បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតម៉ាឡេស៊ី ប្រចាំរាជធានីភ្នំពេញ បានអះអាងថា ថ្ងៃនេះគឺជាថ្ងៃផ្ដើមនៃខែ Syawal និងក្នុងឱកាសនៃការប្រារព្ធពិធី Hari Raya Aidilfitri ឬ Eid Mubarak, ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញបានរៀបចំពិធីស្រាយបួស ”Aidilfitri” នៅអាគារ Dewan Malaysia នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា ក្នុងពិធីនេះមានការចូលរួមពីជនជាតិម៉ាឡេស៊ី ដែលមានអាសយដ្ឋាននៅក្នុងរាជធានីភ្នំពេញប្រហែល ២០០នាក់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងតំណាងអ្នកការទូតជាច្រើនទៀត។
គ្រួសារនៃជនជាតិម៉ាឡេស៊ី បានជួបជុំគ្នា នៅស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ៥ ខែមិថុនា ២០១៩ នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងទៀតថា Hari Raya Aidilfitri ជាឱកាសដ៏សំខាន់មួយនៅក្នុងប្រតិបតិទិនអ៊ីស្លាម ដែលបានប្រារព្ធដោយសាសនិកអ៊ីស្លាមទូទាំងពិភពលោក។ វាជាថ្ងៃបញ្ចប់នៃខែបួស ហៅថា រ៉ាម៉ាដាន។ ក្នុងអំឡុងបុណ្យរ៉ាម៉ាដានសាសនិកអ៊ីស្លាមទូទាំងពិភពលោក ត្រូវតែតមអាហារ ក្នុងអំឡុងពេលថ្ងៃ ក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ។
សាសនិកអ៊ីស្លាមប្រើប្រតិទិនច័ន្ទគតិ ដើម្បីកំណត់ថ្ងៃសំខាន់ៗ ដូចជា Ramadan និង Syawal ដែលកើតឡើងក្នុងខែផ្សេងគ្នា ក្នុងប្រតិទិន គ្រីកូរៀន ជារៀងរាល់ឆ្នាំ។ ក្នុងខែ Syawal សាសនិកអ៊ីស្លាមភាគច្រើនបើកទ្វារផ្ទះរបស់ពួកគេ ទទួលស្វាគមន៍មនុស្សគ្រប់គ្នាដោយមិនគិតពីជាតិសាសន៍ វប្បធម៌ និងតួនាទីឡើយ ដើម្បីចូលរួមសប្បាយរីករាយទាំងអស់គ្នា។ ស្ថានទូតម៉ាឡេស៊ី ក៏បើកទ្វារទទួលស្វាគមន៍មនុស្សគ្រប់ទិសទីដោយមិនគិតពីសាសនា តួនាទី ឬប្រវត្តិឡើយ ដើម្បីពង្រឹងនូវការរួបរួមសហការ និងលើកកម្ពស់សមាហរណកម្មជាតិសាសន៍ក៏ដូចជាការយល់ដឹងអំពីបុណ្យ និងវប្បធម៌។