អ្នកតំណាងខាង Accor Hotel & Resort ដែលមានសណ្ឋាគារ និងរីសតប្រណីតៗនៅទូទាំងពិភពលោកបានរៀបចំកម្មវិធី ជួបជុំជាមួយនឹងអ្នកសារព័ត៌មានប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា និងដើម្បីធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ពីគម្រោងថ្មីៗ ដែល Accor Hotel & Resort នឹងមាននៅក្នុងប្រទេសកម្ពុជានាប៉ុន្មានឆ្នាំខាងមុខនេះ។
នៅពេលបច្ចុប្បន្ននេះ Accor Hotel & Resort មានសណ្ឋាគារប្រណីតនៅក្នុងប្រទេសកម្ពុជាចំនួន5រួចមកហើយ ដែលមានដូចជា សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា, សណ្ឋាគារ សូហ្វីតែល សៀមរាប និងសណ្ឋាគារ រ៉ាហ្វល (Raffles) ជាដើម។
នាប៉ុន្មានឆ្នាំខាងមុខ នឹងមានសណ្ឋាគារ បែប Mid-Skill ដ៏ស្រស់ស្អាតចំនួនមួយទៀត ពី Accor Hotel & Resort នៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅម្តុំបឹងកេងកង ដែលជាទីប្រជុំជនដ៏សំខាន់នៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីបម្រើជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲគ្រប់លំដាប់ថ្នាក់ជាមួយនឹងសេវាកម្មដ៏ល្អឥខ្ចោះ។ លើសពីនេះទៅទៀត Accor Hotel & Resort ក៏នៅមានគម្រោងចំនួន2ទៀត ស្ថិតនៅក្នុងទឹកដីនៃក្រុងព្រះសីហនុផងដែរ។ ជំនួបជាមួយនឹងអ្នកសារព័ត៌មានប្រចាំប្រទេសកម្ពុជាលើកនេះ គឺដើម្បីស្វែងយល់ពីតម្រូវការនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្បាស់ ដោយកិច្ចពិភាក្សានេះ បានធ្វើឡើងជាមួយនឹងពិភាក្សាគ្នាអំពីភាពរីកចម្រើន និងការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសជីវិតនៅក្នុងរាជធានីភ្នំពេញតែម្តង។
នៅក្នុងកិច្ចពិភាក្សានេះដែរ ក៏បានសបញ្ជាក់ឱ្យអ្នកសារព័ត៌មានទាំងអស់កាន់តែស្គាល់ពី Accor Hotel & Resort កាន់តែច្បាស់ និងបានដឹងពីគម្រោងនៃការជួយផ្លាស់ប្តូរមុខមាត់ឱ្យប្រទេសកម្ពុជាយើងឱ្យកាន់តែរីកចម្រើន ជាមួយនឹងគម្រោងនៃការបើកដំណើរការសណ្ឋាគារដ៏ល្អប្រណីត និងមានស្តង់ដារលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង កាន់តែសម្បូរបែបឡើង ដែលនេះគឺជាយុទ្ធសាស្ត្រដ៏ល្អក្នុងការទាក់ទាញភ្ញៀវទេសចរ និងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសឱ្យកាន់តែល្អប្រសើរឡើងផងដែរ។
គួរបញ្ជាក់ផងដែរថា Accor Hotel & Resort គឺជាក្រុមហ៊ុន ដែលពេញដោយជំនាញនៅក្នុងការគ្រប់គ្រង់ និងដំណើរការសណ្ឋាគារប្រណីតៗនៅទូទាំងពិភពលោក ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ និងមានការគាំទ្រពីសំណាក់អ្នកជំនួញ និងភ្ញៀវទេសចរពីគ្រប់តំបន់នៅទូទាំងសកលលោកជាយូរណាស់មកហើយ៕