រាជធានីភ្នំពេញ៖ ជាមួយនឹងទឹកចិត្តស្មោះស និងអាណិតស្រឡាញ់ ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ក្នុងការជួយត្រឡប់ ដល់សហគមន៍ នៃប្រទេស ដែលខ្លួនកំពុងធ្វើអាជីវកម្ម ក្នុងតំបន់អាស៊ាន។ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិក ជាង៣០០នាក់ បានរួមគ្នារៀបចំកម្មវិធីសប្បុរសធម៌មួយ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលកុមារកំព្រាមួយ ស្ថិតក្រោមការផ្គត់ផ្គង់របស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្កើតឡើង តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់កុមារកំព្រាចំនួន៣៨នាក់ ធនាគារ CIMB បានបរិច្ចាគ និងឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា អង្ករ២តោន រទេះសម្រាប់ជនពិការ៤គ្រឿង កុំព្យូទ័រ១ឈុត ម៉ាស៊ីនដេរ១គ្រឿង កង្ហារ៥គ្រឿង កៅអីញាំបាយ៤០ តុញាំបាយ២ រួមទាំងសម្ភារៈសិក្សា និងថវិកាចំនួន ៨៦០.៥០០រៀល និង៣.៨៩០ដុល្លារផងដែរ។ ក្នុងចំណោមនោះ ការឧបត្ថម្ភមួយផ្នែកធំ គឺបានមកពីការចូលរួម និងការបរិច្ចាគ ដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ ទៅតាមលទ្ធភាពរបស់ពួកគេ។ ក្នុងនាមជាក្រុមហ៊ុនមួយ ដែលតែងតែជួយត្រឡប់ ដល់សហគមន៍ និងប្រទេស ដែលខ្លួនកំពុងប្រកបអាជីវកម្មនោះ ធនាគារ CIMB បានប្រារព្ធធ្វើកម្មវិធីទំនួលខុសត្រូវសង្គមលើកនេះ ដោយផ្តោតលើសុខមាលភាព និងអនាគតរបស់កុមារ ក្រោមពាក្យស្លោក «ធនាគារ CIMB យកចិត្តទុកដាក់ លើសុខមាលភាពកុមារ ដែលជាទំពាំងស្នងឬស្សី»។
ថ្លែងក្នុងបរិយាកាសរីករាយស្និទ្ធស្នាលនេះ លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារថ្នាក់តំបន់ឈានមុខគេមួយ ធនាគារ CIMB តែងតែយកចិត្តទុកដាក់ និងជួយត្រឡប់ ដល់សហគមន៍នានា ក្នុងប្រទេសកម្ពុជា ដែលខ្លួនកំពុងប្រកបអាជីវកម្ម តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន។ សម្រាប់លើកនេះ ធនាគារបានផ្តោតលើការយកចិត្តទុកដាក់ អំពីសុខមាលភាពកុមារ ព្រោះកុមារ គឺជាជនងាយរងគ្រោះ ហើយកុមារកំព្រា គឺកាន់តែងាយរងផលប៉ះពាល់មួយកម្រិតផងដែរ។ ដូច្នេះយើងពិតជារីករាយ ក្នុងការរួមចំណែកជួយបំពេញការខ្វះខាត និងផ្គត់ផ្គង់តាមលទ្ធភាព ដល់កុមារទាំង៤០នាក់ នៅក្នុងមណ្ឌលកុមារកំព្រា នៅទីនេះ»។
ជាងនេះទៅទៀត លោកប៊ុន យីន ក៏បានផ្តល់ជូនមតិផ្តាំផ្ញើមួយចំនួន ដល់ថ្នាក់ដឹកនាំ គួរធ្វើការជ្រើសរើសបុគ្គលិកបន្ថែមដើម្បីថែរក្សាមណ្ឌលកុមារកំព្រាខេត្តសៀមរាបនេះក្នុងការរៀនសូត្រតាមសាលានានា ប្រសើរជាងការបង្កើតថ្នាក់រៀនក្នុងមជ្ឍមណ្ឌលដែលត្រូវមានការចំណាយច្រើនជាង។ ការបន្ត និងបង្កើនការយកចិត្តទុកដាក់ ដល់កុមារទាំងអស់ ដោយផ្តោតលើការផ្ទេរចំណេះដឹង និងការអប់រំរៀនសូត្រ នឹងជួយដល់ពួកគេទទួលបានអនាគតល្អប្រសើរ ដែលអាចរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចការបំរើការងារក្នុងធនាគារ CIMB នាថ្ងៃមុខ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់បុគ្គលិកធនាគារ CIMB ទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ទាំងសម្ភារៈ និងថវិកាជាច្រើន ដែលបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងក្តីអាណិតស្រឡាញ់ ដល់កុមារទាំងអស់ ក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលសកម្មភាពនេះនឹងក្លាយទៅជាចលនាមហាជននៃបុគ្គលិកគ្រប់រូបជួយឲ្យរីកសាយភាយអំពើល្អទាំងអស់នេះ ដល់ ការជួយដល់សហគមន៍ ក៏ដូចជាមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបផ្ទាល់តែម្តង។
