ភោជនីយដ្ឋាន Park Café ដែលជាអាហារដ្ឋានក្នុងស្រុក (local brand) ដ៏ល្បីល្បាញនៅកម្ពុជា បានបន្តអភិវឌ្ឍកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលថ្មីៗនេះទើបនឹងបើកដំណើរការសាខាដ៏ប្រណីតមួយបន្ថែមទៀតនៅក្នុងផ្សារសហគម The Point ទល់មុខស្ថានទូតចិន ដែលជាតំបន់កណ្តាលក្រុង និងមានសក្តានុពលខ្ពស់។
លោក ហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Park Café បានលើកឡើងថា ភោជនីយដ្ឋាន Park Café ជាអាហារដ្ឋានដែលគិតគូរខ្ពស់ពីគុណភាព សុវត្ថិភាព និងតម្លៃសម្រាប់អតិថិជនគ្រប់រូប។ សម្រាប់គ្រប់មុខម្ហូប និងអាហារ គឺត្រូវបានចំម្អិនដោយយកចិត្តទុកដាក់ មិនប្រើសារធាតុប៊ីចេង និងជ្រើសរើសយកគ្រឿងផ្សំប្រកបដោយសុវត្ថិភាពខ្ពស់។ ចំពោះតម្លៃវិញ គឺយើងផ្តោតលើលក្ខខណ្ឌសមស្របមួយសម្រាប់ប្រជាជនខ្មែរយើងគ្រប់រូប ព្រោះតម្លៃមិនខ្ពស់ជាងអាហារនៅតាមផ្ទះប៉ុន្មាននោះទេ តែអតិថិជនទាំងអស់អាចទទួលបានកន្លែងស្រស់ស្អាត បរិយាកាសល្អ និងគុណភាពល្អ។
លោក ហេង សុខលី បាននិយាយថា៖ «ចំពោះទីតាំងថ្មីរបស់ Park Café នៅផ្សារសហគម The Point នេះ យើងអភិវឌ្ឍកាន់តែមានលក្ខណៈប្លែក និងប្រសើរឡើង។ ភាពប្លែកនេះ មិនមែនប្លែកតែចំពោះគ្រប់សាខា Park Café ប៉ុណ្ណោះទេ តែប្លែកជាងភោជនីយដ្ឋានដទៃទៀតនៅកម្ពុជា»។
លោក ហេង សុខលី បានបន្ថែមទៀតថា លក្ខណៈពិសេសនៃទីតាំងថ្មីនេះ គឺ ហាងមានមានទំហំធំ ស្រលះ មិនចង្អៀត ហើយជ្រុងនីមួយៗគឺមានគំនិតរចនាពិសេសខុសគ្នាទាំងអស់។ ម្យ៉ាងវិញទៀត សម្រាប់សាខាថ្មីនេះមានលក្ខណៈប្លែកខុសពីហាងកាហ្វេមុនៗដែល Coffee Counter គឺប្រើសម្រាប់តែបុគ្គលិកធ្វើការប៉ុណ្ណោះ តែសម្រាប់សាខា The Point នេះ Coffee counter មានកន្លែងសម្រាប់អតិថិជនអាចអង្គុយបាន ដោយគាត់អាចមើលពីរបៀបធ្វើការងាររបស់បុគ្គលិក ឬទទួលអារម្មណ៍ប្លែកបន្ថែមពីលើរសជាតិអាហារដែលគាត់ចូលចិត្ត។ លើសពីនេះទៅទៀត ហាងរបស់យើងស្ថិតនៅក្នុងផ្សារសហគមដែលមានទំហំដល់ទៅជាង 400ម៉ែតការ៉េ និងស្ថិតនៅមុខគេ ជាប់មាត់ផ្លូវធំដែលអាចធ្វើឱ្យអតិថិជនងាយស្រួលកំណត់សម្គាល់ ឬចូលមកទទួលសេវាកម្មបានយ៉ាងងាយស្រួល។
ជាការរំពឹងទុកភោជនីយដ្ឋាន Park Café នឹងបន្តពង្រីកកាន់តែច្រើនទីតាំងក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើឱ្យម៉ាកសញ្ញាក្នុងស្រុកមួយនេះ កាន់តែមានសក្តានុពល ក្នុងការបម្រើអាហារបែបខ្មែរ ដែលមានប្រវត្តិដ៏យូរលង់របស់កម្ពុជា។
លោក វិសាល ជាអតិថិជនមួយរូបដែលតែងតែមកធ្វើការងារ និងជួបអតិថិជននៅក្នុងភោជនីយដ្ឋាន Park Café បានលើកឡើងថាលោកគាំទ្រភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពមួយនេះដោយសារតែទីតាំងនៅចំកណ្តាលក្រុង ជិតកន្លែងធ្វើការងាររបស់គាត់ ហើយមានចំណតធំទូលាយ ងាយស្រួលក្នុងការចេញចូល ធ្វើឱ្យលោកចំណេញពេលវេលា។ បន្ថែមពីលើនេះ អ្វីដែលលោកចាប់អារម្មណ៍គឺភោជនីដ្ឋាន Park Café មានគំនិតរចនាខុសពីហាងដទៃ ប្លែក និងមានអារម្មណ៍ល្អសម្រាប់ការធ្វើការងារ ហើយអាហារទៀតសោតក៏មានរសជាតិឆ្ងាញ់ និងមានផាសុកភាព៕