នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 គណៈអភិបាលស្រុករតនមណ្ឌល នៃខេត្តបាត់ដំបងបានប្រារព្ធពិធីសម្ពោធអគារសិក្សាថ្មីចំនួន 1ខ្នង នៅក្នុងបរិវេណសាលាបឋមសិក្សា សេកសក ដែលស្ថិតនៅក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ហ្សាន់នីជី ហាយ៉ាហ្សីដា ប្រធានក្រុមហ៊ុនគណនេយ្យ អ ស្ត្រេ ដែលជាម្ចាស់ជំនួយ និងលោក កេនជិ អូតានី ប្រធានអង្គការអភិវឌ្ឍន៍សហគមន៍ ស៊ី អឹម ស៊ី ព្រមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សជាច្រើនដែលបានចូលរួមក្នុងឱកាសនោះ។
អគារសិក្សាចំនួន 1ខ្នងនោះ មាន 4បន្ទប់ មានបំពាក់ដោយសម្ភារគ្រប់គ្រាន់ រួមជាមួយខ្លោងទ្វារសាលា និងដងទង់ជាតិថ្មី ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាអំណោយរបស់លោក ហ្សាន់នីជី ហាយ៉ាហ្សីដា ប្រធានក្រុមហ៊ុនគណនេយ្យ អ ស្ត្រេ និងសប្បុរសជនជប៉ុនមួយចំនួនទៀត តាមរយៈអង្គការអភិវឌ្ឍន៍សហគមន៍ ស៊ី អឹម ស៊ី ត្រូវបានសាងសង់រួចកាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2019 កន្លងទៅ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅក្រោយពីពិធីកាត់ខ្សែបូដោយលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងរួចមក៕