ស្ថិតក្នុងទឹកមុខសប្បាយរីករាយ ចំពោះមុខគណៈគ្រប់គ្រង និងបុគ្គលិក ជាង៣០០នាក់ របស់ធនាគារ CIMB លោក មឿន សុគុណ ប្រធានមណ្ឌលកុមារកំព្រាខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «តាងនាមឲ្យកុមារ និងបុគ្គលិកទាំងអស់ នៅក្នុងមណ្ឌល ខ្ញុំសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងាររបស់ធនាគារ CIMB ទាំងអស់ ដែលបានធ្វើដំណើរវែងឆ្ងាយ ដោយនាំយកសម្ភារៈបរិភោគ ថវិកា និងឧបករណ៍ប្រើប្រាស់ជាច្រើន សម្រាប់បរិច្ចាគ ដល់ពួកយើងខ្ញុំ នាថ្ងៃនេះ។ សម្ភារៈសប្បុរសធម៌ទាំងអស់នេះ ពិតជាបានរួមចំណែក ដល់ការបំពេញតម្រូវការរបស់យើងខ្ញុំ កាន់តែល្អប្រសើរ នៅក្នុងមណ្ឌលកុមារកំព្រាទាំងមូល។ តាមរយៈគម្រូ នៃការលះបង់របស់ធនាគារ CIMB នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា នឹងមានសប្បុរជនដទៃទៀតបានដឹងឮ ហើយចូលរួមជួយឧបត្ថម្ភ ដល់យើងខ្ញុំ ក៏ដូចជាសហគមន៍ផ្សេងទៀត ក្នុងប្រទេសកម្ពុជា»។
ក្នុងនាមជាអ្នកចូលរួមមួយរូប ក្នុងកម្មវិធីសប្បុរធម៌នេះ អ្នកនាង ថន សណ្តាប់ បានបង្ហាញពីមតិយោបល់របស់ខ្លួនថា៖ «ខ្ញុំពិតជារំភើបរីករាយ ដែលបានរួមចំណែក ក្នុងការងារសង្គម ជាមួយធនាគារ CIMB នាថ្ងៃនេះ។ ស្នាមញញឹមរបស់ក្មេងៗ នៅក្នុងមណ្ឌលកុមារកំព្រាគ្រប់រូប ពិតជាធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានឡើយ។ ខ្ញុំសង្ឃឹមថា ស្នាមញញឹមរបស់ពួកគេ នឹងនៅតែមានជានិច្ច។ ហើយទោះបីជាពួកគេជាកុមារងាយរងគ្រោះ និងជាកុមារកំព្រា ប៉ុន្តែពួកគេនៅតែបានទទួលការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ពីពួកយើងរាល់គ្នា។ ខ្ញុំសូមជូនពរឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង ក្នុងនាមជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិយើង»។
សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB តែងតែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ជារៀងរាល់ឆ្នាំ ទៅតាមគម្រោងផ្សេងៗគ្នា ដែលបានរួមចំណែកផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជាង៣លាននាក់ ទូទាំងតំបន់អាស៊ាន។
ស្របតាមកំណើនលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ធនាគារ CIMB បានពង្រីកសកម្មភាពសប្បុរសធម៌របស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានសារៈសំខាន់ និងចំាបាច់បំផុត សម្រាប់សហគមន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ ធនាគារ CIMB បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងចំណោមបុគ្គលិករបស់ខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB នឹងមានគម្រោងមួយចំនួនទៀត សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០១៩នេះ។