នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកសម្ពោធការតាំងពិព័រណ៍ថ្មីមួយដោយវិចិត្រករកម្ពុជា លោក ឈើន ចាន់នី (Channy Chhoeun) ដែលមានរយៈពេល ៣ខែ ក្នុងការចូលទស្សនាដោយសេរីទាំងភ្ញៀវជាតិ និងអន្ដរជាតិក្នុងវិចិត្រសាលសិល្បៈ។
ស្នាដៃរបស់លោកថ្មីនេះ ក្រោមចំណងជើងថា “Out of Control” ដែលធ្វើឡើងក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងពីបញ្ហាប្រឈមមួយចំនួនដែលជាហានិភ័យ ដល់ ជីវិតសត្វស្លាប និង បញ្ហាក្នុងសង្គមកម្ពុជាសព្វថ្ងៃ ដែលបញ្ហារទាំងនោះ មិនអាចគ្រប់គ្រងបាននៅឡើយ ដូចជាការសេពគ្រឿងស្រវឹង និងផ្សែងបារី សម្រាប់យុវជនដែលមិនទាន់ពេញវ័យ។ វិចិត្រកររំពឹងទុកថានេះជាឱកាសដែលអាចអប់រំមនុស្សឱ្យយល់ដឹងពីបញ្ហាទាំងនេះតាមរយៈផ្ទាំងគំនូររបស់លោក។
វិចិត្រករឆ្នើម ឈើន ចាន់នី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកមានសេចក្តីត្រេកអរដែលនាថ្ងៃបើកសម្ភោធការដាក់តាំងនេះ មានការចូលរួមយ៉ាងច្រើន ជាពិសេសលោកក៏បានអរគុណដល់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដែលបានសហការផ្តល់ជាទីតាំងក្នុងការរៀបចំដាក់តាំងបង្ហាញស្នាដៃដ៏ល្អៗរបស់លោកសម្រាប់បងប្អូនប្រជាជនកម្ពុជា និងបរទេសបានទស្សនាផងដែរ។ លោកបន្ដថា ស្នាដៃគំនូររបស់លោកទាំងអស់មានចំនួន ១៤ ផ្ទាំងបានដាក់តាំងនេះគឺ សុទ្ធតែបានបង្កប់ន័យអប់រំពីបញ្ហាសង្គមនានាដូចជាបញ្ហាញៀនស្រា ញៀនបារី និងបញ្ហាបរិស្ថានដែលកំពុងតែប្រឈមដូចជាពូជសត្វទាំងឡាយក្នុងប្រទេសកម្ពុជាកាន់តែបាត់បង់ពូជស្ទើរអស់ ហើយសព្វថ្ងៃនេះក្មេងៗជំនាន់ក្រោយភាគច្រើនក៏លែងស្គាល់ប្រភេទសត្វទាំងនោះទៀតផង។ លោកថា កាលពីកុមារភាពលោកបានឆ្លងកាត់ជីវិតរស់នៅក្នុងព្រៃព្រឹក្សា ដូច្នោះហើយ មានសត្វស្លាបក្នុងព្រៃមួយចំនួនត្រូវមិនស្គាល់ និងស្ទើតែបាត់បង់។ លោកថា អ៊ីចឹងហើយបានជាស្នាដៃគំនូរលោក គូរពណ៌នាពីសត្វនោះ និងបានរៀបរាប់ពីឈ្មោះសត្វទៀតដោយសារតែចង់ណែនាំឱ្យអ្នកទស្សនា ឬក្មេងជំនាន់ក្រោយអាចស្គាល់ឈ្មោះពពួកសត្វទាំងឡាយនោះឡើងវិញ។ មិនតែប៉ុណ្ណោះគំនូររបស់វិចិត្រកររូបនេះ ក៏បានបង្ហាញអំពីអក្សរសិលាចារឹក និងយ័នខ្មែរផងដែរ។
សូមជម្រាបបញ្ជាក់ថា ក្រៅពីការដាក់ឱ្យទស្សនាផ្ទាំងគំនូរដោយឥតគិតថ្លៃហើយនោះ គំនូររស់រវើកទាំងអស់នោះ ក៏មានដាក់លក់ក្នុងចន្លោះតម្លៃ ១៦០០ ដុល្លារ ទៅតម្លៃខ្ពស់ថ្លៃបំផុត ៧៥០០ ដុល្លារ ទៅតាមទំហំខ្នាតរបស់គំនូរ។ ក្រៅពីដាក់តាំងបង្ហាញស្នាដៃនៅក្នុងស្រុកហើយនោះ វិចិត្ររូបនេះ ក៏ធ្លាប់មានតាំងបង្ហាញស្នាដៃខ្លួននៅលើឆាកអន្ដរជាតិដូចគ្នា ជាពិសេសកន្លងទៅបានធ្វើនៅទីក្រុងប៉ារីស។ តែនេះជាលើកដំបូងហើយ ដែលសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានផ្ដល់ទីតាំងឱ្យវិចិត្រករ ឈើន ចាន់នី តាំងបង្ហាញស្នាដៃខ្លួនជាលក្ខណៈទោល។
គួរបញ្ជាក់បន្ថែមថា លោក ចាន់នី កើតនៅឆ្នាំ 1988 និង មានស្រុកកំណើតនៅខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ដោយមានទេពកោសល្យសិល្បៈ និង ចំណាប់អារម្មណ៍យ៉ាងខ្លំាងទៅលើសត្វបក្សី ឪពុករបស់លោកបានបញ្ជូនលោកទៅ សិក្សានៅសាលាហ្វារពន្លឺសិល្បៈ ដែលបានផ្តល់ការបណ្តុះបណ្តាលដល់លោក ដោយឥតគិតថ្លៃ។ បន្ទាប់មកនៅខែវិច្ឆិកាឆ្នាំ២០១៦ លោកបានរៀបចំការតាំងពិពណ៌ទោលជាលើកដំបូងនៅខេត្តសៀមរាបដែលជាការតាំងពិព័រណ៍ដ៏ជោគជ័យមួយរបស់លោកដោយផ្ទាំងគំនូរស្ទើរតែទាំងអស់ត្រូវបានលក់ចេញជាហូរហែ៕