ក្រុមនិស្សិត និងសាស្ដ្រាចារ្យ នៅសាកលវិទ្យាល័យមួយ រៀបចំសិក្ខាសាលាស្ដីពី ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបៃតង ទៅដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តកំពង់ធំ ដើម្បីឲ្យពួកគេយល់ដឹងអំពី សារសំខាន់ នៃធនធានធម្មជាតិ ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានបៃតង និងការពារភពផែនដី។
កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនាកន្លងទៅនេះ ក្រុមនិស្សិតប្រមាណជិត១០០នាក់ នៃថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងភាសាអង់គ្លេសរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សា និងរៀបចំធ្វើសិក្ខាសាលាមួយ ក្រោមប្រធានបទ “ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបៃតង” ទៅដល់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីម កំពង់ថ្ម ដែលមានទីតាំងស្ថិត ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងពិធីជួបជុំជាមួយសិស្សវិទ្យាល័យជាស៊ីមកំពង់ថ្មនេះ លោក និត កុសល ជាតំណាងក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា បច្ចុប្បន្ននេះ រឿងបរិស្ថានបានក្លាយជាប្រធានបទមួយដ៏សំខាន់ ដែលគ្រប់ប្រទេសទាំងអស់ បានយកចិត្តទុក្ខដាក់គិតគូ ហើយពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ កំពុងតែសែ្វងដំណោះស្រាយផ្សេងៗ ដើម្បីទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងការកើនកម្តៅនៅលើភពផែនដី។ លោកបន្តថា ការប្រែប្រួលអាកាសធាតុកេីតចេញពីកត្តាតូចៗ រហូតដល់កត្តាធំៗ ដូចជាការបញ្ចេញផ្សែងពុលពីរោងចក្រទៅបរិយាកាស ឬបង្ហូរចូលទឹក ការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ហួសកម្រិត ការបាត់បង់ព្រៃឈើ ការបញ្ចេញឧស្ម័ននៅយានយន្ត ការប្រើប្រាស់ប្លាស្ទិកជាមួយ។ លោកបន្តថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួន កំពុងព្យាយាមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាស ដូចជាក្រុមហ៊ុនតូយ៉ូតា គាត់វិធានការឈប់បញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាសយ៉ាងស្រុងនៅឆ្នាំ២០៥០។ ដើម្បីចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ វាទាមទារឲ្យមានការចូលរួមពីអ្នកទាំងអស់គ្នានៅទីនេះ តាមរយៈសកម្មភាពនៃប្រើប្រាស់សម្ភារៈប្រចាំថ្ងៃ ដូចជាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការយកដបទឹកផ្ទាល់ខ្លួនមកជាមួយពេលមកសាលា ការប្រើប្រាស់ថង់បរិស្ថាន និងយកកន្ត្រាក់ទៅជាមួយពេលទៅផ្សារជាដើម។ លោកបានបន្តថា ខ្ញុំរីករាយសប្បាយនឹងវិធានការ មិនឲ្យប្រើប្រាស់កែវប្លាស្ទិកនៅទីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានៅទីនេះបន្តព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឲ្យតិចបំផុតតាមដែលអាចធ្វើបាន។ លោកបន្ថែមថា សូមអ្នកទាំងអស់គ្នា សែ្វងយល់ពីបរិស្ថានឲ្យច្រើន ហើយបើមានឪកាសគួរតែលះបង់វេលា ទៅសិក្សាស្វែងយល់ពីព្រៃឡង់ផង។
លោកលឿង លីហ្វាន់ ជានិស្សិតឆ្នាំទី៤ នៃថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង បានលើកឡើងថា ការប្រើប្រាស់ថង់ប្លាស្ទិចសព្វថ្ងៃមានការកើនឡើង គួរឲ្យកត់សំគាល់ផងដែរ នៅរយៈពេលចុងក្រោយនេះ ដែលហេតុនាំឲ្យមានការបំពុលយ៉ាងខ្លាំងដល់បរិស្ថាន។ ប្លាស្ទិចជាសារធាតុម្យ៉ាង ដែលមិនងាយរលាយក្នុងដី វាត្រូវចំណាយពេលជាមធ្យមប្រហែល ៤០០ ទៅ ៥០០ ឆ្នាំសម្រាប់ការរលាយទៅក្នុងដី។ លោកបន្តថា ក្រុងភ្នំពេញ មានសំរាមជាធម្មតា ១០០០ លានតោនដែលត្រូវបានដឹកចេញពីទីក្រុង។ លោកបានផ្តល់ជាគំនិតមួយចំនួនថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយកម្ដៅពិភពផែនដី សូមចូលរួមដាំកូនឈើឡើងវិញ ឈប់ប្រើប្រាស់នូវសម្ភារៈដែលផលិតចេញពីឈើ ឬប្លាស្ទិក បង្កើតរោងចក្រកែច្នៃសំរាម និងប្រើប្រាស់នូវមធ្យោបាយធ្វើដំណើររួមគ្នាជាដើម។
នាយកវិទ្យាល័យជាស៊ីមកំពង់ថ្ម លោក ទេព សារ៉ន មានប្រសាសន៍ថា ដោយសារតែមើលឃើញថាប្លាស្ទិក មានផលប៉ះពាល់ចំពោះបរិស្ថាន ទើបសាលាមានវិធានការ មិនអនុញ្ញាតឲ្យប្រើប្រាស់កែវប្លាស្ទិកទេ ហើយលោកបន្តថា បច្ចុប្បន្នសាលាកំពុងស្វែងរកវិធីសាស្ត្រណា ដែលជួយ និងទប់ស្កាត់ឲ្យកូនសិស្សឈប់ប្រើដបប្លាស្ទិក។
ក្រៅចែកពីចែករំលែកចំណេះដឹងអំពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏បានចែករំលែកចំណេះដឹងលើប្រធានបទផ្សេងទៀត ដូចជា ការត្រៀមខ្លួនចូលថ្នាក់ឧត្ដមសិក្សា មុខវិជ្ជាតម្រូវការទីផ្សារការងារ បទពិសោធន៍ការសិក្សានៅមហាវិទ្យាល័យជាដើម៕