ក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបទពិសោធ និងឈរជើងយូរជាងគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន យៀកថៃ ក្នុងការលក់គម្រោងទីក្រុងរណបដ៏ធំដំបូងគេបង្អស់មួយនៅខេត្តកំពង់ចាម។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ក្រុមហ៊ុន យៀកថៃ ជាក្រុមហ៊ុនដ៏ធំមួយនិងមានសក្តានុពលមកពីប្រទេសចិន ដែលមិនត្រឹមតែមានគម្រោងនៅខេត្តកំពង់ចាមទេ តែក៏មានអគារខ្ពស់ធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ។ ការចុះអនុស្សរណៈយោគយល់គ្នាលើកនេះ សម្រាប់គម្រោងទីក្រុងរណបនៅខេត្តកំពង់ចាម គឺយើងមើលឃើញថា ខេត្តកំពង់ចាមជាខេត្តដែលមានសក្តានុពលសំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជាយើង។ ទីក្រុងរណបថ្មីនេះ នឹងជួយអភិវឌ្ឍការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងពីបែបធម្មតាមួយមកជាការរស់នៅក្នុងទីក្រុងបែបទំនើប និងទាន់សម័យ។ គម្រោងនេះ មានហេដ្ឋារចនាសម្ព័ន្ធសម្បូររបែបជាច្រើនដូចជា កន្លែងហាត់ប្រាណ សួនច្បារ សួនទឹកកម្សាន្ត ផ្សារទំនើប និងលំនៅឋានប្រកបដោយគុណភាពល្អជាមួយតម្លៃសមរម្យ។
លោកឧកញ៉ា ចេង ខេង មានប្រសាន៍ថា៖ “គម្រោងទីក្រុងរណបថ្មីនៅខេត្តកំពង់ចាមនេះស្ថិតនៅលើផ្ទៃដីជាង 50ហិកតា ដែលយើងមានប្លង់គោលសម្រាប់ការអភិវឌ្ឍរួចហើយសម្រាប់អភិវឌ្ឍទៅតាមដំណាក់កាល”។
អ្នកជំនាញផ្នែកអចលនទ្រព្យខាងលើ បានលើកឡើងថា គម្រោងនេះនឹងជួយលើកស្ទួយសក្តានុពលខេត្តកំពង់ចាមឱ្យកាន់តែខ្លាំងឡើង ព្រោះខេត្តកំពង់ចាមជាខេត្តមួយដែលមានធនធានធម្មជាតិសម្បូរបែប មានទាំងទន្លេ មានទាំងចម្ការកសិកម្ម និងធនធានជាច្រើនផ្សេងទៀតដែលផ្គត់-ផ្គង់មកកាន់រាជធានីភ្នំពេញ។ គម្រោងទីក្រុងរណបក្រោមកិច្ចសហការរវាងក្រុមហ៊ុន យៀកថៃ និងក្រុមហ៊ុន CPL នេះ ជាគម្រោងប្រកបដោយស្តង់ដាល្អដើម្បីផ្តល់ដល់អតិថិជនគ្រប់រូប។ យើងគិតគូរពីគុណភាពនៃការរស់នៅ និងការអភិវឌ្ឍរបស់ប្រជាជន ព្រោះប្រជាជនយើងមានអ្នកខ្លះគាត់អាចមានលទ្ធភាពទិញផ្នះតែម្តង ឬ2ដងតែប៉ុណ្ណោះ ហេតុនេះប្រសិនបើពួកគាត់ទិញចំគម្រោងដែលមិនមានស្តង់ដាល្អ មិនមានការគិតគូរច្បាស់លាស់គាត់នឹងប្រឈមបញ្ហាក្នុងការរស់នៅ។
លោក ឌីឡា វណ្ណដា ជំនួយការអគ្គនាយកក្រុមហ៊ុន យៀកថៃ បានថ្លែងថា មូលហេតុដែលក្រុមហ៊ុន យៀកថៃ សម្រេចចិត្តសហការជាមួយក្រុមហ៊ុនCPL ព្រោះយើងមានទំនុកចិត្តខ្ពស់លើក្រុមហ៊ុននេះដែលមានបទពិសោធច្រើន និងមានភ្នាក់ងារច្រើនក្នុងការលក់គម្រោងប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន យៀកថៃ បានវិនិយោគលើគម្រោងធំៗចំនួន 5 រួចមកហើយ ដែលគម្រោងនៅខេត្តកំពង់ចាមនេះជាគម្រោងមួយដែលធ្វើឡើងដើម្បីអភិវឌ្ឍខេត្តកំពង់ចាមដែលជាខេត្តកសិកម្មដ៏ធំមួយ ប្រជាជនមានជីវភាពធូរធារ និងមិនឆ្ងាយពីរាជធានីភ្នំពេញទៀតផង។ វាជានឹងក្លាយជាគម្រោងលំនៅឋានដែលអាចទាកទាញ ឬរំលែកប្រជាជនពីរាជធានីភ្នំពេញឱ្យទៅរស់នៅក្នុងខេត្តកំពង់ចាមបានផងដែរ ព្រោះអ្នកខ្លះគាត់ចង់ងាកទៅខេត្តកំណើតរបស់គាត់វិញ។ លោកបានបញ្ជាក់ផងដែរថា បន្ទាប់ពីខេត្តកំពង់ចាម ខេត្តគោលដៅបន្តដែលយើងមានគម្រោងទៅអភិវឌ្ឍ គឺខេត្តសៀមរាប៕