បើយោងតាមប្រវត្តិសាស្រ្ត ក្រដាសប្រាក់“រៀល” ដំបូងរបស់ប្រទេសកម្ពុជា បានចាប់ផ្ដើមធ្វើចរាចរណ៍ពេញលេញនៅខែកញ្ញា ឆ្នាំ1955 បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីបារាំងនៅឆ្នាំ1953 ក្រោមព្រះរាជបូនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុវរ្ម័ន។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រដាសប្រាក់នៅតែចរាចរ និងជារូបិយប័ណ្ណផ្លូវការ សម្រាប់ធ្វើការទូទាត់បង់ថ្លៃទំនិញ និងសេវាកម្មសម្រាប់ប្រជាជន។ បើទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្ថានភាពជឿនលឿននៃបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រដាសប្រាក់ត្រូវបានគេរំពឹងថា នឹងត្រូវកាត់បន្ថយការប្រើប្រាស់ជាបណ្តើរៗនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ជាពិសេសក្នុងដំណាក់កាលនៃការផ្លាស់ប្តូរពីហិរញ្ញវត្ថុបែប ”ប្រពៃណី” ទៅបែប ”ឌីជីថល” ដែលបាតុភូតនេះមិនមែនកើតមានឡើងចំពោះតែប្រទេសកម្ពុជានោះទេ គឺវាបានកើតមានឡើងរួចទៅហើយចំពោះប្រទេសជាច្រើននៅក្នុងពិភពលោក។
ជាក់ស្ដែងនៅក្នុងប្រទេសវៀតណាម នៅក្នុងខែមករា ឆ្នាំ2017 ឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានចុះហត្ថលេខាលើសេចក្តីសម្រេចនៃគោលនយោបាយដើម្បីកាត់បន្ថយចំនួនប្រតិបត្តិការប្រើប្រាស់ក្រដាសប្រាក់ឱ្យនៅសល់តិចជាង 10% នៃប្រតិបត្តិការនៅលើទីផ្សារសរុបទាំងអស់នៅក្នុងឆ្នាំ2020។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា បានពង្រីកសេវាកម្មហិរញ្ញវត្ថុមូលដ្ឋានរបស់ខ្លួន ដោយរួមបញ្ចូលសេវាហិរញ្ញវត្ថុតាមបែបឌីជីថល ដែលជាផ្នែកមួយនៃគម្រោងធនាគាររបស់ពួកគេ ដើម្បីផ្ដល់ជូនអតិថិជននូវបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយប្រកបដោយភាពច្នៃប្រឌិត។ សេវាហិរញ្ញវត្ថុតាមបែបឌីជីថលដែលមានប្រជាប្រិយភាពបំផុតនោះគឺ សេវាធនាគារតាមរយៈទូរស័ព្ទចល័ត ក្នុងនោះមានសេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយពុំមានការប្រើប្រាស់ក្រដាសប្រាក់ឡើយ។
ទាក់ទងនឹងការវិវឌ្ឍនៃផ្នែកហិរញ្ញវត្ថុដែលយើងមើលឃើញជាក់ស្ដែងនេះ លោក Vincent Ling អនុប្រធានចាត់ការទូទៅនៅតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន UnionPay បានលើកឡើងថា ជាទូទៅការបោះពុម្ពក្រដាសប្រាក់ គឺការចំណាយដ៏ច្រើនមួយសម្រាប់ប្រទេស។ វាមិនត្រឹមតែត្រូវចំណាយទៅលើការបោះពុម្ពនោះទេ គឺត្រូវចំណាយទៅលើការដឹកជញ្ជូន ការគ្រប់គ្រង និងការចែកចាយក្រដាសប្រាក់ទាំងនោះឱ្យទៅដល់គោលដៅ ក៏ជាក្ដីកង្វល់មួយផងដែរ។ ជាងនេះទៅទៀត បើស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត ដែលអាចកើតមានឡើងនោះ គឺការក្លែងបន្លំក្រដាសប្រាក់។
លោកបានបន្តទៀតថា “បើប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដោយពុំចាំបាច់ប្រើប្រាស់ក្រដាសប្រាក់វិញនោះ វានឹងផ្ដល់ផលអត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ ដែលប្រទេសកម្ពុជាបាននិងកំពុងរៀបចំខ្លួនក្នុងការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួនឱ្យទៅជាសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខនេះ”។
ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការអចិន្រៃ្តយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ2019 នៅថ្ងៃទី15 ខែមករា ឆ្នាំ2019 ថា រដ្ឋាភិបាលកម្ពុជា កំពុងព្រាងគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថលដែលមានមុខងារជាផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឈរលើមូលដ្ឋាននៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មី។
លោកបានបន្តទៀតថា សេចក្ដីព្រាងគោលនយោបាយនេះ ត្រូវការពេលវេលា1 ឬ2ឆ្នាំ ដើម្បីបញ្ចប់ ហើយរំពឹងថា នឹងរួចរាល់សម្រាប់ការដាក់ឱ្យដំណើរការនៅដើមឆ្នាំ2020។
ជាការពិតណាស់ ប្រទេសកម្ពុជាក៏បានលោតផ្លោះយ៉ាងស្វាហាប់ទៅតាមភាពលូតលាស់ជាសកលនៃបច្ចេកវិទ្យា។ ចំណែកការតភ្ជាប់បណ្ដាញអ៊ីនធើណិត កាន់តែមានភាពទូលំទូលាយមានតម្លៃថោក ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ទ្រទ្រង់វិស័យផ្សេងៗទៀត ក្នុងនោះការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ (បង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬឌីជីថល) មានការកើនឡើងច្រើននៅក្នុងតំបន់ទីប្រជុំជន និងទីក្រុងធំនៃប្រទេសកម្ពុជា នេះបើតាមការឱ្យដឹងពីលោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោកបានបញ្ជាក់ថា ”ប្រជាជនកម្ពុជាពេញវ័យប្រមាណ 2.4លាននាក់ ត្រូវនឹង 24% នៃប្រជាពលរដ្ឋពេញវ័យសរុប ចំនួន 10លាននាក់ បានប្រើប្រាស់សេវាកម្មបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬឌីជីថល តាមរយៈទួរស័ព្ទដៃរបស់ខ្លួន។ ដូច្នោះបើធៀបទៅនឹង 2 ឬ3ឆ្នាំមុន ប្រជាជនកម្ពុជាមានការយល់ដឹងច្រើន និងទូលំទូលាយជាងមុន ព្រោះការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានភាពងាយស្រួល អាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនបាច់ចំណាយពេលវេលាធ្វើដំណើរទៅមក មិនចំបាច់កាន់ក្រដាសប្រាក់ និងមិនភ័យព្រួយពីការបាត់បង់ដោយប្រការណាមួយឡើយ”។
ចំណែកនៅជ្រុងម្ខាងទៀត អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងដែរថា នៅពេលដែលប្រជាជនមានការប្រើប្រាស់ ឬធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ឬឌីជីថលកាន់តែច្រើន វានឹងធ្វើឱ្យសេដ្ឋកិច្ចមានចីរភាពជាងការដែលប្រជាជនធ្វើការទូទាត់ដោយប្រើប្រាស់ក្រដាសប្រាក់ ព្រោះការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក មានភាពច្បាស់លាស់ជាង មានតម្លាភាពជាង ដូចជាការប្រមូលពន្ធ ឬការបង់ថ្លៃសេវាសាធារណៈផ្សេងៗរបស់រដ្ឋ ជាដើម”។
ទាក់ទងនឹងអនាគតនៃប្រព័ន្ធទូទាត់តាមបែបឌីជីថលនៅកម្ពុជា ត្រូវបានលោក Vincent Ling អនុប្រធានចាត់ការទូទៅនៅតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន UnionPay បញ្ជាក់ប្រាប់ថា៖ “ខ្ញុំយល់ថា ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ កាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នឹងចូលរួមចំណែកដើម្បីអាចសម្រេចបាននូវគម្រោងសេដ្ឋកិច្ចឌីជីថល នៅក្នុងឆ្នាំ2023 របស់កម្ពុជា ជាក់ជាមិនខាន”៕