“កម្រងកំណាព្យ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ” ជាសៀវភៅថ្មីមួយក្បាលរបស់អ្នកនិពន្ធ អឿ ស៊ីណា ដែលបានរៀបរាប់ពីដំណើរជីវិតអ្នកនិពន្ធជួបប្រទះបទពិសោធន៍ថ្មីក្នុងឆាកជីវិត ដែលបណ្ដុះនូវផ្នត់គំនិតអប់រំឱ្យមានភាពក្លាហានខ្លាំងឡើង ការដឹងគុណូបការៈ និងភាពអំណត់តស៊ូនៅក្នុងជីវិត។ សៀវភៅដែលមានកម្រាស់ ២២៨ទំព័រ ត្រូវបានលើកស្ទួយ និងជម្រោមជ្រែងដោយលោកឧកញ៉ា គួច ម៉េងលី ធ្វើសកម្មភាពសប្បុរសធម៌ និងការចែករំលែកកម្មវិធីសិក្ខាសាលា និងកម្មវិធីផ្សេងៗទៀត។
អ្នកនិពន្ធលោក អឿ ស៊ីណា បានអះអាងថា លោកបាននិពន្ធកំណាព្យពាក្យរាយ ដែលប្របកដោយពាក្យពេជ្រកម្រងកែវ រៀបរាប់អំពីបទពិសោធន៍ ទស្សនៈខ្លីបែបអប់រំ គុណធម៌ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលមានការបូកបញ្ជូលរវាងខ្សែជីវិតពីផ្សេងគ្នាគឺ ជីវិតអ្នកនិពន្ធផ្ទាល់ និងខ្សែជីវិតលោកឧកញ៉ា គួច ម៉េងលី ដោយបានបញ្ចូលទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរមួយចំនួន ក្នុងកំឡុងពេលដែលលោកបានចុះស្រាវជ្រាវពីខ្សែជីវិតពិត ដែលលោកឧកញ៉ា គួច ម៉េងលី បានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យធ្លាក់ភ្នំដងរែកផងដែរ។ អ្នកពិពន្ធរូបនេះ បានប្រាប់ទៀតថា អស់រយៈពេល ៣ ឆ្នាំទើបលោកអាចបញ្ចប់ស្នាដៃរបស់ខ្លួនឱ្យលេចជារូបរាង និងបានដាក់តាំងបង្ហាញនេះ។ លោកថា អ្នកបានអានសៀវភៅនេះហើយ មិនត្រឹមតែបណ្ដុះចិត្តឱ្យស្រឡាញ់ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរប៉ុណ្ណោះទេ កាន់តែពិសេសគឺ បណ្ដុះចិត្តស្រឡាញ់ការសិក្សារៀនសូត្រថែមទៀតផង ព្រោះថា ស្នាដៃនូវអត្ថបទល្អៗដែលលើកទឹកចិត្តឱ្យអ្នកអានប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គលំបាក។
យ៉ាងណាមិញ លោកឧកញ៉ា គួច ម៉េងលី បានថ្លែងលើកទឹកចិត្ត និងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយថា ម្នាក់ៗត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ហើយតែងនិពន្ធបង្កើតស្នាដៃនូវអត្ថបទល្អៗ ដើម្បីឱ្យអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែររីកចម្រើន ព្រោះថាបើយើងមិនខំប្រឹងដោយខ្លួនឯងទេ សង្គមជាតិរីកចម្រើនទៅមុខមិនរួចទេ ហើយក៏គ្មានបរទេសមកប្រឹងប្រែងដើម្បីយើងដែរ ប្រសិនបើគ្មានផលប្រយោជន៍ចំពោះពួកគេនោះ ដូច្នេះកុំសង្ឃឹមបរទេសពេក ។
គួរបញ្ជាក់ផងដែរថា សៀវភៅថ្មីនេះត្រូវបានដាក់សម្ពោធជាផ្លូវការនៅទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដោយវត្តមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានពីរចំណងជើង ដែលជាស្នាដៃអ្នកនិពន្ធវ័យក្មេងពីររូប គឺលោក អឿ ស៊ីណា និងលោក ហង្ស ពណ្ណរាយ «ពេលមួយដែលខ្ញុំស្គាល់ដុកទ័រ គួច ម៉េងលី»៕