្រ​ពី​ស្ថាប័ន​ ​APIWSA​ ​នឹង​បន្ត​សហការ​ជាមួយ​ ​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូចគ្នា​នៅ​ខេត្ត​ព្រះសីហនុ​ ​បូករួម​ទាំង​យុទ្ធនាការ​អប​រំ​ផ្សព្វផ្សាយ​នានា​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ថី​ ​វិសាល​ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​យោង​តាម​របាយការណ៍​ ​នៅ​ឆ្នាំ២០១៨​ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​ផ្លូវ​មាន​ចំនួន​ ​៣,២៦៧​ ​លើ​ ​៣,៥៣១ករណី​សរុប​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​។​ ​ដោយឡែក​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ២០១៩នេះ​ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ​២,១៧១ករណី​ ​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន១,០៣៣នាក់​ ​និង​របួស​ចំនួន៣,២២៤នាក់​។​ ​ជាមធ្យម​ ​មាន​មនុស្ស​ស្លាប់​ចំនួន៦នាក់​ ​និង​របួស​ចំនួន១៨នាក់​ក្នុង​មួយថ្ងៃ​។​ ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ​គឺ​នៅតែ​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​ ​៣៧​%​,​ ​ការ​មិន​គោរព​សិទ្ធ​អ​ទិ​ភាព​ ​២៤​%​,​ ​ការ​មិន​ប្រកាន់​ស្តាំ​ ​១២​%​,​ ​ការ​វ៉ា​ជែង​ ​៩​%​,​ ​ការ​បត់​ដោយ​ធ្វេ​រប្រ​ហែស​ ​៨​%​,​ ​ស្រវឹង​ ​៦​%​,​ ​កត្តា​យានយន្ត​ ​៣​%​ ​និង​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ងងុយ១​%​។​

​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១នៃ​ឆ្នាំ២០១៨​ ​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​កើនឡើង​ចំនួន​ ​១០៣នាក់​ ​ស្មើនឹង១១​%​ ​និង​ ​ចំនួន​អ្នករបួស​កើនឡើង​ចំនួន​ ​៨២៥នាក់​ ​ស្មើនឹង៣៤​%​។​
​លោក​កែវ​ ​ម៉ា​និ​ត​ ​តំណាង​របស់​អង្គការ​ ​CaMSafe​ ​ក៏បាន​លើកឡើង​ថា​ ​តាម​ការព្យាករណ៍​ ​ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ ​និង​យន្ត​នា​ការណ៍​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាក់លាក់​ទេ​ ​នោះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នឹងអាច​កើនឡើង​រហូត​ទៅដល់​ ​៣២០០នាក់​ ​នៅ​ឆ្នាំ២០២០​។​ ​ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ​កិច្ចសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ក៏ដូចជា​សកម្មភាព​អាទិភាព​នានា​ត្រូវ​បាន​អនុវត្ត​ ​បូករួម​ទាំង​ការ​ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​នគរបាល​ក្នុង​ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​ជាមួយ​និង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​សម្ភារៈ​សំ​ខាន់​ៗ​ ​គឺជា​ការ​ប្តេជ្ញា​ចូលរួម​ចំណែក​ ​ស្របតាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ឆ្នាំ២០១១​-​២០២០​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ផែន​ការ​ទស្ស​វត្ស​ន៍​អង្គការសហប្រជាជាតិ​ ​ដើម្បី​សំដៅ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ ​និង​របួស​ធ្ងន់ធ្ងរ​ឱ្យ​បាន៥០​%​៕​

Leave a Reply

Your email address will not be published. Required fields are marked *