ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានមោទនភាពជម្រាបជូនថា ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបើកសម្ពោធសាខាបាត់ដំបងរបស់ខ្លួន ដែលជាសាខាទី5 របស់ធនាគារ បន្ទាប់ពីបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួនកាលពីខែមីនា ឆ្នាំ2017 បើកសាខាទួលគោក នៅខែសីហា ឆ្នាំ2018 បើកសាខាខេត្តសៀមរាបនៅខែតុលា ឆ្នាំ2018 និងសាខាម៉ៅសេទុង នៅខែមករា ឆ្នាំ2019។
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាបាត់ដំបងបានប្រព្រឹត្តធ្វើ ឡើងកាលពីថ្ងៃពុធ ទី10 ខែមេសា ឆ្នាំ2019 ចាប់ពីម៉ោង8:30 ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងលោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា នៅអាសយដ្ឋាន ផ្ទះលេខ36 និង37 ផ្លូវលេខ1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្ដាញសាខានៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានធ្វើកំណត់សម្គាល់ថា៖ ”ការបើកទីតាំងជាច្រើននៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តសំខាន់ៗ ផ្តល់ឱកាសឱ្យយើងក្នុងការពង្រីកវិសាលភាពនៅក្នុងប្រទេស និងពង្រីកសេវាកម្មសម្រាប់អតិថិជនរបស់យើងនាពេលបច្ចុប្បន្ន និងអនាគត។ ការបើកបណ្តាញនេះគឺជាចំណែកដ៏សំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារដ៏ពេញលេញមួយ។ បន្ថែមពីលើកម្មវិធីធនាគារចល័ត (Mobile App) និងប្រព័ន្ធផ្តល់សេវាធនាគារតាមអ៊ីនធើណិត ទីតាំងថ្មីៗរបស់យើងជួយយើងក្នុងការនាំយកសេវាកម្មធនាគារកាន់តែកៀកទៅនឹងអតិថិជនរបស់យើង។ អាទិភាពរបស់យើង គឺបំពេញតម្រូវការផ្នែកធនាគារ និងការផ្តល់ប្រាក់កម្ចីតាមរយៈបណ្ដាញដែលមានទាំងអស់”។
លោក Olivier Klein នាយកប្រតិបត្តិក្រុមធនាគារ ប្រេដ គ្រុប បានមានប្រសាសន៍ថា៖ “ក្រុមធនាគារ ប្រេដ គ្រុប (BRED Group) បានដាក់យុទ្ធសាស្រ្ត ”ធនាគារគ្មានរយៈចម្ងាយ” ចាប់តាំងពីឆ្នាំ2016 តាមរយៈការដាក់ឱ្យប្រើប្រាស់នូវ ”ធនាគារមួយដែលនៅជិតអតិថិជនរបស់ខ្លួន ទាំងទីតាំងភូមិសាស្ដ្រ ក៏ដូចជាទំនាក់ទំនង ធ្វើយ៉ាងណាឱ្យទទួលបាននូវអ្វីដែលល្អបំផុតតាមដែលការខិតជិតផ្នែកឌីជីថល និងបណ្តាសាខាអាចផ្តល់ទៅបាន”។
លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏បានលើកឡើងដែរថា៖ “គោលបំណងរបស់យើងគឺការបំបាត់នូវគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូទំនាក់ទំនងដែលអាចទុកចិត្តបាន និងដែលអាចពិភាក្សាដោយសេរីជាមួយបានពីគម្រោង និងមហិច្ឆតារបស់ពួកគាត់។ អ្វីដែលសំខាន់សម្រាប់យើង គឺធ្វើយ៉ាងណាដើម្បីឱ្យយើងអាចបម្រើលោកអ្នក និងជួយលោកអ្នកឱ្យរីកចម្រើនបាន។ ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ”។
ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងបើកបណ្តាញសាខាថ្មីៗជាច្រើនទៀតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ ដូចជានៅចោមចៅ នៅខែមិថុនា នៅម្តុំផ្សារអូឡាំពិក នៅខែកញ្ញា និងនៅផ្លូវ271 ក្រុងភ្នំពេញ ឬនៅក្រុងព្រះសីហនុ នៅចុងឆ្នាំ2019។
ទិសដៅរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាចំនួន20 និងដាក់ឱ្យដំណើរការទូអេធីអឹមចំនួន100 នៅចុងឆ្នាំ2020 ខាងមុខនេះ៕
Website: https://www.bredcambodia.com