ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែតដ៍ភ្ញាក់ផ្អើលមួយនៅសាល D22 ក្នុងអគារ Phnom Penh Tower ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិសេសមួយជាមួយកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី មីន ហូ (Lee Min Ho) ស្តីពីតួនាទីជាឯកអគ្គរាជទូតផ្លូវការ (Brand Ambassador) តំណាងឲ្យស្រាបៀរអាន់ឆ័រ។
លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងដោយបញ្ជាក់ពីហេតុផលដែលស្ថិតនៅពីក្រោយកិច្ចព្រមព្រៀងនេះថា នេះគឺជាការសហការគ្នាធំពីរ គឺស្រាបៀរអាន់ឆ័រដែលជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលគេទទួលស្គាល់ថាជាស្រាបៀរដែលមានកេរ្តិ៍ឈ្មោះល្បីនៅកម្ពុជា ចំណែកលោក Lee Min Ho គឺជាតារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ និងតារាភាពយន្តដ៏ល្បីលំដាប់អន្តរជាតិ ហើយក៏មានប្រជាជនកម្ពុជាជាច្រើននាក់គាំទ្រលោកផងដែរ «យើងជឿជាក់ថា តារាភាពយន្តរូបនេះពិតជាស័ក្តិសមឥតខ្ចោះនឹងកេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនៃម៉ាកដ៏ល្បីរបស់ស្រាបៀរអាន់ឆ័រ ដែលមានន័យថា នេះជាកត្តាថ្មីមួយដែលជំរុញឲ្យមានភាពសប្បាយរីករាយ។
គាត់ពិតជាតារាភាពយន្តដ៏ល្បីម្នាក់ដែលអាចជួយឲ្យស្រាបៀរអាន់ឆ័រកាន់តែទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការរបស់យើងនឹងលើកកម្ពស់ស្រាបៀរអាន់ឆ័រឱ្យឈានទៅរកភាពជោគជ័យបានមួយកម្រិតទៀត» ។
លោក Roland Bala ក៏បានពន្យល់ផងដែរថា ប្រិយមិត្តដែលគាំទ្រស្រាបៀរ អាន់ឆ័រអាចរំពឹងថា យុទ្ធនាការអស្ចារ្យជាបន្តបន្ទាប់នឹងមានតារាភាពយន្តដ៏ល្បីរូបនេះ បង្ហាញមុខតាមរយៈកញ្ចក់ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងសកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀតតាមប្រព័ន្ធឌីជីថល។ លោកបានមានប្រសាសន៍បន្ថែមថា យុទ្ធនាការដែលមានលោកលី មីន ហូ ជាអគ្គរាជទូតតំណាងស្រាបៀរអាន់ឆ័រ នឹងកើតឡើងជាហូរហែដោយស្របតាមសកម្មភាពរបស់ស្រាបៀរអាន់ឆ័រដែលជំរុញឲ្យមានភាពសប្បាយរីករាយ ហើយយើងបានផ្តោតជាសំខាន់លើការជំរុញឲ្យប្រិយមិត្តអ្នកគាំទ្រកម្ពុជាចូលរួមតាមរូបភាពផ្សេងៗជាច្រើន។
សកម្មភាពនៅក្នុងវីដេអូឃ្លីបស្តីពីបទបង្ហាញពិសេសពីប្រទេសកូរ៉េដែលត្រូវបានចាក់ផ្សាយក្នុងសន្និសីទកាសែតនៅពេលនោះបានបង្ហាញថា លោកលី មីន ហូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីតួនាទីជាឯកអគ្គរាជទូតតំណាងឲ្យស្រាបៀរអាន់ឆ័រ ជាមួយនឹងលោកស្រី Sandrine De Cara នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។ ក្នុងកិច្ចព្រមព្រៀងនេះ លោកលី មីន ហូ បានផ្តល់បទសម្ភាសដ៏គួរឱ្យចាប់អារម្មណ៍មួយថា ក្នុងនាមជាឯកអគ្គរាជទូតតំណាងឲ្យស្រាបៀរអាន់ឆ័រ លោកពិតជាមានកិត្តិយសណាស់ដែលបានធ្វើការជាមួយស្រាបៀរអាន់ឆ័រ ពីព្រោះវាជាឱកាសដ៏ល្អមួយសម្រាប់លោកផ្សព្វផ្សាយទៅដល់អ្នកគាំទ្ររបស់លោកនៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាឯកអគ្គរាជទូតតំណាងស្រាបៀរអាន់ឆ័រ លោកនឹងមានឱកាសជាច្រើនមកទស្សនាប្រទេសកម្ពុជា និងជួបអ្នកគាំទ្ររបស់លោកទាំងអស់ព្រមទាំងទទួលបានបទពិសោធពីបរិយាកាសថ្មីៗ និងអាហារដ៏ឆ្ងាញ់របស់កម្ពុជា។ សំខាន់ជាងនេះទៀត លោកលី មីន ហូ បានកត់សម្គាល់ថា ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយប្រាសាទដ៏មហស្ចារ្យនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយលោកមានបំណងចង់ទៅទស្សនា ប្រាសាទបុរាណទាំងនោះ ដើម្បីបង្ហាញពីការគោរពរបស់លោក៕