ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិ (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) ឆ្នាំ2019 បានដំណើរការ តាមការគ្រោងទុកនាព្រឹកថ្ងៃទី22 ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ទាំងពីរនេះ នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ចំនួន200នាក់ និង 280ស្ដង់ មកពី15ប្រទេស និងតំបន់ ដូចជា ប្រទេសកម្ពុជា ចិន សាធារណរដ្ឋឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម ដើម្បីបង្ហាញនូវផលិតផលច្នៃប្រឌិតថ្មីជាច្រើន ដែលជាដំណោះស្រាយគ្រប់យ៉ាងអាចប្រើប្រាស់បានក្នុងការធ្វើពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ដ៏ធំនេះរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងផ្នែកឧស្សាហកម្មនៅកម្ពុជា ដែលបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមទាំងឧបត្ថម្ភជាផ្លូវការ ដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (TPD)។
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឡើងថ្លែងនៅក្នុងឱកាសនោះថា “ព្រឹត្តិការណ៍នេះ ជាបណ្ដុំវេទិកាពាណិជ្ជកម្មជំនួញ សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ ពិព័រណ៍ទាំងពីរនេះ បានប្រមូលផ្ដុំនូវគ្រប់ធាតុផ្សំនៃវិស័យឧស្សាហកម្មសំខាន់ៗ ដូចជា ផ្លាស្ទិក ការវេចខ្ចប់ម៉ាស៊ីន បោះពុម្ព កសិកម្ម គ្រឿងបន្លាស់រថយន្ត ឧបករណ៍ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ វិស្វកម្មថាមពល អគ្គិសនី អំពូលភ្លើង និងវាយនភ័ណ្ឌ”។
ការចូលរួមទស្សនាការតាំងពិព័រណ៍ CIMIF និង CTG អ្នកនឹងអាចរកឃើញនូវម៉ាស៊ីនឧស្សាហកម្ម ដែលមានគុណភាពខ្ពស់ជាច្រើន អាចស្វែងយល់ពីបច្ចេកទេស ការអភិវឌ្ឍនៃឧស្សាហកម្មចុងក្រោយបំផុត និងអាចសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗផងដែរ។ កម្មវិធីពិព័រណ៍ពីររួមជាគ្នានេះពិតជាផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការទទួលបានខ្សែសង្វាក់ផលិតកម្មតម្លៃពិភពលោក និងចាប់យកការអភិវឌ្ឍឧស្សាហកម្ម ដែលពឹងផ្អែកលើបច្ចេកវិទ្យា និងចំណេះដឹង។
ដោយមានវត្តមានអ្នកតាំងពិព័រណ៍នូវផលិតផលដែលមានគុណភាពខ្ពស់ជាច្រើន ទាំងអន្តរជាតិ និងក្នុងស្រុក ពាណិជ្ជករដែលជាអ្នកទស្សនា អាចស្វែងរកទីតាំងអ្នកផ្គត់ផ្គង់ល្អបំផុតនៃផលិតផល ដែលពួកគេត្រូវការបានយ៉ាងងាយស្រួល តាមរយៈបណ្ដុំវេទិកាពាណិជ្ជកម្មជំនួញមួយនេះ។
