ភ្នំពេញ ថ្ងៃទី 8 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ នៅ Hard Rock Café ដើម្បីឆ្លើយតបទៅនិងព័ត៌មានផ្សេងៗពីផលិតផល Huawei។
លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា “ ប្រសិនបើ ស្មាតហ្វូនឫថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវ ចំពោះអតិថិជន។ ប្រសិនបើ បន្ទាប់ពីការត្រួតពិនិត្យ ឫការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូនឫថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូនឫថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន”
សេចក្តីថ្លែងការណ៍នេះ ហាក់បីដូចជាធ្វើឲ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូនឫថេកប្លេត Huawei។ ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង 12 ឆ្នាំមកហើយ។ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឲ្យប្រាកដថាពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានាបន្ទាប់ពីការលក់ជូនអតិថិជន។
ប្រសិនបើអ្នកឫមិត្តភក្តិរបស់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនឫថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូនឫថេបប្លេតនោះ ទៅហាងទូរសព្ទដែលអ្នកបានទិញ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួត ពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឲ្យសោះថា ស្មាតហ្វូនឫថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម៕