អង្គការមូលនិធិ អេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ដែលបានបង្កើតឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ចារឌីន ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ2017 បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ អគារសិក្សាបឋមសិក្សាគោកសង្កែ ស្ថិតនៅភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2019 នេះ។
លោក ភីធើ បេនិន ស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការនេះ បានលើកឡើងថា អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ បង្កើតឡើងដើម្បីអបអរសាទរ និងភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទាំង2 ហើយចូលរួមជាមួយគ្នាដើម្បីជួយកុមារកម្ពុជា ដើម្បីផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំកម្រិតមូលដ្ឋាន។ អង្គការនេះធ្វើសកម្មភាព ដោយមានការព្រមព្រៀងពីអាជ្ញាធរក្នុងវិស័យអប់រំ ដោយក្នុងដំណាក់កាលដំបូង គឺសាងសង់អគារសិក្សា។ វិសាលភាពនៃសកម្មភាពមនុស្សធម៌របស់អង្គការនេះ គឺគ្របដណ្តប់លើប្រទេសកម្ពុជាទាំងមូល ប៉ុន្តែជាដំបូង គឺផ្តោតលើតំបន់ក្រីក្រនៅឆ្ងាយដាច់ស្រយាលដែលស្ថិតនៅក្នុងខេត្តចំនួន4 គឺខេត្តឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី និងព្រះវិហារ។ អង្គការនេះមានផែនការឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាជាច្រើនក្នុង 1ឆ្នាំៗនៅតាមតំបន់នានាដែលស្ថិតនៅក្នុងភូមិសាស្រ្តគោលដៅរបស់ខ្លួន តាមលទ្ធភាពមូលនិធិរបស់ខ្លួន។ ជាអប្បបរមាអង្គការនេះ នឹងធ្វើការសាងសង់អគារសិក្សាយ៉ាងតិច2 ឬ 3 ក្នុង 1ឆ្នាំ។ អគារសិក្សានេះនឹងផ្តល់ជាអគារសិក្សាអចិន្ត្រៃយ៍ដែលនឹងអាចបង្កើនចំនួនកុមារទទួលបាននូវការអប់រំកម្រិតមូលដ្ឋាន។
លោក ភីធើ បេនិន មានប្រសាសន៍ថា៖ «អ្វីដែលសំខាន់បំផុតសម្រាប់ឪពុកម្តាយក្នុងការផ្តល់ជូនដល់កូនគឺ សេចក្តីស្រឡាញ់ និងការអប់រំល្អ។ សម្រាប់អង្គការនេះ គឺចង់ជួយឪពុកម្តាយសិស្សានុសិស្សដើម្បីផ្តល់ការអប់រំដល់កូនៗរបស់ពួកគាត់។ ការអប់រំនឹងជួយកសាង និងពង្រីកគុណភាពជីវិតរបស់ពួកគាត់ និងជួយអភិវឌ្ឍគ្រឹះធនធានមនុស្សឱ្យប្រសើរឡើង ប្រកបដោយការយកចិត្តទុកដាក់ និងនិរន្តរភាពសង្គម»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី បានលើកឡើងថា គោលដៅសំខាន់ក្នុងការបង្កើតឡើងនូវមូលនិធិដ៏មានសារៈសំខាន់នេះ គឺដើម្បីជួយដល់សិស្សនៅតំបន់ដាច់ស្រយាល ដោយក្នុងនោះយើងបានសួរទៅខាងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកំណត់ទីតាំងសម្រាប់សាងសង់ រួមទាំងប្លង់ដែលក្រសួងបានផ្តល់ជូនយ៉ាងច្បាស់លាស់ទៀតផង។
បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បាននិងកំពុងឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាចំនួន 2ខ្នង ស្របតាមប្លង់របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងរតនគិរី។ អគារសិក្សា 1ខ្នងៗមានចំនួន 5បន្ទប់ ជាមួយបន្ទប់អនាម័យដែលអាចផ្ទុកសិស្សបានយ៉ាងតិច 100នាក់៕