ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានរៀបចំកម្មវិធីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅការិយាល័យកណ្តាលរបស់ខ្លួន នាថ្ងៃទី០6 ខែមេសា ឆ្នាំ2019 នេះ ដើម្បីចូលរួមសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីផង រៀបចំកម្មវិធីរំឭកគុណមាតាបិតាផង និងបង្ហាញពីគំនិតចូលរួមលើកកម្ពស់ប្រពៃណីជាតិផង។
នៅក្នុងឱកាសនៃការជួបជុំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអេស៊ីលីដា បានបង្ហាញពីភាពរីករាយជាមួយនឹងទឹកចិត្តដឹងគុណអាណាព្យាបាលប្រកបដោយការគោរព និងបន្តធ្វើជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយឱ្យចេះគោរពស្រឡាញ់ និងដឹងគុណអាណាព្យាបាល-មាតាបិតា ដែលបានខិតខំប្រឹងប្រែងមើលថែទាំកូនៗតាំងពីតូចរហូតជោគជ័យ និងមានការងារល្អក្នុងស្ថាប័នប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ក្រៅពីនេះ កម្មវិធីក៏បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសមាទាននិច្ចសីល ដើម្បីអប់រំផ្លូវចិត្តឱ្យបានកាន់តែប្រសើរ ក្នុងនាមជាប្រជាជននៃប្រទេសកាន់ព្រះពុទ្ធសាសនា ឱ្យប្រព្រឹត្តតែអំពើល្អ ស្មោះត្រង់ចំពោះគ្នា និងរស់នៅក្នុងនាមជាមនុស្សដ៏មានតម្លៃប្រកបដោយសីលធម៌ខ្ពស់។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអេស៊ីលីដាទាំងអស់ ក៏បានចូលរួមលើកកម្ពស់ប្រពៃណីជាតិ តាមរយៈការស្លៀកពាក់ប្រពៃណីខ្មែរ និងការលេងល្បែងប្រជាប្រិយខ្មែរ ដែលដូនតាបន្សល់ទុកសម្រាប់ជាការកម្សាន្ត និងបន្តលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរដ៏ល្អផូរផងរបស់យើងឱ្យនៅគង់វង្សយូរអង្វែងផងដែរ។ នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះក៏មានរបៀបវារៈសំខាន់ៗជាច្រើនទៀត ដែលបង្កើតបាននូវបរិយាកាសដ៏រីករាយ និងប្រកបដោយគុណតម្លៃ៕