ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច បានបើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋាន ផាកកាហ្វេ សាខាទួលគោក កាលពីថ្ងៃព្រហស្បតិ៍ ទី8 ខែកក្កដា ឆ្នាំ2019។ ភោជនីយដ្ឋានដែលផ្តោតសំខាន់លើមុខម្ហូបខ្មែរ ដែលគ្មានជាតិប៊ីចេង និងគិតគូរពីសុខភាពខ្ពស់សាខាថ្មីនេះ មានទីតាំងនៅលើផ្លូវលេខ 516 កែផ្លូវលេខ317 ខណ្ឌទួលគោក រាជធានីភ្នំពេញ (អតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលធនាគារអេស៊ីលីដា)។
លោក ហេង សេងលី អគ្គនាយកគ្រប់គ្រង ផាកកាហ្វេ បានលើកឡើងថា ភោជនីយដ្ឋានផាកកាហ្វេសាខាទួលគោកនេះ ជាសាខាទី17 ហើយរបស់ផាកកាហ្វេ ដែលទីតាំងថ្មីនេះមានការរចនាបែបប្លែក អំណោយផលល្អសម្រាប់ការពិភាក្សាជំនួញ ឬការងារផ្សេងៗ ពីព្រោះគម្លាតពីតុមួយទៅតុមួយមានចម្ងាយសមរម្យមិនឱ្យអ្នកនៅតុជិតស្តាប់ការសន្ទនាបាននោះឡើយ។ ការរចនានៅក្នុងហាងមានលក្ខណៈបែបខ្មែរបុរាណ និងខ្មែរទំនើបលាយបញ្ចូលគ្នា ដើម្បីផ្តល់ភាពប្លែកដល់អតិថិជនដែលតែងតែនិយមទទួលទានអាហារនៅភោជនីយដ្ឋានផាកកាហ្វេ។
លោក ហេង សេងលី បាននិយាយថា៖ «ការកំណត់យកទីតាំងនៅទួលគោក ដោយសារតែទួលគោកជាតំបន់មានសក្តានុពលមួយក្នុងរាជធានីភ្នំពេញ ដែលប្រជាជនមានកម្រិតជីវភាពធូរធារ ហើយអតិថិជននៅតំបន់នេះក៏ជាអតិថិជនគោលដៅមួយរបស់ក្រុមហ៊ុនផងដែរ»។
លោក ហេង សេងលី បានបន្ថែមទៀតថា ក្រៅពីការយកចិត្តទុកដាក់លើអាហារគ្មានជាតិប៊ីចេង ថ្មីៗនេះផាកកាហ្វេក៏បន្ថែមផងដែរនូវការផ្តោតលើទឹកផ្លែឈើស្រស់ដែលជាអាហារដ៏ល្អសម្រាប់សុខភាពរបស់ប្រជាជនគ្រប់រូប ព្រោះវាមានសារធាតុចិញ្ចឹមខ្ពស់ និងជួយកាត់បន្ថយសារធាតុមិនល្អក្នុងរាង្គកាយជាដើម។
គួរបញ្ចាក់ផងដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ 2004 ដែលផ្តល់ជូននូវអាហារគ្មានប៊ីចេង កាហ្វេឆុងបែបបុរាណខ្មែរ និងភេសជ្ជៈល្អជំនួយសុខភាព។ ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេននបេវើរីច មានចក្ខុវិស័យដើម្បីក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1 នៅក្នុងប្រទេសកម្ពុជា ដែលបម្រើនូវអាហារដ៏សំបូរបែប ដូចជាគុយទាវ កាហ្វេ និងអាហារសម្រន់ផ្សេងៗទៀត ហើយក៏ជាកន្លែងដែលមានភាពរស់រវើក រស់រាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់ មានអនាម័យ គិតគូរដល់សុខភាប គ្មានជាតិប៊ីចេង រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ និងមានសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ៕