ធនាគារ ប្រៃសណីយ៍កម្ពុជាបានធ្វើការប្រារព្ធពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូលើការផ្ដល់សេវាទូទាត់ និងសងប្រាក់កម្ចីពីអតិថិជនរបស់ធនាគារតាមរយៈ តារាផេ និងហ្វូណនមីក្រូហិរញ្ញវត្ថុ។កិច្ចព្រមព្រៀងភាពជាដៃគូនេះបានបង្ហាញពីជំនឿចិត្តដ៏មុតមាំរបស់ធនាគារប្រៃសណីយ៍កម្ពុជា ជាមួយគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ និងតារាផេក្នុងការធ្វើជាបណ្ដាញប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមសម្រាប់អតិថិជនទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារ។ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅសណ្ឋាគារ Dara Airport និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើនជាង 100នាក់មកពីស្ថាប័នទាំង3 ដោយមានទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំង3 និងបណ្ដាអ្នកសារព័ត៌មានផងដែរ។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ភុក រដ្ឋាជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា “DaraPayមានទស្សនវិជ្ជមានចំពោះទីផ្សារប្រទេសកម្ពុជា ហើយក្នុងឆ្នាំនេះដែរក្រុមហ៊ុនមានបំណងគ្របដណ្ដប់ទៅលើទីផ្សារសេវាទូទាត់ចល័តនៅប្រទេសកម្ពុជា។កិច្ចព្រមព្រៀងភាពជាដៃគូសហការគ្នាជាមួយធនាគារប្រៃសណីយ៏កម្ពុជា និងគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុនៅថ្ងៃនេះបង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់យើងខ្ញុំក្នុងការបើកបង្ហាញពីទស្សនវិស័យរបស់យើងខ្ញុំ។
លោក ឃូ ប៊ុន ទ្រី ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការរីកលូតលាស់នៃអាជីវកម្មរបស់ប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងទីក្រុងនានា។ ការចុះហត្ថលេខានៅថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្ដល់នូវដំណោះស្រាយនៃការទូទាត់សាច់ប្រាក់ដ៏ងាយស្រួលរហ័ស និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។”
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជាបានមានប្រសាសន៍ថា “តាមរយៈភាពជាដៃគូសហការគ្នានេះអតិថិជនរបស់យើងអាចទូទាត់សងប្រាក់កម្ចីត្រឡប់ទៅកាន់ធនាគារប្រៃសណីយ៍កម្ពុជាបានយ៉ាងងាយស្រួលតាមរយៈភ្នាក់ងារតារាផេដែលមាននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីលើនេះដែរសេវាកម្មថ្មីនេះនឹងជួយដល់អតិថិជនដែលត្រូវការទូទាត់សងប្រាក់កម្ចីក្នុងអំឡុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍”។