ខេត្តកំពង់ស្ពឺ៖ ក្នុងការបន្តចូលរួមជំរុញវប្បធម៌អានរបស់សិស្សានុសិស្ស និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យដ៏ថ្មីសន្លាងពណ៌បៃតងមួយខ្នង ដែលបានសាងសង់ និងបំពាក់បរិក្ខារបណ្ណាល័យ ដោយប្រើមូលនិធិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូងក្នុងភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន ឯកឧត្ដម សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្ដម លី សុន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឧដុង្គ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។
ពិធីសម្ពោធសមិទ្ធផលថ្មីនេះ ក៏មានការចូលរួមផងដែរពីតំណាងមន្ទីរនានានៅខេត្តកំពង់ស្ពឺ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាជនជាច្រើនរយនាក់។
នៅក្នុងឱកាសនោះ លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងថា ប្រាសាក់ ជាគ្រឹះស្ថានឯកជនបានផ្ដួចផ្ដើមកសាងអគារបណ្ណាល័យជូនដល់សិស្សនុសិស្សនៅតាមសាលារៀនជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រាសាក់ ក៏ដូចជាការថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងបង្កើតកម្មវិធីជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំពារអតិថិជនរបស់ខ្លួនដែលជួបប្រទះ និងទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសការចូលរួមចំណែកបណ្ដុះវប្បធម៌អានតាមរយៈ «គម្រោងបណ្ណាល័យ» ។
លោកបន្តថា សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ចំការដូងនេះគឺជាអគារបណ្ណាល័យទី27ហើយ ដែលបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការក្នុងចំណោមបណ្ណាល័យទាំងអស់ 31ខ្នង។ អគារបណ្ណាល័យនេះជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។ លោកបញ្ជាក់ថា ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផង ដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូន ក្រោមកិច្ចសហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដែលបានជួយជ្រោមជ្រែងឱ្យគម្រោងនេះលេចជារូបរាងឡើង។
លោក ថន ណារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានកសាងអគារបណ្ណាល័យជាច្រើនដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅក្នុងខេត្ត ក៏ដូចជាលើកស្ទួយធនធានមនុស្សនៅកម្ពុជាផងដែរ។ នេះជាការរួមចំណែកដ៏ធំធេងដល់វិស័យអប់រំ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការដែលមិនអាចកាត់ថ្លៃនេះបាន។ លោកក៏បានសំណូមពរឱ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវដោយយកបណ្ណាល័យនេះជាមិត្ត និងជួយថែរក្សាអគារបណ្ណាល័យនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានរាប់ជំនាន់តទៅមុខ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ដោយសារម្លប់សុខសន្តិភាព និងសុវត្ថិភាពសង្គម ប្អូនៗជាសិស្សានុសិស្ស ពិតជាមានសំណាងណាស់ដែលបានទទួលការសិក្សាអប់រំបានត្រឹមត្រូវ ដោយមានសាលារៀន មានបណ្ណាល័យ និងមានសៀវភៅច្រើនសម្បូរបែបសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ក្រេបយកចំណេះដឹង។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរតាមរយៈបណ្ណាល័យនេះដើម្បីសមជាទំពាំងស្នងឫស្សី។
ថ្លែងនៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានការវិវឌ្ឍជាច្រើនដំណាក់កាលគួរឱ្យកត់សម្គាល់ និងរួមចំណែកក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការផ្ដល់កម្ចីផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនខ្មែរ ដែលជាចំណែកក្នុងការកសាងខឿនសេដ្ឋកិច្ចកម្ពុជា។ ទោះបីជាគ្រឹះស្ថានឯកជនក្ដី ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រាសាក់ក៏បានខិតខំប្រឹងប្រែងក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ ដែលជាពិសេសគឺការផ្ដោតជាអាទិភាព លើវិស័យអប់រំ។
ឯកឧត្ដមសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាការជួយកសាងបណ្ណាល័យរបស់ប្រាសាក់នៅតាមបណ្ដាខេត្តនានា គឺជាការចូលរួមដ៏សំខាន់ដោយផ្ទាល់ក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសចូលរួមចំណែក បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយសក្ដានុពលសម្រាប់ចូលរួមអភិវឌ្ឍជាតិ។ សមិទ្ធផលដ៏ល្អផូរផង់មួយនេះ ក៏បានឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏ល្អរវាងវិស័យឯកជន និងរដ្ឋផងដែរ។
ឯកឧត្ដមបានលើកឡើងទៀតថា ឯកឧត្ដមចង់ឃើញប្អូនៗដែលជាអនាគតនៃប្រទេសជាតិ មានជោគជ័យក្នុងជីវិត មានសមត្ថភាពគ្រប់គ្រាន់ មានភាពចាស់ទុំ ហើយឈានទៅទទួលខុសត្រូវជោគវាសនារបស់ប្រទេសជាតិ ។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតកម្ពុជា ដ្បិតគ្មានអ្វីសំខាន់ជាងចំណេះដឹងនោះទេ ដោយត្រូវប្រឹងប្រែងសិក្សាបន្ត ត្រូវអានសៀវភៅ ព្រោះសៀវភៅជាប្រភពនៃគំនិត និងចំណេះ សមដូចពាក្យស្លោកថា «រៀនហើយរៀនទៀត រៀនពេញមួយជីវិត»។
ឯកឧត្ដម ក៏បានណែនាំឱ្យសិស្សានុសិស្ស ត្រូវកសាងខ្លួនឱ្យមានគុណភាព សីលធម៌ គុណធម៌ មេត្តាធម៌ មានភាពជឿជាក់ ចេះជួយគ្នាទៅវិញទៅមក កុំសេពគប់ជាមួយបាបមិត្ត ឬមនុស្សអវិជ្ជមាន ដែលរំខានដល់ការកសាងសមត្ថភាពរបស់ខ្លួន។ ហើយនៅពេលប្អូនៗទទួលបានជោគជ័យ សូមជួយចែករំលែកភាពជោគជ័យរបស់ខ្លួនមកសង្គមជាតិវិញ ដូចដែលប្រាសាក់បានធ្វើនាពេលនេះ។
ជាចុងបញ្ចប់ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យមានចំណេះគ្រប់ៗគ្នា ដើម្បីជាសរសរទ្រូងប្រទេសជាតិ និងជាអ្នកដឹកនាំពេលអនាគត។
សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទី1 ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗទាំង5 នៅកម្ពុជាផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្សរ៍ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200ទីតាំង និងបានបំពាក់ម៉ាស៊ីនអេធីអឹមនៅទូទាំងប្រទេស។