ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលនិងបុគ្គលពាក់ព័ន្ធវិស័យនេះទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិដំបូងនិងធំបំផុតប្រចាំឆ្នាំ ដែលមានរយៈពេល ០៣ (បី) ថ្ងៃ។
កម្មវិធីសន្និសីទនិងពិព័ណ៌នេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគម-នាគមន៍និងព័ត៌មាន (វិទ្យាស្ថានជាតិ NIPTICT)។ កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យានិងឌីជីថលធំបំផុតនៅកម្ពុជា និងជាសមិទ្ធផលនៃការរៀបចំនិងសហការគ្នារវាងថ្នាក់ដឹកនាំនៃវិស័យសាធារណៈនិងវិស័យឯកជន ដែលប្តេជ្ញាក្នុងការបង្កើតនូវគ្រឹះឌីជីថលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។
កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ នឹងមានវត្តមានវាគ្មិនប្រកបដោយជំនាញច្បាស់លាស់ប្រមាណ ១០០ រូប, មានស្តង់តាំងពិព័ណ៍ចំនួនប្រមាណ ១៥០ ស្តង់ និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ….. រូប។
ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះដោយមានវិទ្យាស្ថានជាតិ NIPTICT, កម្មវិធីនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងដោយអន្តរក្រសួងចំនួន ០៦ ដែលរួមមាន៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations និងឧបត្ថម្ភធំដោយប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួនពីរគឺក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Viettel, និងមានក្រុមហ៊ុន Huawei Technology (Cambodia) និងក្រុមហ៊ុន CFOCN។
កម្មវិធីនេះក៏ទទួលការឧបត្ថម្ភពីក្រុមហ៊ុន Cellcard, UnionPay, TrueMoney, EZECOM, Oracle, Cisco Systems, Smart City Consortium, PPC Bank, Wing Specialized Bank, PayOn, Mobile C&C, Kilat Events និងដៃគូផ្សេងៗទៀត។
កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) នេះមានគោលដៅសម្រាប់ការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាអាទិ៍ ការបង្កើត Platform ថ្នាក់ជាតិបង្ហាញថាកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល, ទី២ ជំរុញអាជីវកម្មបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល, លើកកម្ពស់សហគ្រិនភាពនិងនវានុវត្តន៍ឌីជីថល, ទី៣ ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាអំពីនិន្នាការនិងបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា និងបញ្ហាផ្សេងៗដែលអាចត្រូវបានដោះស្រាយតាមរយៈបច្ចេកវិទ្យាឌីជីថល និងទី៤) ពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌច្បាប់និងគោលនយោបាយ និងការអប់រំដែលស្របតាមសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា និងទី៥) ផ្តល់ឱ្យសហគ្រិននិងអាជីវកម្មបង្កើតថ្មីក្នុងការអភិវឌ្ឍបណ្តាញទំនាក់ទំនងរបស់ពួកគេ និងជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុនផ្តល់មូនិធិប្រកបដោយសកត្តានុពលជាច្រើន។
ដោយមានការគាំទ្រនិងដឹកនាំច្បាស់លាស់ពីមន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ កម្មវិធី Digital Cambodia 2019 នឹងពិតជាអាចសម្រេចបាននូវគោលបំណងខាងលើ។ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបង្ហាញនូវចក្ខុវិស័យនៃកម្មវិធីនេះ ដោយផ្តោតលើការតម្រង់ទិសកម្ពុជាដើម្បីត្រៀមសម្រាប់បញ្ហាប្រឈមនិងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល។ ជាងនេះ ឯកឧត្តមបណ្ឌិត មានបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍនិងរីកចម្រើនវិស័យឌីជីថល ដែលឯកឧត្តមយល់ថាកត្តាខាងលើនេះនឹងផ្តល់ផលជាវិជ្ជមានចំពោះសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលស្គាល់និងគាំទ្រកម្មវិធី Digital Cambodia 2019 នេះតាំងពីដើមរហូតមក ហើយឯកឧត្តមគឺជាថ្នាក់ដឹកនាំកំពូលម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំកំពូលផ្សេងៗទៀតដែលបានប្តេជ្ញានិងជួយជ្រោមជ្រែងក្នុងការដឹកនាំការងារនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យល់យ៉ាងច្បាស់អំពីតម្លៃនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ បច្ចេកវិទ្យាឌីជីថលគឺជាធាតុផ្សំសំខាន់មួយឆ្ពោះទៅកាន់ភាពជោគជ័យការធ្វើពិពិធកម្មសេដ្ឋកិច្ច ពីព្រោះវានឹងបង្កើតលក្ខខណ្ឌសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច គាំទ្រអនុវិស័យផ្សេងៗ ព្រមទាំងទាក់ទាញអ្នកវិនិយោគ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំងចំពោះកម្មវិធី Digital Cambodia 2019 នេះ ដោយឯកឧត្តមទទួលស្គាល់ថា អ្នកវិនិយោគនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងបោះទុនវិនិយោគចំពោះការសន្យាជាសហគ្រិននិងគំនិតរបស់ពួក។ ក្រោមការដឹកនាំរបស់ឯកឧត្តម កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថាបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ប្រទេសអាចគាំទ្រកំណើនយ៉ាងឆាប់រហ័សនិងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យានិងឌីជីថល។
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខិតខំនិងព្យាយាមអស់កម្លាំងកាយចិត្តក្នុងការអនុវត្តផែនការនានា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា
រួមបញ្ចូលទាំងការពង្រឹងគុណភាពនិងភាពអាចទុកចិត្តបាននៃបណ្តាញនិងសេវាទូរគមនាគមន៍។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត ធានាថាក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងបណ្តាញនិងសេវាទូរគមនាគមន៍ នឹងអនុញ្ញាតឱ្យវិស័យបច្ចេកវិទ្យា
ឌីជីថលទាក់ទាញ់ទុនវិនិយោគសម្រាប់ឱកាសសម្រាប់ការវិនិយោគ និងការប្រើប្រាស់ទុនវិនិយោគប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមចូលមើលគេហទំព័ររបស់យើងនៅ www.digitalcambodia.com.kh ឬតាមទំព័រ Facebook: https://www.facebook.com/OfficialDigitalCambodia/.
អំពីកម្មវិធីឌីជីថលកម្ពុជា
កម្មវិធីធឌីជីថលកម្ពុជា 2019 នឹងនាំមកនូវគំនិតប្របកដោយនវានុវត្តន៍និងភ្លឺថ្លាបំផុតក្នុងវិស័យបច្ចេកវិទ្យាឌីជីថលមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលបីថ្ងៃ ដែលពោរពេញទៅដោយភាពជាអ្នកដឹកនាំ ភាពវៃឆ្លាត និងដំណោះស្រាយជាក់ស្តែង។ បណ្តាថ្នាក់ដឹកនាំអន្តរជាតិ អ្នកច្នៃប្រឌិតនិងអ្នកផ្តល់ទស្សនៈវិស័យពីវិស័យឯកជន រដ្ឋាភិបាល និងអ្នកស្រាវជ្រាវ នឹងមកជួបជុំគ្នាដើម្បីពិភាក្សានិងបង្ហាញនូវនិន្នាការនិងការអភិវឌ្ឍថ្មីៗក្នុងវិស័យបច្ចេកវិទ្យាឌីជីថល, ផ្តល់និងចែករំលែកទស្សនៈនិងការយល់ឃើញរបស់ពួកគេអំពីបញ្ហាប្រឈមត្រូវដោះស្រាយសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទាំងក្នុងតំបន់និងសកល។