ជាមួយនឹងប្រធានបទដែលគួរឱ្យចាប់អារម្មណ៍ “ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, សិប្បកម្ម និងវិស័យឧស្សាហកម្ម” អ្នកចូលរួមអាចបំផុសគំនិតជាមួយអ្នកជំនាញ និងស្វែងរកវិធីល្អបំផុត ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត វាជួយប្រជាជនឱ្យចាប់យកមធ្យោបាយល្អបំផុត ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសនោះគឺ យីហោអន្តរជាតិល្បីៗជាច្រើននឹងបង្ហាញនូវគ្រឿងម៉ាស៊ីន និងផលិតផល ដែលមានសមត្ថភាពខ្ពស់ជាច្រើនប្រភេទ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នេះរួមមាន ប្រព័ន្ធវេចខ្ចប់ពី AAP វត្ថុធាតុដើមផ្លាស្ទិកពី Toyo Chemical ម៉ាស៊ីនចាក់បញ្ចូលផ្លាស្ទិចពី Cheso Huarong និង Hangzhou ម៉ាស៊ីនព្រីន និងវេចខ្ចប់ ដែលអាចបត់បែនបានតាមតម្រូវការពីក្រុមហ៊ុនអាឡឺម៉ង់ ផលិតគ្រឿងម៉ាស៊ីនឈានមុខគេ Windmoeller & Hoelscher បំពង់ទីបជាច្រើនប្រភេទពី Shanghai Jwell, platen IMM ពី Borch ម៉ាស៊ីនសម្ងួតធញ្ញជាតិពី Suncue បំណិតប្រេងពី Yei Shien ម៉ាស៊ីនបូមទឹក និងវ៉ាល់ ពី Li Fu និងម៉ាស៊ីនជាច្រើនទៀត។
ទាក់ទងនឹង CTG ក៏នឹងបង្ហាញពីឧបករណ៍ ផលិតផលបច្ចេកវិទ្យា ក៏ដូចជាសេវាកម្ម និងព័ត៌មានដែលទាក់ទងនឹងវាយនភ័ណ្ឌ និងការផលិតសម្លៀកបំពាក់។ ក្នុងចំណោមអ្នកតាំងពិព័រណ៍សំខាន់ៗ ពីម៉ាស៊ីនដេរមាន Jack, Hikari, Maqi, Supreme, Megasew, Worlden, Leman,Duma ម៉ាស៊ីនកាត់ និងម៉ាស៊ីនតម្រឹមពី E-Show និង Yalis ខ្សែសង្វាក់ផលិតកម្មពី Lisheng ស្លាកទំនិញពី Sato និង Sinrong ម៉ាស៊ីនលាងសម្អាតពី Jianye ម៉ាស៊ីនត្បាញពី Taining ពួកគេនឹងបង្ហាញពីបច្ចេកវិទ្យាចុងក្រោយរបស់ពួកគេ ដែលអាចអនុវត្តលើគ្រឿងវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនកាត់ដេរផ្សេងៗ។
ឯកឧត្តម ហុង ស៊ុនហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងបញ្ជាក់ថា”គោលបំណងសំខាន់នៃការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការវិនិយោគទុនបរទេសនៅកម្ពុជា ជាពិសេសការលើកស្ទួយដល់សកម្មភាពនាំចេញនាំចូល ដែលបង្កើតឱកាសដល់ឧស្សាហករ និងការធ្វើឱ្យប្រសើរឡើងនូវឱកាសធុរកិច្ចថ្មីៗ”។
គួរបញ្ជាក់ផងដែរថា ទោះបីជាមានលទ្ធផលសេដ្ឋកិច្ចរឹងមាំក៏ដោយ ក៏កម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយផងដែរ។ បញ្ហាធំបំផុត គឺកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញជាចម្បងដោយឧស្សាហកម្ម ដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលធ្វើឱ្យផលិតផលត្រូវបន្ថែមតម្លៃតិចតួច។
ដើម្បីជួយដល់ការដោះស្រាយបញ្ហានេះ CIMIF និង CTG បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីបង្កើតវេទិកាពាណិជ្ជកម្មដ៏មានអត្ថប្រយោជន៍សម្រាប់ពាណិជ្ជករក្នុងស្រុក និងអ្នកតាំងពិព័រណ៍ ដែលមានសមត្ថភាពខ្ពស់ ដោយផ្តល់ជូននូវបច្ចេកវិទ្យាចុងក្រោយរបស់ពួកគេ និងផលិតផលនៅក្នុងវិស័យឧស្សាហកម្មចម្រុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការជំរុញឧស្សាហូបនីយកម្មនៅកម្ពុជា៕